Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈី​ក នៅ​ភូមិ​គោលដៅ ក្នុង​ក្រុង​ប៉ោយប៉ែត បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​

spot_img

​បន្ទាយមានជ័យ​៖ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខត្ត​បន្ទាយមានជ័យ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​ភូមិ​គោលដៅ ក្នុង​ក្រុង​ប៉ោយប៉ែត ជា​ផ្នែក​មួយ​នៃ​ការ​អ​ន្តា​គម​ន៍ ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈី​ក​(Chikungunya) និង​ជម្ងឺគ្រុនឈាម​ដែល​ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា​។​

សូម​អំពាវនាវ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ប៉ោយប៉ែត ក៏​ដូច​ទូទាំង​ខេត្ត សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការផ្ទុះ​ឡើងវិញ នូវ​ជម្ងឺ​គ្រុន​ឈី​ក​នេះ ដោយ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ វិធានការ​បំបាត់​ជម្រក​មូស​ខ្លា សម្អាត​អនាម័យ​បរិស្ថាន​តាម​ផ្ទះសម្បែង គេង​ក្នុង​មុង និង​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ទទួលយក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​។​

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុង ស្រុក មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​ខេត្ត ស្រុក ដើម្បី​ដាក់ចេញ​ផែនការ​អនុវត្ត​យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​បាណក់​ឃាត​(​អា​បែ​ត​) នៅ​ភូមិ​គោលដៅ ជាការ​អ​ន្តា​គម​ន៍ ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈី​ក​(Chikungunya) និង​ជម្ងឺគ្រុនឈាម​ដែល ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា ទូទាំង ០៩ ក្រុង ស្រុក ដោយ​ចាប់ផ្តើម​ពីថ្ងៃ​នេះ​ទៅ នា​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ក្រុម​កា​ងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​ភូមិ​គោលដៅ ក្នុង​ក្រុង​ប៉ោយប៉ែត ជា​ផ្នែក​មួយ​នៃ​ការ​អ​ន្តា​គម​ន៍ ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈី​ក (Chikungunya) និង​ជម្ងឺគ្រុនឈាម​ដែល​ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា​ម្តង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​កិច្ចប្រជុំ​ចប់​ក្រុមការងារ​នឹង​បន្ត​យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​បាណក់​ឃាត​(​អា​បែ​ត​) បន្ថែមទៀត តាម​ផែនការ​នៃ​កិច្ចប្រជុំ​បន្ទាន់​ថ្ងៃនេះ ។​

​លោក​វេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យ​បច្ចេកទេស​មន្ទីរ​សុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹងថា ជំងឺ​គ្រុន​ឈី​ក​បង្កឡើង​ដោយ​វីរុស​ឈី​ក​តាមរយៈ​មូស​ខ្លា ជំងឺ​នេះ​បង្ក​ឡើងលើ​មនុស្ស​គ្រប់​វ័យ​។ រោគសញ្ញា​មាន​សញ្ញា​សំខាន់ ០៣ គឺ ១.​គ្រុនក្តៅ​៣​ទៅ ៤​ថ្ងៃ .២.​ឈឺសន្លាក់​ឆ្អឹង​ជាច្រើន​កន្លែង និង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក ។​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះទេ លើកលែង​តែមាន​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់​ឬ​ជំងឺ​រលាក​ស្រោម ខួរ​ជាដើម ។​

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូម​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ការផ្ទុះ​ឡើងវិញ នូវ​ជម្ងឺ​គ្រុន​ឈី​ក​នេះ ដោយ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ វិធានការ​បំបាត់​ជម្រក​មូស​ខ្លា សំអាត​អនាម័យ​បរិស្ថាន​តាម​ផ្ទះសម្បែង គេង​ក្នុង​មុង និង​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ទទួលយក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​។​

​សូមមេត្តា​ចូលរួម​ផ្តល់​ព​ត៏​មាន ជូនទៅ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ មេភូមិ និង​អាជ្ញាធរ​មូលដ្ឋាន អំពី បញ្ហា​ជម្ងឺ ឬ​ព​ត៏​មាន​សុខភាព​ផ្សេងៗ ដើម្បី​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ជួយ​អ​ន្តា​គម​ន៊៍​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។​

​ក្រសួងសុខាភិបាល បានប្រកាសថា កាលពីពេល​ថ្មីៗ​នេះ មានការ​កើតចេញ​នូវ​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅក្នុង​ភូមិ​មួយចំនួន​នៃ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ចាប់តាំងពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​ប៉ោយប៉ែត ភូមិ​ព្រៃ​គប់ ភូមិ​អូរ​នាង និង​ភូមិ​អូរឫស្សី នៃ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ចេញ​រោគសញ្ញា គ្រុនក្តៅ ៣៨​អង្សា​សេ ក​ន្ទូ​ល ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង​។​

​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ប៉ោយប៉ែត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ ស្រាវជ្រាវ​អង្កេត​ទៅដល់​ភូមិ​ទាំង ០៦​ខាងលើនេះ និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា ដើម្បី​ពិនិត្យ​ស្ថានភាព​សុខ ភាពជាក់ស្តែង បាន​ចំនួន ១៦៨​នាក់ (​ស្រី ៩៥​នាក់​) និង​បាន​បញ្ជូន​បុគ្គល​ដែលមាន​បញ្ហា​សុខភាព មក​ពិនិត្យ និង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ និង​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត មាន​ចំនួន ៣២​នាក់ (​ស្រី​២៣​នាក់​) ប៉ុន្តែ​បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​ពួកគាត់ មាន​សភាព​បាន​ធូរស្បើយ​ហើយ​។​

​ស្របតាម លក្ខណ​:​បច្ចេកទេស ក្រុមការងារ​ក៏បាន​ប្រមូល​សំណាក​វត្ថុ​វិភាគឈាម ចំនួន ២២​នាក់ (​ស្រី ១២​នាក់​) ដើម្បី​ធ្វើតេស្ត​វិភាគ​រកមើល​វីរុស​គ្រ​ន​ឈី​ក (CHIK) និង​មើល​រក​វីរុស​កញ្ជ្រឹល​-​ស្អូច (Measles – Rubella) ចំនួន​៦០​នាក់ (​ស្រី ៣៧​នាក់​) និង​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ ចំនួន​២២​នាក់ (​ស្រី​១១​នាក់​) ផងដែរ​។ សំណាក​ទាំងអស់នេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​លទ្ធផល​ជាបឋម​ចេញ​នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ បាន​បង្ហាញថា ជា​ករណី​ជំងឺ​គ្រុន​ឈី​ក​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួងសុខាភិបាល​។​

​ជំងឺ​គ្រុន​ឈី​ក (CHIK) កើតឡើង​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៥៣ នៅ​ទ្វីបអាហ្វ្រិក និង​ធ្លាប់បាន​រកឃើញ​ដំបូង នៅ​កម្ពុជា​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ឆ្នាំ​១៩៦១ និង​នៅ​ឆ្នាំ ២០១១ ក៏មាន​ការបញ្ជាក់​ពី​ករណី​ជំងឺ​នេះ នៅ​ខេត្តបាត់ដំបង សៀមរាប និង​ព្រះវិហារ​ដែរ ហើយ​ជំងឺ​គ្រុន​ឈឺ​ក ធ្លាប់មាន​អត្រា​ឆ្លង​រោគ​ខ្ពស់​រហូតដល់ ៦០-៧០% ក្នុងប្រទេស​កម្ពុជា​នាទ​ស​វត្សរ៍​ទី​៦០ ហើយ​មានការ​រាតត្បាត​ខ្លាំង​ផងដែរ នៅក្នុង​ឆ្នាំ​២០១១-២០១២ នៅ​ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកណ្ដាល និង​ខេត្តកំពត​។ បច្ចុប្បន្ននេះ ក្រៅ​អំពី​ការ​ទប់​ការ​ស្កាត់​នូវ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ការលេចឡើង​នៅ​ជំងឺ​គ្រុន​ឈី​ក សាជាថ្មី​ឡើងវិញ​នៅ​ខេត្តបន្ទាយមានជ័យ​នេះ អាចជា​បញ្ហា​សុខភាព​សា​ធាណៈ មួយទៀត ដែល​ប្រឈម​ទៅ​និង​ហានិភ័យ​អាចឱ្យ​មានការ​ឆ្លង​រាលដាល​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពី​គ្រួសារ​មួយ ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ឃុំ​មួយ​ទៅ​ឃុំ​មួយទៀត​ជាដើម តាមរយៈ​មូស​ខ្លា​ញី​ខាំ ដែល​ចល័ត​ពី កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ និង​តាម​ទីកន្លែង​ដែល​មិនមាន​អនាម័យ​បរិ​ដ្ឋា​ន​ស្អាត និង​ទីកន្លែង​ដែល​បង្កឱ្យមាន​ជម្រក​មូស​ខ្លា​ច្រើន ជាដើម​។ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ទាំង​ក្មេង និង​ចាស់​។​

​ជំងឺ​គ្រុន​ឈឺ​ក (CHIK) គឺជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​ឈឺ​ក ហើយ​ចម្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ ជាពិសេស ខាំ​នៅពេល​ថ្ងៃ​។ ភ្នាក់ងារ​ចម្លង គឺ​សត្វ​មូស​ប្រភេទ​ក្រុម​អា​អេ​ដេ​ស (Aedes Aegypti and Aedes Abopictus) ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ផងដែរ​។ រោគសញ្ញា​រួមមាន​៖ គ្រុនក្ដៅ​ស្រួចស្រាវ​លើសពី ៣៨​អង្សារ​សេ ឈឺសន្លាក់ ឈឺ​សាច់ដុំ ឈឺក្បាល ប្អូ​ត​ចង្អោរ អស់កម្លាំង មាន​ស្នាម​កន្ទួល​ក្រហម​លើ​ខ្លួន និង​ក​ន្តួ​ល​ក្រហម​លើ ស្បែ​កដៃ​។​

​ជាទូទៅ ជំងឺ​គ្រុន​ឈឺ​ក មិន​បណ្ដាលឱ្យ​អ្នកជំងឺ​ស្លាប់បាត់​បង់ជីវិត​ទេ ស្ទើរតែ​គ្រប់​អ្នកជំងឺ​ទាំងអស់​បាន ជាសះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​ក្នុង​មួយ​សប្តាហ៍ ឬ​អាចមាន​រយៈពេល​យូរ​ដល់​រាប់​អាទិត្យ​ក្នុង​ករណីខ្លះៗ​ដែរ ជាពិសេស​ជំងឺ​នេះ អាចធ្វើឱ្យ​អ្នកជំងឺ​មាន​អា​ការៈឈឺ​សន្លាក់​ដៃជើង​ក្នុង​រយៈពេល​យូរ (​ដល់​ឆ្នាំ​) ក៏មានដែរ ហើយ​ជំងឺ​នេះ អាច​បណ្ដាលឱ្យ​ស្លាប់បាត់​បង់ជីវិត​បាន នៅក្នុង​ករណី​ដែល​អ្នកជំងឺ​កើតមាន​ជំងឺ​នេះ​រួមផ្សំ​គ្នា​ជាមួយ​ជំងឺ ផ្សេងៗ ដូចជា​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ​ជាដើម ព្រោះ​ជំងឺ​រួមផ្សំ​ទាំងនេះ​អាច​បណ្ដាលឱ្យ អ្នកជំងឺ​ស្លាប់​បាន​។​

​ទោះបីជា​ជំងឺ​គ្រុន​ឈី​ក មាន​ហានិភ័យ​បណ្ដាលឱ្យ​ស្លាប់​ក្នុង​កម្រិត​ទាប​ក៏ពិតមែន តែ​វា​នាំឱ្យ ប៉ះពាល់​សុខភាព ខាតបង់​ពេលវេលា​រៀនសូត្រ ពេលវេលា​ធ្វើការ​រកស៊ី​ទទួលទាន​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ជាពិសេស អ្នកមាន​វ័យ​ចំណាស់​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង ពួកគាត់​អាច​ឈឺសន្លាក់​ឆ្អឹង​យូរ ដែល​ប៉ះពាល់​ដល់​សុខភាព​បុគ្គល សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ផងដែរ​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា​៖ «​ការទប់ស្កាត់ និង​ការពារ​ជំងឺ​ឈឺ​ក (CHIK) គឺ​វា​ដូចគ្នា​ទៅនឹង​ជំងឺគ្រុនឈាម​ដែរ ដោយ​ផ្អែកទៅលើ​ការការពារ​កុំ​​ឱ្យមូស​ខ្លា​ញី​ខាំ តាមរយៈ​ការ​កម្ចាត់​វត្ថុ​ដក់​ទឹក ដែលជា​ជម្រក​នៃ​ការកកើត​សត្វ​មូស​នេះ​។ ខ្ញុំ​សូម​ជំ​រុញឱ្យ​ថ្នាក់ដឹកនាំ មូលដ្ឋាន​គ្រប់​ថ្នាក់​ទាំងអស់ ចលនា​ប្រជាជន​នៅក្នុង​សហគមន៍ ក្នុងការ​កម្ចាត់​ជម្រក​មូស​ខ្លា ដែលនាំឱ្យ​ករ​កើត​ដង្កូវ ទឹក និង​មាន​មូស​បង្ករ​ជំងឺ ស្លៀកពាក់​ខោអាវ​វែង និង​សំរាន្ត​ក្នុង​មុង​។ ពេល​មាន​ជំងឺ​ដែលមាន​រោគសញ្ញា​ដូចខាងលើ សូម​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​លោកអ្នក​ជាទីបំផុត ដើម្បី​ពិនិត្យ​ពិគ្រោះ​ជំងឺ និង​ទទួលបាន​ការព្យាបាល​បាន​ទាន់ពេលវេលា និង​រាល់​ករណី​សង្ស័យ​ត្រូ​ន​ឈើ​ក​ក្នុង​មួយ​សប្តាហ៍​ដំបូង​នៃ​ជំងឺ​នេះ ត្រូវ​សម្រាក​នៅក្នុង​មុង ឬ​ក្នុង​បន្ទប់​មាន​សំណាញ់​ការពារ ដើម្បី​ការពារ​កុំឱ្យ​មូស​ខាំ​ចម្លង​បន្តទៅ​សមាជិក​សារ ឬ អ្នកជិតខាង​»​។ លើសពីនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ​យើង ចៀស​ផុតពី​ការឆ្លង​ជំងឺ​ឈី​ក និង​ជំងឺគ្រុនឈាម ឬ​ជំងឺ​ហ្សី​កា ផងដែរ​៖

១)​បំបាត់​ជម្រក​មូស​ខ្លា ដោយ​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ លុបបំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ ការពារ​កុំឱ្យ មានទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ លុបបំបាត់​ផ្លុ​ក សំបក​កំប៉ុង សំបក​កង់ឡាន ត្រឡោក​ដូង ធុង​ទឹក ជើង​ផ្កា និង​ប្រើ​អា បែ​ត​ដាក់​ក្នុង​ពាង ឬ អាង​ស្តុក​ទឹក ជា​រៀងរាល់​អាទិត្យ​។​

២) ស្លៀកពាក់​ខោជើងវែង អាវដៃវែង និង​ស្រោមជើង ធ្វើយ៉ាងណា​គ្របដណ្ដប់​ភាគច្រើន​នៃ​រាងកាយ​ឱ្យ​ជិត (​ស ម្លៀ​ក​បំពាក់​គួរតែមាន​ពណ៌​ភ្លឺ កុំ​ខ្មៅ​ឬ​ងងឹត​)

៣)​ប្រើ​ថ្នាំ​បាញ់ (spray) ឬ​លាប (repellent) កុំឱ្យ​មូស​មក​ជិត ព្រោះថ្នាំ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន ដោយ មាន​សុវត្ថិភាព មិនមាន​ផលប៉ះពាល់​ទេ​

៤) សម្រាន្ត​ក្នុង​មុង រាល់ពេល​សំរាន្ត​នៅពេល​យប់ និង​ថ្ងៃ ព្រមទាំង​បើក​បង្អួច ទ្វារ ឱ្យ​ធំ ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ និង​មាន ខ្យល់​ចេញចូល​បានល្អ​

​ក្រសួងសុខាភិបាល និង​បន្តធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវត្ត​នៃ​បញ្ហា​សុខភាព​តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​របស់​ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារ​អប់រំ សុខភាព ដែល​អាច​ទាញ​យកមក​មើល និង​ប្រើប្រាស់​បាន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ ទូរស័ព្ទ​៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២៨៣៦ ៨៦៨៕ ​ដោយ​៖​កូ​ឡាប​

spot_img
×