Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ប្រព័ន្ធ​ផ្តល់ព័ត៌មាន ពី​គ្រោះមហន្តរាយ​

spot_img

​ភ្នំពេញ​៖ ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​ហានិភ័យ និង​ផលប៉ះពាល់​ទាំងឡាយ​បង្កឡើង​ដោយ​គ្រោះមហន្តរាយ​ទាំងនេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​ស្បៀងអាហារ​ពិភពលោក WFP បាន​សហការគ្នា​បង្កើត​នូវ​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​ពី​គ្រោះមហន្តរាយ​មួយ​មាន​ឈ្មោះថា «​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​តាមដាន​សភាពការណ៍ ហៅ​កាត់​ថា​ព្រី​ស៊ឹម (PRISM)»​។​

«​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​តាមដាន​សភាពការណ៍ ហៅ​កាត់​ថា​ព្រី​ស៊ឹម​» ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោកស្រី ហ្រែ្វ​ន សែ​ស្កា អ៊ែរ​ដឺ​ល​ម៉ាន នាយិកា​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​។ ការប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ PRISM ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត​ទាំង​២៥ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត។​

PRISM ជា​វេទិកា​ដែល​បង្ហាញ​អំពី​ព័ត៌មាន​ប៉ះពាល់​ជាក់ស្តែង និង​ជា​វេទិការ​បង្ហាញ​ពី​ព្រឹត្តិការណ៍​កន្លងទៅ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​វិភាគ និង​វាយតម្លៃ​ពី​ហានិភ័យ និង​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ និង​ឧប្បទ្ទវហេតុ​ផ្សេងៗ​ទៅលើ​សហគមន៍​ដែល​ងាយ​រងគ្រោះ​។ PRISM គឺជា​ការរួមបញ្ចូល​ព័ត៌មាន​ពី​ផ្កាយរណប និង​ប្រភពព័ត៌មាន​ពី​ចម្ងាយ ព័ត៌មាន​ប៉ាន់ប្រមាណ​ពី​ទីវាល និង​ប្រព័ន្ធ​ផ្តល់ដំណឹង​ជាមុន ជាមួយ​ទិន្នន័យ​អំពី​ភាព​ងាយ​រងគ្រោះ​ខាង​សេដ្ឋកិច្ចសង្គម ដើម្បី​បង្កើតបានជា​ព័ត៌មាន​ដែល​អាច​ផ្តល់​ជា​ជំនួយ​សម្រាប់​កំណត់​ចំនួន​អ្នក​ដែល​ត្រូវការ​ជំនួយ​ពិតប្រាកដ​។​

PRISM ជា​ប្រព័ន្ធ​ប្រមូល​ព័ត៌មាន​ស្តីពី​គ្រោះមហន្តរាយ​នានា​តាមរយៈ​ទូរ​ស័​ព្ឌ​/​ថេប​ប្លែ​ត​។ ប្រព័ន្ធ​នេះ ជា​វេទិកា​ផ្តល់ព័ត៌មាន​ទាន់ពេលវេលា ដើម្បី​ជា​ជំនួយ​ដល់​ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទាន់​ហេតុការណ៍​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ និង​ជាពិសេស​សម្រាប់​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​។ លើសពីនេះ វេទិកា​នេះ​ជា​កន្លែង​រួមបញ្ចូល​លំហូរ​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ពី​ក្រសួង​ពាក់ព័ន្ធ​នានា​ឲ្យ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។​

​ប្រព័ន្ធ​នេះ​អាច​ប្រើប្រាស់ និង​ប្រមូល​ទិន្នន័យ​ទៅលើ​គ្រប់​ប្រភេទ​នៃ​គ្រោះមហន្តរាយ​ដូចជា​៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ ព្យុះ រន្ទះបាញ់ អគ្គិភ័យ ជំងឺ​រាតត្បាត សត្វល្អិត​បំផ្លាញ បាក់​ច្រាំង និង​គ្រោះថ្នាក់​ចរាចរណ៍​។ ទិន្នន័យ​នៅក្នុង​ប្រព័ន្ធ PRISM រួមមាន​៖ ទិន្នន័យ​អំពី​ផលប៉ះពាល់ និង​ការខូចខាត​ដោយសារ​គ្រោះមហន្តរាយ ស្តីពី​ផលប៉ះពាល់​ទៅលើ​មនុស្ស សត្វ ផ្ទះសម្បែង ដំណាំ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព វត្ត​អា​រ៉ា​ម និង​តម្រូវការ​របស់​ប្រជាជន​រងគ្រោះ​។ ទិន្នន័យ​ទាំងនេះ​នឹង​ត្រូ​ធ្វើការ​ប្រមូល​ពី​កម្រិត​ឃុំ និង​បញ្ជូន​ព័ត៌មាន​មក​ដោយ​មន្ត្រី​ថ្នាក់ស្រុក​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែងឱ្យដឹងថា ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​និង​តាមដាន​សភាពការណ៍ PRISM ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ស្តីពី​ការអនុវត្ត​សកម្មភាព​រួមគ្នា ដើម្បី​គ្រប់គ្រង​វិបត្តិ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​គ្របដណ្តប់​នៅលើ​អនុ​ស្សាណៈ​យោគយល់​ឆ្នាំ​២០១៧​។​

​លោក​ទេសរដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀង​នេះ​បង្កើត​ក្របខ័ណ្ឌ​ការងារ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ទៅនឹង​ហានិភ័យ​គ្រោះមហន្តរាយ​កើតឡើង ដោយ​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា បន្ទាប់ពី​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ PRISM នេះ​ទៅ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នឹងធ្វើ​ការបណ្តុះបណ្តាល​ជូន​មន្ត្រី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក ដើម្បី​បានទទួល​នូវ​បទពិសោធន៍​ពី​ការអនុវត្ត​ផ្ទាល់​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ថេប​ប្លែ​ត ក្នុងការ​បញ្ចូល​ទិន្នន័យ​ការប៉ះពាល់ ការ​ខូច​ខាត ការបាត់បង់​ដោយ​គ្រោះមហន្តរាយ​។​

​ជាមួយនេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏​នឹង​រៀបចំ​គោលការណ៍​ណែនាំ​នីតិវិធី​សម្រាប់ធ្វើ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​សង្គ្រោះបន្ទាន់​គ្រោះមហន្តរាយ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ផ្តល់នូវ​ធាតុ​ចូល​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ​។​

​លោកស្រី ហ្រែ្វ​ន សែ​ស្កា អ៊ែរ​ដឺ​ល​ម៉ាន នាយិកា​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ក្តី​រីករាយ​ជាខ្លាំង ដែល​អង្គការ​ស្បៀងអាហារ​ពិភពលោក បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រា ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្តល់ព័ត៌មាន ផ្តល់ដំណឹង​ទាន់​ហេតុការណ៍​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​នាយិកា​បាន​ថ្លែងថា ការទទួលបាន​ព័ត៌មាន​បាន​លឿន​រហ័ស និង​ទាន់​ហេតុការណ៍​វា​ចាំបាច់​ណាស់ សម្រាប់​ផ្តល់នូវ​ការជួយ​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​នានា​ឱ្យបាន​ទាន់ពេលវេលា​។​

​លោកស្រី​រំពឹងថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​នេះ នឹងចូលរួម​ចំណែក​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ ហើយក៏​ជា​វិភាគទាន​ចូលរួម​ដល់​ការសម្រេច​នូវ​គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ឆ្នាំ​២០៣០​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×