Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ជំនុំជម្រះ ប្រាប់​លោក​កឹម សុខា កុំ​ធ្វើ​សកម្មភាព​ហួស​ព្រំដែន ឬ​នាំ​បំពាន​លើ​កាតព្វកិច្ច នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​

spot_img

ភ្នំពេញ៖ ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ជម្រាប​មក​ជនជាប់ចោទ​ឈ្មោះ​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ករណី​អនុវត្តតាម​ខ្លឹមសារ នៃ​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​ការ​។ ក្រុមប្រឹក្សា​ជំនុំជម្រះ ក៏បាន​ក្រើនរំលឹក​លោក​កឹម សុខា ឱ្យមាន​ស្មារតី​គោរព​ឱ្យបាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បានដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ខណៈដែល ជនជាប់ចោទ​រូបនេះ​បាន​ចុះទៅ​កាន់​មូលដ្ឋាន​ជាច្រើន​កន្លែង​ដូចជា​នៅ​ខេត្តសៀមរាប​អង្គរ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជួប​អ្នកគាំទ្រ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ញើលិខិត​មួយច្បាប់​ទៅកាន់ លោក កឹម សុខា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ក្រុមប្រឹក្សា​ជំនុំជម្រះ បានទទួល​របាយការណ៍​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ទទួលបន្ទុក​តាម​ដាន និង​អនុវត្ត​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ បាន​បញ្ជាក់ថា នាពេល​ថ្មីៗ​កន្លងមកនេះ ជនជាប់ចោទ​បានធ្វើ​សកម្មភាព​មួយចំនួន ជាពិសេស​នៅតាម​បណ្ដា​ខេត្ត ឱ្យបាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រមូលផ្ដុំ ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន ក្រោមរូបភាព​ផ្សេងៗ​។ ដូច្នេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ កត់សម្គាល់​ឃើញថា សកម្មភាព​ទាំងអស់នេះ អាច​នឹង​ឈានទៅ​ហួស​ព្រំដែន ឬ​នាំទៅដល់ ការបំពាន​លើ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដែល​តម្រូវ​ដាក់​លើ​ជនជាប់ចោទ​។​

តាម​ចំណុច​២ នៃ​សេចក្ដីសម្រេច នៃ​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ និង​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ ៨៨០៤ «​គ​» ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ជាប់​កាតព្វកិច្ច​ជាក់លាក់​មួយចំនួន ជាពិសេស​ហាម​ជន​ត្រូវ​ចោទ​មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​នោះឡើយ​។​

​ដើម្បី​ធានាបាន​នូវ​ការគោរព​ចំពោះ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក៏ដូចជា​សន្តិសុខ​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនជាប់ចោទ​សម្រាប់​សវនាការ​បន្ត នាពេល​ខាងមុខនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ ធ្វើការ​ក្រើនរំលឹក ជនជាប់ចោទ ត្រូវមាន​ស្មារតី​គោរព​ឱ្យបាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ បាន​តម្រូវ​ដាក់​លើ ជនជាប់ចោទ ដូច​មាននៅ​ក្នុង​ដីកា​សម្រេច​ខាងលើនេះ ហើយ​ដែលមាន​អានុភាព​រហូតដល់​ពេល​សាលក្រម​ត្រូវបាន​ប្រកាស​ស្រប តាម​បញ្ញត្តិ​មាត្រា ៣៥២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។
​ជនជាប់ចោទ​ឈ្មោះ​កឹម សុខា ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ក្រោម​ការប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ក្រោយ​បែកធ្លាយ​វីដេអូ​មួយ ដែល​លោក​សារភាពថា លោក​អនុវត្តតាម​ការណែនាំ​ពី​បរទេស​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប៊ី​។​

​ក្រោយមក​លោក​ត្រូវបាន​តុលាការ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ដោយ​មិន​អនុញ្ញាតឱ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ CNRP មិនឱ្យ​ជួប​ជនបរទេស រួមទាំង​មិនអាច​ចាក​ចេញពី​ព្រំដែន​ផ្លូវ​ដែល​តុលាការ​បានកំណត់​។ ទោះជា​យ៉ាងនេះ​ក្តី កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែសម្រួល​លក្ខខណ្ឌ​ត្រួតពិនិត្យ​នេះ​ឡើងវិញ ដោយ​ហាមឃាត់​សកម្មភាព​មួយចំនួន​ប៉ុណ្ណោះ មានដូចជា​៖ មិន​ឱ្យចេញ​ក្រៅប្រទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​ផងដែរ​។​

​ក្រោយពេល​មានការ​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​ត្រួតពិនិត្យ​នេះ លោក​បាន​ជួប​ជាមួយនឹង​តំណាង​ទូត​ជាច្រើន ព្រមទាំង​បានធ្វើ​សកម្មភាព​ផ្សេងៗ​ច្រើនជាង​មុន​។ កាលពីពេល​ថ្មី​នេះ លោក​បាន​ចុះទៅ​កាន់​មូលដ្ឋាន ដើម្បី​ជួប​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​មួយចំនួន​។​

​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​នេះ លោក​មុត ចន្ថា បាន​បង្ហោះ​លិខិត​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ជម្រាប​មក​ជនជាប់ចោទ​ឈ្មោះ​កឹម សុខា នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ថា ផ្ញើជូន​ពួក​ពូកែ​ជេរ ប្រមាថ លាប​ពណ៌ និង​ចោទ​មួលបង្កាច់​លោក​ប្រធាន កឹម សុខា និង​មេ​ដែល​នៅក្រោយ​ពួកគេ ឬ​មេ​ដែល​សមគំនិត​បិទ​ភ្នែក​-​ត្រចៀក ក្នុង​យុទ្ធនាការ​ជេរប្រមាថ​!​។ លោក​ប្រធាន កឹម សុខា តែងតែ​គោរព​ច្បាប់ កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត​។ គាត់​យល់ដឹង​ច្បាស់​ណាស់​នូវ​អ្វីដែល​អាច ឬ​មិន​អាចធ្វើ ពេលណា​គួរ ឬ​មិនគួរ​ធ្វើ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×