ភ្នំពេញ៖ ម្សិលមិញនេះ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ គេបានប្រទះឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា Marie Crilyn បានបង្ហោះសារដ៏រំជួលចិត្ត ជាពិសេសរូបថតប៉ុន្មានសន្លឹក បង្ហាញក្មេងប្រុសស្រីតូចៗ២នាក់ជាបងប្អូននឹងគ្នា ឱបថើបធាតុឪពុកដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងពុំដឹងថាជាអ្វី ឃើញហើយស្ទើរតែទប់ទឹកភ្នែកពុំជាប់នោះទេ។
នេះបើតាមគណនីខាងលើ ដែលប្រហែលត្រូវប្អូនស្រីបង្កើត ឬជាប្អូនថ្លៃ បានសរសេររៀបរាប់បែបនេះថា៖ «“.អូនត្តីប៉ាៗទៅណា? នឹកប៉ាៗអត់? .ប៉ាៗទៅអាមេរិកបាត់ហើយ ពេលអូនធំទ្បើង ប៉ាៗមកជួបអូនវិញហើយ ហឹម. តែតាមការពិតប៉ាៗលាចាកលោកហើយ គាត់ទៅបានសុខហើយ ដោយសារតែ អាទ្បានធំៗវាបើកព្រហើន តែមិនអីទេទោះគ្មានអ្នករាប់អូន ក៏នៅមានម៉ាក់ មានបង មានអ៊ំៗជាច្រើនស្រទ្បាញ់ និងថ្នាក់ថ្នមអូន ខំរៀនណាអូន កុំឲ្យមានអ្នកដៀលទៀត”» ។
យ៉ាងណាមិញ ក្រោយពីបានឃើញសារ និងរូបភាពទាំងនេះរួច ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ដោយក្នុងនោះ អ្នកខ្លះឃើញទប់ទឹកភ្នែកអត់ជាប់ទេ ចំពោះសំណេរដ៏ចាក់ដោតអារម្មណ៍មួយនេះ៕ ដោយ៖ លឹម ហុង