Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគមន៍ យើង​មិនអាច​មើលរំលង​បានឡើយ​

spot_img

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៥​កក្កដា​នេះ​ថា “​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគមន៍ យើង​មិនអាច​មើលរំលង​បានឡើយ​។

​លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែង​បន្ថែមទៀតថា ដូច្នេះហើយ បានជា​ក្រសួងសុខាភិបាល តែងតែ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​កិច្ចការពារ​ខ្លួន​ជាប់​ជានិច្ច​។ ថ្ងៃនេះ ថ្វីត្បិតតែ​ការរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ ទៀត ជា​ករណី​នាំចូល​ក៏ពិតមែន តែ​វា​ជា​ចំនួន​ច្រើនណាស់ ដែល​យើង​មិនអាច​ដឹងបាន​ថា តើ​បន្ត​ទៅមុខទៀត​យ៉ាងណាដែរ​នោះទេ​? ដូច្នេះ សូម​អ្នកដើរ​កម្សាន្ត​ទាំងអស់ ត្រូវតែ​ចេះ​ប្រុងប្រយ័ត្ន​មែនទែន ដោយសារ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​អាច​កើតមាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់​។

“​សុំ​កុំ​ភ្លេចខ្លួន និង​សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ​។ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខ​ភាពល្អ ចៀសផុត​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​មក​បុគ្គល មក​ក្រុមគ្រួសារ និង​ចៀស​ផុតពី​ការចម្លង​ចូល​សហគមន៍​ជា​បន្តទៀត​។ សូម​រីករាយ​ថ្ងៃ​ចុង​សប្តាហ៍​ទាំងអស់គ្នា និង​សូម​អរគុណ​” នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​លើកឡើងថា ថ្ងៃនេះ​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ២៣​នាក់ ទៀត និង​ជាសះស្បើយ ១​នាក់ ។ ថ្ងៃទី ២៥ កក្កដា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ២៣​នាក់ ជា​ករណី​នាំចូល​ទាំងអស់ ជនជាតិខ្មែរ ១៩​នាក់ (៤​នាក់​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង​១៥​នាក់​មកពី​ប្រទេស​រុស្ស៊ី​ក្រោយពី​ធ្វើតេស្ត​លើក​ទី​៣) និង​៤​នាក់​ជនជាតិ​ឥណ្ឌូណេស៊ី​ធ្វើដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ កើន​២២៥​នាក់ ជាសះស្បើយ​១​នាក់ ចំនួន​សម្រាក​នៅ​ពេទ្យ​កើន ៨២​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១៤៣​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 57496 ស្មើនឹង 3463 ក្នុង​១​លាន​នាក់​៕
​ដោយ​៖​កូ​ឡាប​


spot_img
×