Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដា​ខ្ពស់​ចំនួន ២០​និង​ត្រូវ​បើក​នៅ​ខែក្រោយ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សាកល្បង​បើក​ដំណើរការ​ឡើងវិញ នៅ​ដំណាក់កាល​ទី​១ ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០២០ គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដា​ខ្ពស់​ចំនួន ២០ ដែលមាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង ដោយ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ​WHO​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ថ្លែងថា ដើម្បី​ឈានដល់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា សាកល្បង​បើក​ដំណើរការ ដំណាក់កាល​ទី​១ ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០២០ តាម​ស្មារតី​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៦៩៥ សជណ​.​អ​វ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ណែនាំ ត្រួតពិនិត្យ វាយតម្លៃ​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ លើ​គោលការណ៍​តម្រូវ​ដូចខាងក្រោម​៖
១. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន​ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព​) ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជាពិសេស​គ្រឹះស្ថានសិក្សា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍​សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដា​។
២. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ មុន​ដំណើរការ​សាលា​។

៣. ក្នុងករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ​មានការ​ធ្វេសប្រហែស ឬ​ល្មើ​សនឹង​អនុស្សរណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹងត្រូវ​ទទួល​ការព្រមាន និង​ឈានទៅ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​។​

៤. គ្រឹះស្ថានសិក្សា​ទាំងនេះ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាមបែប​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា​។ ៥. ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ​ស្តីពី លក្ខខណ្ឌ​តម្រូវ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា ក្នុង​បរិបទ​កូ​វីដ​ជា​មូលដ្ឋាន​គោល​សម្រាប់​ការរៀបចំ​ពិធីសារ សុវត្ថិភាព​សុខភាព​សិក្សា​របស់​គ្រឹះស្ថានសិក្សា និង​៦. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា​។ ផ្អែក​តាម​បទ​ពិ​សាធ​ន៏ និង​ការវាយតម្លៃ​ការអនុវត្ត​ដំណាក់កាល​ទី​១ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា​អាច​កំណត់​បាន នូវ​ជំហាន​បន្តបន្ទាប់​សម្រាប់​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣៕​ដោយ​៖CEN


spot_img
×