Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ​-​ផ្នែក​ឯកជន ដោះស្រាយ​បញ្ហា ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការនាំចេញ​-​នាំចូល​ទំនិញ ក្នុងអំឡុងពេល​វីរុស​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បើក កិច្ចប្រជុំ​ពិសេស​នៃ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន (CPPM) ក្នុង​គោលបំណង​ពិនិត្យ​និង​ដោះស្រាយ​នូវ​សំណូមពរ និង​បញ្ហា​នានា​របស់​វិស័យ​ឯកជន ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការនាំចេញ​-​នាំចូល​ទំនិញ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វីដ​-១៩ នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជា​សហប្រធាន​នៃ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​គយ​និង​រដ្ឋាករ​កម្ពុជា និង​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត គុណ ញឹម បានលើកឡើង​នូវ​សមិទ្ធផល​ការងារ​នៃ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន នាពេល​កន្លងមក ជាពិសេស​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​យន្តការ និង​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ​ជា​បន្តបន្ទាប់ ដែល​បាន​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន ដោយ​ទទួលលទ្ធផល​ជា​ផ្លែផ្កា​ល្អប្រសើរ​។

​ឯកឧត្ដម​បណ្ឌិត​សហប្រធាន​ក៏បាន​បន្ត​ជំរុញឱ្យមាន​កិច្ចពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ជាប់​ជាប្រចាំ ក្នុងន័យ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​នូវ​បញ្ហា​ដែល​កើតមានឡើង តាម​ការប្រែប្រួល​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។​

​ជាការ​ឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បាន​ថ្លែងថា​យន្តការ​ភាពជា​ដៃគូ​គយ​-​វិស័យ​ឯកជន​គឺជា​វេទិកា​សន្ទនា​ក្នុង​ភាពជា​ដៃគូ ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​ដំណោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ដោយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ និង​យោគយល់​គ្នា​ទៅវិញទៅមក​។

​អ្នកឧកញ៉ា​សហប្រធាន​ក៏បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បន្ថែម​ពី​ពេល​មួយ​ទៅ​ពេល​មួយ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​កិច្ច​ប្រជុំបាន​ដំណើរការ​ពិភាក្សា​លើ​សំណូមពរ និង​បញ្ហា​ដែល​បានលើកឡើង​ដោយ​វិស័យ​ឯកជន និង​បាន​ឯកភាពគ្នា​លើ​ដំណោះស្រាយ​តាម​បញ្ហា​នីមួយៗ ដែល​ពាក់ព័ន្ធ​នឹង (១)​ការពង្រឹង​ការអនុវត្ត​កម្រៃ​សេវាសាធារណ​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (២)​ការកាត់បន្ថយ​បន្ទុក​នានា​បន្ថែមទៀត​ចំពោះ​វិនិយោគ​វិស័យ​កាត់ដេរ​និង​វិស័យ​កសិកម្ម (៣)​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការបង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ (៤)​ការពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​នីតិវិធី​បំពេញបែបបទ​គយ​មុនពេល​ទំនិញ​មកដល់​និង​ការកែលម្អ​នីតិវិធី e-Payment (៥)​ការលើកកម្ពស់​ការយ​ល់​ដឹង​និង​ជំរុញ​ការអនុវត្ត​វិធាន​បញ្ជាក់​ជាមុន​លើ​ការងារ​ចំណាត់ថ្នាក់​ទំនិញ (៦)​ការជំរុញ​ការអនុវត្ត​យន្តការ​លើកទឹកចិត្ត​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម (៧)​ការពង្រីក​ចំនួន​សមាជិក​ក្រុម​ធុរជន​ល្អ​បំផុត​ដើម្បី​លើកទឹកចិត្ត​ដល់​ធុរជន​មាន​អនុលោមភាព​ខ្ពស់ និង (៨)​ការធ្វើ​សាមញ្ញ​កម្ម​និង​ទំនើបកម្ម​នីតិវិធី​គយ​។​

​បន្ថែម​លើ​នេះ ភាគី​ទាំងសងខាង​ក៏បាន​ឯកភាពគ្នា​ឱ្យ​ក្រុមការងារ​ជំនាញ​នីមួយៗ​បន្ត​បង្កើន​ការពិភាក្សា​ដោះស្រាយ​បញ្ហា​ដែល​នឹង​កើតឡើង​ជាយថាហេតុ ឱ្យបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព ហើយ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៨​នៃ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន នាពេល​វេលា​សមស្រប​ខាងមុខ​៕ ដោយ​៖​កូ​ឡាប​

spot_img
×