Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ កងទ័ពជើងគោក​ខ្លាំង ទាល់តែ​អង្គភាព​ចំណុះ និង​សាលា​ហ្វឹកហ្វឺន​ទាំងអស់​ខ្លាំង​

spot_img

​កែប​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា កងទ័ពជើងគោក​ខ្លាំង ទាល់តែ​អង្គភាព​ចំណុះ និង​សាលា​ហ្វឹកហ្វឺន​ទាំងអស់​ខ្លាំង ដូច្នេះ​តួនាទី​មេបញ្ជាការ និង​នាយសេនាធិការ គឺជា​តួនាទី​សំខាន់​ព្រោះ​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​អង្គភាព ដែល​ទាមទារ​ឱ្យមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ទាំង​លក្ខណៈសម្បត្តិ​បុគ្គល និង​លក្ខណៈសម្បត្តិ​ជា​ក្រុម ទើប​អាចដឹកនាំ​អង្គភាព​បាន​រីកចម្រើន​។​

​ប្រសាសន៍​ដ៏​មាន​សារសំខាន់​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ជូន​នាយទាហាន តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​, ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ដ៏​ធំធេង​ជាច្រើន និង​ការរីកចម្រើន​ជា​លំដាប់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ក្នុង​រយៈកាល​ចាប់តាំងពី​កកើត​ដំបូង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ការដឹកនាំ​អង្គភាព ក៏ដូចជា​ការដឹកនាំ​ប្រទេស​ផងដែរ គឺ​យើង​មិនអាច​កសាង​អង្គភាព​ទៅមុខ ដោយ​មិន​រំលឹក​អំពី​ស្នាដៃ​របស់​អ្នក​កសាង​ពី​ជំនាន់​មុន​បានទេ វឌ្ឍនភាព​ដូច​សព្វ ថ្ងៃនេះ ក៏ដោយ​សារ​មាន​មេបញ្ជាការ នាយសេនាធិការ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់​ជំនាន់ បាន​ដឹកនាំ និង​ចូលរួម​កសាង​ជា​បណ្តើរៗ ដោយពេល​ខ្លះ​កសាង​ផង ប្រយុទ្ធ​ផង ហើយ​ពេលខ្លះ​ក៏ត្រូវ​កសាង​ក្នុងពេល​លំបាក​ខ្វះខាត​ធនធាន​ថែម ទៀត​។​ដូច្នេះ​ការផ្ទេរ​មុខតំណែង នាឱកាស​នេះ មិន​គ្រាន់តែ​ជាការ​ផ្ទេរ​មេបញ្ជាការ និង​នាយសេនាធិការ​អង្គភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ផ្ទេរ​ការទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ​ពង្រឹងកម្លាំង និង​ការកសាង​អង្គភាព​បន្ត​ទៅមុខទៀត​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​ស្ថាបនិក និង​ប្រតិបត្តិ​ករ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​សំខាន់ៗ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ពី​គ្រប់ភាគី​ទាំងអស់ ដោយ​រួមទាំង​នាយទាហាន​ជាច្រើន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ផងដែរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់មាន​ប្រសាសន៍​ហើយ​ថា លោក​ជា​ស្ថាបនិក​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការគិត ប៉ុន្តែ​នយោបាយ​នេះ មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ បើ​គ្មាន​ការចូលរួម​អនុវត្ត​ប្រកបដោយ​ភាពស្មោះត្រង់ និង​ការទុកចិត្ត​គ្នា​ពី​គ្រប់ភាគី​ជា​ប្រតិបត្តិ​ករ​ទាំងអស់​។ ដោយសារ​នយោបាយ​នេះ ខេត្ត​ប៉ៃលិន​បានប្រែក្លាយ​ពី​តំបន់​ដែល​ប្រទាញប្រទង់​គ្នា ប្រយុទ្ធ​គ្នា មកជា​តំបន់​ពោរពេញ​ដោយ​ភាពសុខសាន្ត​ដូច​សព្វថ្ងៃ​។ ទាំងនេះ គឺជា​គុណូបការៈ​មិនអាច​បំភ្លេចបាន​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​គ្រប់ភាគី ដែល​បាន​ចូលរួម​លះបង់​នៅក្នុង​ដំណាក់កាល​តាំងពី​មាន​សង្គ្រាមស៊ីវិល រហូតមកដល់​ការបញ្ចប់​សង្គ្រាម​ទទួលបាន​សន្តិភាព​ពេញលេញ ដូច​សព្វថ្ងៃនេះ​។​

ឈរលើ​គោលការណ៍​នេះ ការពិនិត្យ​ការវាយតម្លៃ​ចំពោះ​ការសម្រេច​តែងតាំង ត្រូវធ្វើឡើង​តាម​ឋានានុក្រម និង​ពិគ្រោះ​យោបល់​ល្អិតល្អន់ ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ​ជាច្រើន ដូចជា អតីតភាព​, បទពិសោធន៍​ការងារ​, ឆន្ទៈ​, ស្មារតី និង​ការខិតខំ​ប្រឹងប្រែង ក៏ដូចជា​សុខភាព និង​លទ្ធភាព​នៃ​ការ​រុញ​និរន្ត​ភាព​ការងារ ដែល​សំដៅ​ដល់​ឆន្ទៈ ពេលវេលា និង​សកម្មភាព​បន្ត​ជំរុញ​កិច្ចការ​ផ្សេងៗ​ក្នុង​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ​។

​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​សំខាន់ ព្រោះ​ជាការ​ធានា​នូវ​និរន្តរភាព​នៃ​ការដឹកនាំ​បញ្ជា តាមរយៈ​ការសហការ​គ្នា ទុកចិត្ត​គ្នា យោគយល់​គ្នា រួមគ្នា​បំពេញភារកិច្ច និង​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​ឋានានុក្រម​។ ទោះបីជា​ការដឹកនាំ​អង្គភាព​មិនអាច​ល្អឥតខ្ចោះ ប៉ុន្តែ​ត្រូវ​ដឹកនាំ​ដោយ​យក​គោលការណ៍​ច្បាប់​ជា​គោល និង​គោល​ការណ៍​​តំកល់​ផលប្រយោជន៍​អង្គ​ភាពជា​គោល​។ ជា​សមូហភាព​ខ្លាំង សាមគ្គី​ជា​កម្លាំង​រឹងមាំ ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់​ឡើយ​។

​អាទិភាព​ត្រូវ​ផ្តោតលើ​ការរៀបចំ​និរន្ត​ភាព​នៃ​ការវិវឌ្ឍ​របស់​អង្គភាព ទោះបី​ពេលខ្លះ មានការ​យឺតយ៉ាវ​បន្តិច​ក៏ដោយ​។ សំខាន់ គឺ​ការបន្ត​រីកចម្រើន​ទៅមុខ ថែរក្សា​កុំឱ្យ​ថយក្រោយ ដោយ​រួមគ្នា​ថែរក្សា​សមិទ្ធិផល​ដែលមាន និង​ពង្រឹង​ការកសាង​បន្ថែមទៀត​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​។ ផ្នែក​រឹង គឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ចាំបាច់ ហើយ​ផ្នែក​ទន់​សំដៅ​ដល់​ការរៀបចំ​ពង្រឹង​ធនធានមនុស្ស​, ការហ្វឹកហ្វឺន​, ការយកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​របស់​យោធិន និង​ការងារ​អប់រំ​ចិត្តសាស្ត្រ ក្តាប់​ឱ្យ​ជាប់​នូវ​ការវិវត្ត​នៃ​សភាពការណ៍ ការឃោសនា​ផ្សេងៗ ដើម្បី​ណែនាំ​អប់រំ​ឱ្យបាន​ជាប់​ជាប្រចាំ ជាពិសេស​ការពង្រឹង​ស្មារតី​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការការពារ​ដាច់ខាត​នូវ​បូរណភាព​ទឹកដី និង​សុខសន្តិភាព​ជាតិ​។​

​នៅ​ចំពោះមុខ​បញ្ហា​កូ​វីដ​-១៩ មកទល់ពេលនេះ សូម​អរគុណ និង​កោតសរសើរ​ដល់​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទាំងអស់ ដែល​បាន​ចាត់វិធានការ​រឹងមាំ និង​ប្រុងប្រយ័ត្ន ប៉ុន្តែ​ជាមួយនឹង​ហានិភ័យ​ដែល​នៅមាន សូម​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយ​បន្ត​អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល ក៏ដូចជា​បំផុស​ឱ្យ​យោធិន​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ថែរក្សា​សុខភាព​អនាម័យ​ផ្ទាល់ខ្លួន ហើយ​ត្រៀមលក្ខណៈ​ចូលរួម​អនុវត្ត​ផែនការ​ដែល​រាជរដ្ឋាភិបាល​អាចដាក់​ចេញ​ក្នុងករណី​ចាំបាច់​៕ ដោយ​៖​កូ​ឡាប​

spot_img
×