Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​លោក Zhang Guoqing អភិបាលក្រុង​ធាន​ជីន​

spot_img

(​ទីក្រុង​ធាន​ជីន ប្រទេស​ចិន​)៖ ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ក្នុង​ដំណើរ​បេសកកម្ម​ទៅកាន់​ទីក្រុង​ធាន​ជីន លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម ជួប​ជាមួយ​លោក Zhang Guoqing អភិបាលក្រុង​ធាន​ជីន និង​ជា​អនុប្រធាន​អគ្គលេខាធិការ​បក្ស​ក្រុង​ធាន​ជីន ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការជំរុញ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួនទៀត​។

​លោក Zhang Guoqing ដែល​ទើបត្រូវ​បានទទួល​ការតែងតាំង​ជា​អភិបាលក្រុង​ធាន​ជីន កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ បាន​មានប្រសាសន៍​រំលឹក​ពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ដែល​ផ្ដើម​ពី​សម្ដេចព្រះ​បរម​រតន​កោដ្ឋ និង​លោក​ប្រធាន​ម៉ៅ លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ និង​ត្រូវបាន​បន្ត​ពូន​ជ្រុំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ចិន​ជា​បន្តបន្ទាប់​។ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​តែងតែ​ផ្ដល់នូវ​ការគាំទ្រ​ដល់​នយោបាយ​ចិន ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​លោក ប៉ាន សូរ​ស័ក្ដិ បាន​ជំរាប​ភាគី​ចិន​ថា ដោយសារតែ​រក្សាបាន​នូវ​សន្តិសុខ និង​ស្ថេរភាព​នយោបាយ​ល្អ កម្ពុជា​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ លោក បាន​បន្តថា កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាច្រើន ដូចជា ដំឡូង​មី ពោត ចេក អង្ករ ស្វាយចន្ទី មៀន និង​ស្នើ​ឲ្យ​ភាគី​ចិន​ទទួល​ទិញ​ផលិតផល​ទាំងនោះ​។ ឯកឧត្ដម​រដ្ឋមន្ត្រី និង​អភិបាលក្រុង ក៏បាន​យល់ស្រប​គ្នា​ថា គួរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា កិច្ចសហការ​រវាង​កំពង់ផែ​ធាន​ជីន និង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ ឯកឧត្ដម​រដ្ឋមន្ត្រី ស្នើ​ឲ្យ​មាន​កិច្ចសហការ​ក្នុង​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដោយ​ឲ្យ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ពាណិជ្ជកម្ម​ធ្វើការ​ជាមួយ​មន្ទីរអប់រំ​ក្រុង​ធាន​ជីន​។

​គួរ​បញ្ជាក់ថា ធាន​ជីន ជាទី​ក្រុង​កំពង់ផែ​ដ៏​ធំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន និង​ជា​ច្រក​បញ្ចេញ​ទំនិញ​ពី​រដ្ឋធានី​ប៉េកាំង​ផងដែរ​។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន ៤ កំពុង​វិនិយោគ​នៅ​ធាន​ជីន និង​មាន​ក្រុមហ៊ុន​ចិន​ពី​ក្រុង​ធាន​ជីន ចំនួន ១៦ កំពុង​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ទុនវិនិយោគ​ជាង ៨០០ លាន​ដុល្លា​អាមេរិក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×