Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ បន្ត​បើកប្រាក់​ឧបត្ថម្ភ​លើក​ទី​១៥ ដល់​កម្មករនិយោជិត​ជាង ៧​ពាន់​នាក់ ក្នុង​វិស័យ​កាត់ដេរ

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជូនដំណឹង ស្តីពី​ការបើក​ប្រាក់ឧបត្ថម្ភ លើក​ទី​១៥ ជូន​ដល់​កម្មករនិយោជិត​សរុប​ចំនួន ៧,២៧៧ នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន ៧ ក្នុង​វិស័យ​កាត់ដេរ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ បានឱ្យដឹងថា តាម​ស្មារតី​ជុំ​ទី​១ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល ធនាគារ​ឯកទេស​វី​ង នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​បងប្អូន​កម្មករ​និយោជិត បានផ្តល់​មកឱ្យ​ក្រសួង តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស នាពេល​កន្លងមក​។​

​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្រោយ​ការបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់ ក្នុងនោះ​ចំនួន​៖ ១៥៣ ៩០០​រៀល ឬ​ស្មើ​និង​៣៨​ដុល្លារ សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ២១​ថ្ងៃ ដល់ ៤៤​ថ្ងៃ​។ ដោយឡែក​ទឹកប្រាក់ ចំនួន ៣០៧ ៨០០​រៀល (៧៦​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៥១​ថ្ងៃ ឡើងទៅ​។​

​ជាមួយគ្នានេះ ក្រសួង​បាន​រំ​ឮ​កថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល វិញ ប្រសិនជា​បងប្អូន ខកខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់ ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។​

​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង​៧ នេះ មិនបាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន​។
​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្មករ​រោងចក្រ សហគ្រាស​ដទៃ​ផ្សេងទៀត អំពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​កម្មករ​និយោជិត​ជ្រាប​ជា​ព័ត៌មាន និង​សូម​រួសរាន់​ទំនាក់ទំនង​បើកប្រាក់​ឧបត្ថម្ភ​នេះ​នៅតាម​ភ្នាក់ងារ​វី​ង​នានា ដែល​នៅ​ជិត​បំផុត​ឱ្យបាន​ទាន់ពេលវេលា​៕
​ដោយ​៖CEN


spot_img
×