Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម អនុម័ត​ជា​ផ្លូវការ នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០

spot_img

​ភ្នំពេញ​៖​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​បម្រើ​ជា​មូលដ្ឋាន​គតិយុត្ត​ដ៏​មាន​សារសំខាន់ ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស ក្នុងការ​ការពារ​ផលប្រយោជន៍ និង​កសាង​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ដូចជា​ទាក់ទាញ​វិ​យោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​។

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​និង​អនុម័ត​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce Strategy) ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​នានា ព្រមទាំង​បានប្រកាស​អនុម័ត​ជា​ផ្លូវការ លើ​យុទ្ធសាស្ត្រ​ដ៏​មាន​សារសំខាន់​នេះ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ក្នុង​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០ បច្ចេកវិទ្យា​ឌីជីថល គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ភាព​ប្រកួតប្រជែង របស់​សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើរការ​អាជីវកម្ម ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ផលិតភាព បង្កើន​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ដោយ​មើលឃើញ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​ចាប់យក​កាលានុវត្តភាព​ពី​ប​ដិ​វដ្ត​ន៍​ឧស្សាហក​កម្ម​៤.០ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​រំលេច​អំពី “​ការរៀបចំ​ខ្លួន​សម្រាប់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០” ក្នុង​មុំ​ទី​៣ ចតុកោណ​ទី​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ក៏​ជាការ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការលើកកម្ពស់​សមត្ថភាព របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ឲ្យ​ផ្សារភ្ជាប់​ទៅនឹង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកលលោក​ផងដែរ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​វិស័យ​ថ្មី​មួយ ប្រកបដោយ​សក្តានុពល​ខ្ពស់ ក្នុងការ​បង្កើត​ប្រភព​កំណើន​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​រៀបចំឡើង ដោយមាន​លក្ខណៈ​ប្រទាក់ក្រឡា និង​ឆ្លើយតប​ទៅនឹង​អនុសាសន៍ ដែលមាន​កំណត់​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត រួមមាន​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ក៏ដូចជា​យុទ្ធសាស្ត្រ និង​ឯកសារ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ឱ្យដឹង​ដែរ​ថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​រៀបចំឡើង​ក្នុងពេល​វេលា​ដ៏​ត្រឹមត្រូវ ស្រប​ពេលដែល​កម្ពុជា មានច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​។ ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​បម្រើ​ជា​មូលដ្ឋាន​គតិយុត្ត​ដ៏​មាន​សារសំខាន់ ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស ក្នុងការ​ការពារ​ផលប្រយោជន៍ និង​កសាង​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ដូចជា​ទាក់ទាញ​វិ​យោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បង្ខំ​ឲ្យ​សហគ្រាស និង​អាជីវកម្ម​ជាច្រើន ឲ្យ​ងាក​មកប្រើប្រាស់​បច្ចេកវិទ្យា និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​រក្សាបាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ហើយ​ទំនោរ​នេះ ប្រាកដជា​មិន​សាបរលាប​ទៅវិញ​ទេ ហើយ​ថែមទាំង​មាន​កំណើន​រឹតតែ​ខ្លាំង​ឡើង​នាពេល​អនាគត ទោះបី​ជាការ​រាតត្បាត​មាន​ភាព​ស្រាកស្រាន្ត​ក៏ដោយ​។ ដូច្នេះ ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នៃ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​ពង្រឹង​រឹតតែ​ខ្លាំង​ឡើង​នូវ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយហេតុថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​បានផ្តល់​គំរូ​អាជីវកម្ម​ថ្មី​មួយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល ដែលមាន​លក្ខណៈ​សមស្រប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល និង​លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ និង​ក្រោយ​ជំងឺ​កូ​វីដ​១៩ ផង​។​

​សូម​ជម្រាបជូន​ថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បានរៀបចំ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រោម​ការឧបត្ថម្ភ​ហិរញ្ញប្បទាន​ពី​អង្គការ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម (Enhanced Integrated Framework – EIF) តាមរយៈ​ការពិភាក្សា​យ៉ាង​ទូលំទូលាយ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​៕​ដោយ​៖​កូ​ឡាប​

  

spot_img
×