Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិលាចារឹក​ដែល​រកឃើញ​នៅ​ប្រាសាទទន្លេស្ងួត​ត្រូវបាន​ចុះ​លេខ K.1459 ក្នុង​បញ្ជី សារពើ​ភណ្ឌ​សិលាចារឹក​កម្ពុជា​

spot_img

​សៀមរាប​៖ ​សិលាចារឹក​ភាសា​ស្ត្រឹ​ត​មួយ​ផ្ទាំង មាន​អក្សរ​៥៥​បន្ទាត់ កម្ពស់​១០០​ស​.​ម​. ទទឹង ៤០​ស​.​ម​. និង​កម្រាស់ ២០​ស​.​ម ដែល​បាន​រកឃើញ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត កាលពី​ខែមិថុនា ឆ្នាំ​២០២០ ត្រូវបាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ទីប្រឹក្សា​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ បានស្នើ​សុំឱ្យ​អ្នកជំនាញ​ផ្នែក​សិលាចារឹក​ខ្មែរ​មួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែល​ភាគច្រើន​សមាជិក​ក្រុម​នេះ​ជា​អ្នក​បម្រើការ​នៅ​សាលា​បារាំង​ចុង​បូព៌ា ជួយ​ចុះបញ្ជី​សារពើ​ភណ្ឌ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​។​

​លោក ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា សិលាចារឹក​ដែល​រកឃើញ​នៅ​ប្រាសាទទន្លេស្ងួត ប្រហែលជា​សិលាចារឹក​ពុំទាន់​ចុះបញ្ជី​និង​ពុំទាន់​មាន​អ្នក​បានឃើញ​ពីមុនមក​ទេ ព្រោះ​សិលាចារឹក​នេះ​ជា​ថ្ម​ចាស់​យក​ពី​កន្លែង​ផ្សេង​មក​កសាង​ប្រាសាទទន្លេស្ងួត (​ធ្វើជា​កម្រាល​ផ្លូវ​ដើរ​) ដែល​កសាង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ដោយឡែក​បើ​ពិនិត្យ​លើ​ទម្រង់​អក្សរ​សិលាចារឹក​នេះ​វិញ យើង​សន្និដ្ឋានបានថា ពុំមែន​ជា​អក្សរ​ចារ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទេ ព្រោះ​អក្សរ​មាន​រាង​មូល​ខុសពី​អក្សរ​ក្នុង​រាជ្យ​ព្រះអង្គរ​ដែល​ច្រើន​មាន​រាង​ជ្រុង​។ ដូច្នេះ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ​ឱ្យ CIK ជួយ​ពិនិត្យ​ដើម្បី​ចុះបញ្ជី​លេខ​សម្គាល់​។ ក្រោយ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​លក្ខណៈ​បច្ចេកទេស​លើ​ព័ត៌មាន​មួយចំនួន​ដែល​ទទួលបាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា CIK បាន​រកឃើញថា សិលាចារឹក​នេះ ពិតជា​សិលាចារឹក​ដែល​ពុំទាន់​បាន​ចុះបញ្ជី​នៅឡើយ​មែន ទើប CIK បានសម្រេច​ចុះបញ្ជី​សិលាចារឹក​ប្រាសាទទន្លេស្ងួត K.1459​។​

​ចំពោះ​ចំនួន​សិលាចារឹក​ជា​ភាសា​ខ្មែរ​ក្តី ជា​ភាសាសំស្ក្រឹត​ក្តី ដែល​បាន​រកឃើញ​នៅលើ​ទឹកដី​កម្ពុជា​និង​នៅលើ​អតីត​ទឹកដី​កម្ពុជា​ដែល​បាន​ចុះបញ្ជី​រួច ចាប់ពី​ទស្សវត្សរ៍​ឆ្នាំ​១៩២០ ដែលមាន​លោក George Cœdès ជា​អ្នក​ដំបូង​គេ​ក្នុងការ​ផ្តួចផ្តើម​រៀបចំ​ចុះបញ្ជី រហូតមកដល់​សព្វថ្ងៃ​នេះ​មាន​ចំនួន​១៤៥៩ រួមទាំង​សិលាចារឹក​ប្រាសាទទន្លេស្ងួត​ដែល​ទើប​ចុះបញ្ជី​រួច​ថ្មីៗ​នេះ​ផង​។

​លោក ទិន ទីណា បានបញ្ជាក់​បន្ថែមថា ចំពោះ​អក្សរ K ដែល​ដាក់​នៅ​ពីមុខ​លេខ​នៃ​លេខ​សម្គាល់​សិលាចារឹក​នីមួយៗ គឺជា​អក្សរ​សម្គាល់​អត្តសញ្ញាណ​សិលាចារឹក​ខ្មែរ​។ ដោយឡែក ចំពោះ ខ្លឹមសារ​សិលាចារឹក​ទន្លេ​ស្ងួត​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សហការ​ជាមួយ​លោក Dominic Goodal អ្នកជំនាញ​ខាង​ផ្នែក​ភាសាសំស្ក្រឹត និង​លោក Dominique Soutif សមាជិក​ស្ថាប័ន​សាលា​បារាំង​ចុង បូព៌ា (​លោក​ទាំងពីរ​ក៏​ជា​សមាជិក CIK) ដើម្បី​ប្រែ​សិលាចារឹក​ថ្មី​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×