Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមាន​លោក​បណ្ឌិត​វិទ្យាសាស្ត្រ ហេង ប៊ុន​អ៊ី ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​អនាម័យ​សម្លាប់​មេរោគ​ខ្មែរ​អេកូ​តិច​ណូ​ឡូ​ជី ផ្សព្វផ្សាយ​ទឹក​ពិសា បំផ្លើស​ហួស​ពី​ការពិត​

spot_img

​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​លិខិត​ព្រមាន​លោក​បណ្ឌិត​វិទ្យាសាស្ត្រ ហេង ប៊ុន​អ៉ី ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​អនាម័យ​សម្លាប់​មេរោគ «​ខ្មែរ​អេកូ​តិច​ណូ​ឡូ​ជី​» ករណី​ផ្សព្វផ្សាយ​ទឹក​ពិសា បំផ្លើស​ហួស​ពី​ការពិត និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ថែមទាំង​បាន​យក Logo ក្រសួងសុខាភិបាល ទៅប្រើ​ប្រាស់​លើ​ប័ណ្ណ​រូបភាព​ផ្សព្វ​ផ្សាយ​ផ្សេងៗ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ហើយ​លោក​បណ្ឌិត ហេង ប៊ុន​អ៉ី ត្រូវ​បញ្ឈប់​រាល់​ការផ្សព្វផ្សាយ​ខុសច្បាប់​ជាបន្ទាន់​។​

​លិខិត​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ​៖ ​សូម​ព្រមាន​លោក​បណ្ឌិត​វិទ្យាសាស្ត្រ ហេង ប៊ុន​អ៉ី ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​អនាម័យ​សម្លាប់​មេរោគ «​ខ្មែរ​អេកូ​តិច​ណូ​ឡូ​ជី​» ដែលមាន​ទីតាំង​ទី​១ ស្ថិតនៅ​ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី​តាំងទី​២ ស្ថិតនៅ​ផ្លូវកែង​១៣៤ និង​២២១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ករណី​ផ្សព្វផ្សាយ​ទឹក​ពិសា ដែល​ផលិត​ដោយ​សិប្បកម្ម​ខាងលើ​បំផ្លើស​ហួស​ពី​ការពិត និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដូចជា​អាច​ប្រើ​សម្លាប់​មេរោគ​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ពពួក​បាក់តេរី វីរុស និង​ពពួក​ផ្សិត សម្រាប់​ឧបករណ៍​ផ្ទះបាយ បន្លែ ផ្លែឈើ ព្រមទាំង​ប្រើ​ព្យាបាល មុខ​កើតមុន ជំងឺ​សក់​ជ្រុះ ទឹកនោមផ្អែម ឈឺសន្លាក់ ជំងឺ​ក្រពះ រាករូស និង​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ទៀត ដោយ​គ្មាន​ឯកសារយោង​គ្លី​នី​ក​ច្បាស់លាស់​ឡើយ ថែមទាំង​បាន​យក Logo ក្រសួងសុខាភិបាល​មក​ប្រើប្រាស់​លើ​បណ្ណ​រូបភាព ផ្សព្វផ្សាយ​ផ្សេងៗ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​ក្រសួងសុខាភិបាល ស្នើ​សូម​លោក​បណ្ឌិត ហេង ប៊ុន​អ៉ី ត្រូវ​បញ្ឈប់​រាល់​ការផ្សព្វផ្សាយ​ខុសច្បាប់​ជាបន្ទាន់ ហើយ​ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែលមាន​ជា​ធរមាន ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។ ក្នុងករណី​លោក​បណ្ឌិត​នៅតែ​បន្ត​ការផ្សព្វផ្សាយ​ផលិតផល​ទឹក​របស់ខ្លួន​ថា មាន​គុណភាព​បង្ការ ឬ​ព្យាបាល​ជំងឺ និង​យក Logo ក្រសួងសុខាភិបាល ទៅប្រើ​ប្រាស់​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​ជា​បន្តទៀត​នោះ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង​ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង ត្រូវអនុវត្ត​តាមដាន​កុំ​ឱ្យមាន​សកម្មភាព​ផ្សព្វផ្សាយ​ខុសច្បាប់​ខាងលើ កើតឡើង​សាជាថ្មី​ទៀតផង​ដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×