Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់ដែកត្រូវបុរសម្នាក់របួសធ្ងន់ ទើបអាជ្ញាធរចុះស្រាវជ្រាវ បិទ​ការដ្ឋាន​អគារ​ខុន​ដូ​៩៩៩ របស់ភរិយាលោកថោង សារ៉ាត់ គ្មាន​ច្បាប់​អនុញ្ញាត និង ឃាត់ខ្លួន​វិស្វករ​ម្នាក់​ និង​អ្នកគ្រប់គ្រង​សំណង់​ម្នាក់

spot_img

​ភ្នំពេញ​៖ អាជ្ញាធររាជធានី និងអាជ្ញាធរ​ខណ្ឌ​បឹង​កេងកង សម្រេច​បិទ​ការដ្ឋាន​អគារ​ខុន​ដូ​៩៩៩ ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង ឃាត់ខ្លួន​វិស្វករ​ម្នាក់​និង​អ្នកគ្រប់គ្រង​សំណង់​ម្នាក់ ក្រោយ​មាន​ករណី​ធ្លាក់​ដែក​ចំ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់​ខុន​ដូរ​៩៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។

ភ្លាមៗ​បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ជាក់ស្តែង ។ ជា​លទ្ធផល​ទីតាំង​សំណង់​ខុន​ដូ​៩៩៩ នេះ គឺ គ្មាន​លិខិតអនុញ្ញាត​សាងសង់​ ជា​របស់​ឈ្មោះ ទាវ ធីតា ភរិយាលោកថោង សារ៉ាត់ ជាអតីតឧកញ៉ាម្នាក់ ហើយ​ការធ្លាក់​ដែក​ត្រូវចំ​អ្នកដំណើរ​នេះ គឺ គ្មាន​កម្មករ គ្មាន​ជាង​នៅ​ធ្វើការ​នោះទេ ​

​ដូច្នេះ លោក មាន ចាន់​យ៉ា​ដា បានសម្រេច​ធ្វើការ​បិទ​ការដ្ឋាន​សំណង់​នេះ ទាំងស្រុង និង ហាម​ដាច់ខាត​មិន​ឲ្យ​មាន​កម្មករ​ស្នាក់​នៅក្នុង​ការដ្ឋាននោះទេ រង់ចាំ​មាន​លិខិតអនុញ្ញាត​ទើប​អាច​បន្ត​សាងសង់​បាន ។

ជនសង្ស័យ​ទាំង​២​នាក់ ដែលត្រូវអាជ្ញាធរ ឃាត់ខ្លួន រួមមាន ៖
១. ឈ្មោះ ម៉ី​ម៉ា រ៉ា​ឌី ភេទ ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​លេខ ៨C ផ្លូវលំ ភូមិ​គោ​ឃ្លាង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា វិស្វករ​សំណង់ និងជាអ្នកគ្រប់គ្រង ។ ​
២- ឈ្មោះ អ៊ុង សាវឿន ភេទ ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជាមេការ និងជាអ្នកគ្រប់គ្រង ។ ​

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឈិ​ត សុភាព ភេទ​ប្រុស អាយុ​៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៣F ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាអនុប្រធាន​ភូមិ​ទួល​រកា​១​។​

​វត្ថុតាង​ចាប់យក ដែក​ទីប​ជ្រុង​ចំនួន ១​ដើម ប្រវែង ២,៨០​ម៉ែត្រ ម៉ូតូ ០១​គ្រឿង​ម៉ាក អ៊ែរ​ប្លែត ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក់​លេខ 1 AP -3136 ជារបស់​ជនរងគ្រោះ មួកសុវត្ថិភាព​ចំនួន ០១ ជារបស់​ជនរងគ្រោះ ពូក ពណ៌​ទឹកក្រូច ចំនួន​០១ជារបស់​ជនរងគ្រោះ​ ។​

សមត្ថកិច្ច បានឲ្យដឹងថា ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក អ៊ែរ​ប្លែត ពណ៌​ខ្មៅ ខ្មៅ​លាយ​ទឹកក្រូច ពាក់​ផ្លាក​លេខ ភ្នំពេញ 1 AP -3136 ដឹក​ពូក​ចេញម្ដុំ​ចំការ​ដូង គោលបំណង​យកពូកទៅ​ឲ្យ​គេ នៅ​ម្ដុំ​អង់​តែ​ន​ទួលគោក ហើយពេល​ជនរងគ្រោះ ជិះ​ម៉ូតូ​មកដល់ កន្លែងកើតហេតុ​ខាងលើ ក៏មាន​ធ្លាក់​ដែក​ទីប​ជ្រុង​ចំនួន ១ ដើម ប្រវែង ២,៨០​ម៉ែត្រ ធ្លាក់​ពីលើជាន់​ទី​១៩ អគារ​ខុន​ដូ ៩៩៩ របស់លោកថោង សារ៉ាត់ ដែល​កំពុង​សាងសង់​មាន​កម្ពស់ ២២ ជាន់ ធ្លាក់​ត្រូវចំ​ក្បាល​ជនរងគ្រោះ ដែលមាន​សុវត្ថិភាព កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ជនរងគ្រោះ បែក​មួកសុវត្ថិភាព និង​ក្បាល​ហូរឈាម​ផ្នែក​ខាងស្ដាំ។ ​ជនរងគ្រោះ​ត្រូវបាន​យកទៅសង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​រុស្ស៊ី ។

​សមត្ថកិច្ចឃាត់​ជនសង្ស័យ ដែលជា​អ្នកគ្រប់គ្រងការដ្ឋាន​សំណង់​ខាងលើ ដើម្បី​ធ្វើការ​សាកសួរ នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក​ ដើម្បី​ធ្វើការ​សាកសួរ​បន្ដ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×