Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ឆ្នើម​២១​រូប ត្រូវបានតែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា និង​ទីប្រឹក្សា សម្តេច​សង្ឃរាជ​បួរ គ្រី​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ឆ្នើមៗ​ចំនួន ២១ រូប នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង កិច្ចការ​មនុស្សធម៌ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា របស់​សម្តេច​ព្រះមហា​ស​ង្ឃ​រាជ្យ គណៈធម្មយុត្តិកនិកាយ ដែល​តួនាទី​នេះ​ក្នុង​ប្រវត្តិសាស្ត្រ មិនដែល​ធ្លាប់មាន​ចំពោះ​ស្ត្រី​ឡើយ គឺ​ធ្លាប់​មានតែ​បុរស​ប៉ុណ្ណោះ ហើយក៏​មិនដែល​មាន​ច្រើនបែប​នេះដែរ​។​

​នេះ​គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដោយ​កន្លងមក មិន​ធ្លាប់មាន​ឡើយ ដែល​ស្ត្រី​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​របស់​សម្តេចព្រះ​សង្ឃ​រាជ្យ ពោលគឺ​កន្លងមក តំណែង​ទាំងនេះ ធ្លាប់បាន​ប្រគល់ជូន​បុរស​តែប៉ុណ្ណោះ​។ នេះ​គឺជា​ការលើកឡើង​របស់​លោកជំទាវ នេត្រ ភមរី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់ និង​ទីប្រឹក្សា​ដល់​ស្ត្រី របស់​ព្រះមហា​សង្ឃរាជា​ធិបតី បួរ គ្រី សម្តេច​ព្រះសង្ឃ​រាជ្យ​គណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រ កម្ពុជា ដោយមាន​ការទទួលស្គាល់​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់​ស្ត្រី​ចំនួន ២១ រូប នា​ព្រឹក​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ នេះ នៅឯ​សណ្ឋាគារ សូ​ហ្វី​តែ​ភ្នំពេញ ភូ​គី​ត្រា​។​

​ស្ត្រី​ឆ្នើម​៣​រូប បាន​ព្រះរាជ​សង្ឃប្រកាស​តែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី មាន លោកជំទាវ​ឧកញ៉ា កិត្តិ​បណ្ឌិត សៀង ចាន់​ហេង មាន​ងារ​ជានា​វិសាខា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ លោកជំទាវ ហ៊ុន ស៊ី​ណាត នឹម​ចន្ទ​តារា មាន​ងារ​ជានា​ថធ​ម្មិ​នី​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន មាន​ងារ​ជា ហេម​ចិ​ត្តា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​។ ចំណែក​ស្ត្រី​ឆ្នើម​១៨​រូប​ទៀត តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្តេចព្រះសង្ឃរាជ បួរ គ្រី​។​

​ស្ត្រី​ទាំង ២១​រូបនេះ ត្រូវបាន​ទទួលស្គាល់ថា ជា​អ្នក​ឆ្នើម និង​សកម្ម​ក្នុង​កិច្ចការ​ព្រះពុទ្ធសាសនា ដូចជា​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​អារាម នៅ​ទី​សក្ការបូជា រួមទាំង​សាលា​ពុទ្ធិកសិក្សា ឧបត្ថម្ភ​ដល់​ការស្រាវជ្រាវ​ចងក្រង និង បោះពុម្ព​សៀវភៅ គម្ពីរ​ដីកា​ផ្សេងៗ និង ក្នុង​កិច្ចការ​មនុស្សធម៌​ផងដែរ ។​

​សម្តេច​ព្រះមហា​សង្ឃរា​ជ្យ បួរ គ្រី មាន​ព្រះបន្ទូល​ថា ស្ត្រី​មាន​តួនាទី​សំខាន់​ណាស់​មិនអាច​ខ្វះ​បានឡើយ នៅក្នុង​ព្រះពុទ្ធសាសនា តាំងពី​ពេលដែល​ព្រះពុទ្ធ​មិនទាន់បាន​ត្រាស់ដឹង ពេល​ទើបតែ​បាន​ត្រាស់ដឹង និង ក្រោយពេល​ត្រាស់ដឹង រហូតដល់​ព្រះពុទ្ធ​យាង​ចូល​ព្រះ​និព្វាន ហើយ​នៅក្នុង​សង្គម​ខ្មែរ​វិញ ស្ត្រី ក៏មាន​តួនាទី​សំខាន់​លេចធ្លោ​មិន​ចាញ់​បុរស​ឡើយ ទាំង​ក្នុង​ផ្នែក​ប្រតិបត្តិ ទំនុកបម្រុង ថែរក្សា​ការពារ និង លើកតម្កើង​ព្រះពុទ្ធសាសនា ។​

​ជាការ​កត់សម្គាល់​ព្រះពុទ្ធសាសនា ត្រូវបាន​ទទួលស្គាល់ថា ជា​សាសនា​តែមួយគត់ ដែល​ឱ្យ​តម្លៃ​មនុស្ស​ស្មើគ្នា ហើយក៏​ជា​ប្រភព​មុនដំបូង​គេ​បំផុត នៃ សិទ្ធិមនុស្ស​ជា​សកល​បច្ចុប្បន្ននេះ ហេតុនេះហើយ​ទើប​ក្នុង​ប្រវត្តិសាស្ត្រ​ព្រះពុទ្ធសាសនា​ក្តី ប្រវត្តិសាស្ត្រ នៃ ប្រទេស ដែល​កាន់​ព្រះពុទ្ធសាសនា​ក្តី គេ​ឃើញ​ស្ត្រី​តែង​តែងមាន​តួនាទី​សំខាន់ ។ ដោយឡែក​នៅក្នុង​ប្រវត្តិសាស្ត្រ កម្ពុជា ស្ត្រី​មាន​តួនាទី​សំខាន់​ទាំង​ក្នុង​ព្រះពុទ្ធសាសនា និង ទាំង​ក្នុងសង្គម​ផង​នោះ មានដូចជា​ព្រះ​នាង​ឥន្ទ្រ​ទេវី នា​សម័យ​មហានគរ​ជាដើម ៕ ដោយ ៖ CEN  


spot_img
×