Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើត​រាហូ​និង​កេតុ​

spot_img

ការគោរព​បូជា​រាហូ​និង​កេតុ មាន​ក្នុង​ទឹកដី​កម្ពុជា​តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ​មកម្ល៉េះ ។ ក្បាច់​ផ្តែរ​ចាស់​ជាងគេ​បំផុត​ពាក់ព័ន្ធ​នឹង​អាទិទេព​រង​នេះ ដែល​បានមកពី​ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺ​ស្ថិតក្នុង​អំឡុង​ចុង​សតវត្សរ៍​ទី​៦ និង​ដើម សតវត្សរ៍​ទី​៧ ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​មិនទាន់​ដឹង​ច្បាស់​អំពី​ប្រភព​កំណើត​នៃ​ទេវៈ​លំដាប់​ក្រោម​ទាំងនោះ​នៅឡើយ ។

​ក្បាល​រា​ហ៊ូ​, ដី​ដុត​, អង្គរបុរី​, សារមន្ទីរ​ជាតិពន្ធុវិទ្យា (​ថត ២០១០)

នៅក្នុង​គម្ពីរ​ត្រៃភូមិ​ខ្មែរ យើង​បានឃើញ​មានការ​ពិពណ៌នា​អំពី​រាហូ​និង​កេតុ​ផងដែរ ប៉ុន្តែ​ប្រការនេះ​មិន​មានន័យថា ទេវៈ​ទាំងពីរ​អង្គ​ខាងលើនេះ​បានប្រសូត​ចេញពី​លទ្ធិពុទ្ធ​សាសនា​នោះទេ ។ តើ​រាហូ​និង​កេតុ​មាន​ដើមកំណើត​ចេញពី​ណា​មក ?

ក្នុងការ​ឈ្វេងយល់​ពី​ប្រភពដើម នៃ​អាទិទេព​ទាំងពីរ​នោះ ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ក្នុង​ប្រព័ន្ធ​គំនិត​ខ្មែរ ជាពិសេស​ក្នុង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​បុរាណ យើង​ត្រូវយក​ទេវ​កថា​បែប​ព្រហ្មញ្ញសាសនា​ជា​មូលដ្ឋាន​បង្អែក ។ ពីព្រោះ​គម្ពីរ​សាសនាព្រាហ្មណ៍​បាន​តែង​ឡើង​មុន​កំណើត​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា ។ បើ​និយាយ​ម្យ៉ាងទៀត ការសិក្សា​វិភាគ​រឿង​ការ​កូរ​សមុទ្រ​ទឹកដោះ ដែលមាន​ក្នុង​ទេវ​កថា​បែប​ព្រហ្មញ្ញសាសនា ជា​ភស្តុតាង​ដ៏​ជាក់លាក់​មួយ​ស្តីអំពី​ប្រភព​ព្រាហ្មណ៍​និយម នៃ​រាហូ​និង​កេតុ មុននឹង​ត្រូវបាន​បញ្ចូល​ដោយ​រលូន​ក្នុង​ទេវ​កថា​វិទ្យា​បែប​ពុទ្ធ​និយម ។​

ជាទូទៅ ទេវ​កថា​ទាក់ទិន​ទៅនឹង​ការ​កូរ​សមុទ្រ​ទឹកដោះ រវាង​ពពួក​ទេវតា​និង​អសុ​រៈ​ឬ​យក្ស ផ្តើមនិយាយ​អំពី​ចម្បាំង​រវាង​សភាវៈ​ទាំងពីរ​ខាងលើនេះ ដោយ​ផ្តោតលើ​ភាព​ខ្សត់ខ្សោយ​របស់​ក្រុម​ទេវៈ ។ គឺ​ភាពទន់ខ្សោយ​នេះហើយ ដែល​បាន​បង្ខំ​ឲ្យ​ពពួក​ទេវៈ​ជំនុំ​ពិភាក្សាគ្នា​រិះរក​មធ្យោបាយ ដើម្បី​យកជ័យ​ជម្នះ​លើ​ពពួក​អសុ​រៈ ។​

​ផ្តែរ​នព្វគ្រោះ​ដែលមាន​វត្តមាន​របស់​រា​ហ៊ូ និង កេតុ (​ឯកសារ​សារមន្ទីរ​ជាតិ​ភ្នំពេញ​)

ក្រោយពី​ពិគ្រោះ​យ៉ាង​ល្អិតល្អន់ ពួកគេ​យល់ឃើញថា មានតែ​ទឹកអម្រឹត​ដ៏​ពិសិដ្ឋ​ទេ ដែល​អាច​នាំ​ពួកគេ​ទទួល​ជ័យជម្នះ​ជា​ស្ថាពរ​បាន ។ ប៉ុន្តែ​ពពួក​ទេវតា​យល់ឃើញថា ពួកគេ​នឹង​មិនអាច​សម្រេច​បំណង​នេះ​ជាដាច់ខាត បើ​គ្មាន​ការចូលរួម​នៃ​ពពួក​អសុ​រៈ ។ ដូច្នេះហើយ បានជា​ពួកគេ​ម្នីម្នា​បបួល​ពពួក​អសុ​រៈ ឲ្យ​បើក​ការ​កូរ​សមុទ្រ​ទឹកដោះ​រួមគ្នា​មួយ ដើម្បី​ចែកចាយ​ស្មើគ្នា​នូវ​ទឹក​ដ៏​ពិសិដ្ឋ​ខាងលើនេះ ដែល​ផ្តល់នូវ​ភាព​អមតៈ​នៃ​ជីវិត​ក្រោយពី​ការ​កូរ​សមុទ្រ​ទឹកដោះ​ត្រូវបាន​បញ្ចប់ ។ បំណង​លោភលន់​គ្មាន​ព្រំដែន​របស់​ពពួក​អសុ​រៈ បានធ្វើ​ឲ្យ​ពួកគេ​ឈប់​ច្បាំង​គ្នា ហើយ​នៅ​ទីបញ្ចប់​ក៏បាន​យល់ព្រម ចូលរួម​កូរ​សមុទ្រ​ទឹកដោះ ជាមួយ​ក្រុម​ទេវៈ ដោយ​យក​ពស់​វា​សុ​គី​ធ្វើជា​ខ្សែពួរ ដើម្បី​ទាញ​បង្វិល​ស្នូល ។ ប៉ុន្តែ​នៅ​ទីបញ្ចប់ ដោយ​ភាពល្ងង់ខ្លៅ ពពួក​អសុ​រៈ​ក៏បាន​ចាញ់​ពពួក​ទេវៈ ។

សូមបញ្ជាក់ថា ក្នុងការ​កូរ​សមុទ្រ​ទឹកដោះ​ដ៏​វិសេសវិសាល​នេះ ព្រះ​វិស្ណុ​បាន​យាង​មក​ធ្វើ​អន្តរាគមន៍ ដោយ​ព្រះអង្គ​បាន​បែងភាគ​ធ្វើជា​សត្វ​អណ្តើក (​ក​ម៌ ) ដើម្បី​តម្រង់​ឲ្យ​ត្រង់​វិញ​នូវ​ភ្នំ​ម​ន្ទ​រ ដែល​ត្រូវបាន​ផ្អៀង​ក្នុងការ​កូរ​សមុទ្រ​ទឹកដោះ ដែលមាន​រយៈពេល​ច្រើន​ពាន់​ម៉ឺន​ឆ្នាំ ។​

​ក្បាល​រា​ហ៊ូ​, អង្គរបុរី (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​, ទួលគោក​)

ក្រោយពី​បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ការ​កូរ​សមុទ្រ​ក៏បាន​ឈានទៅដល់​ទីបញ្ចប់​ជា​ស្ថាពរ តែ​មុននេះ​បន្តិច​មានការ​លេចធ្លោ​ចេញពី​សមុទ្រ​នូវ​សត្វ​មួយចំនួន​ជា​បន្តបន្ទាប់​គ្នា ហើយ​នៅ​ទីបញ្ចប់​គឺ ព្រះ​នាង​លក្ស្មី​និង​ពពួក​ស្រី​ទេពអប្សរ ដែល​ប្រកបដោយ​សម្ផស្ស​អស្ចារ្យ គួរ​ឲ្យ​បេតី ។

នៅ​ទីបំផុត ទោះបី​ជាការ​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​យក​ទឹកអម្រឹត​ដ៏​មហិទ្ធិឫទ្ធិ បាន​ទទួលផល​ផ្លែផ្កា​ជា​ស្ថាពរ​ក៏ដោយ ក៏​ពពួក​អសុ​រៈ​មិនបាន​ទទួល​អ្វី​ទាំងអស់ សូម្បី​តែមួយ​តំណក់​ក៏​គ្មាន​ដែរ ពីព្រោះ​មានតែ​ពពួក​ទេវៈ​ទេ ដែល​បានទទួល​ការចែក​ចាយ​ពី​សំណាក់​ព្រះ​វិស្ណុ នូវ​ទឹក​ភេសជ្ជៈ​ដ៏​ពិសិដ្ឋ ។​

ទេវ​កថា​បាន​បន្តទៀតថា គ្រូបាធ្យាយ​របស់​ពពួក​អសុ​រៈ​ឈ្មោះ សុ​ក្រា​ចា​រ្យ បានដឹង​ហេតុការណ៍​មិន​ប្រក្រតី​នេះ​ភ្លាម ក៏បាន​ប្រែកាឡា​បន្លំ​ខ្លួន​ទៅជា​ទេវៈ ដើម្បី​រង់ចាំ​ក្រេបទឹក​អម្រឹត​ពី​ព្រះ​វិស្ណុ ។ តែ​ជា​អកុសល ក្នុងខណៈដែល​កំពុងទ​ទួល​ទឹកអម្រឹត​ពី​ព្រះ​វិស្ណុ រំពេច​ភ្លាមនោះ ស្រាប់តែ​ព្រះចន្ទ្រ​និង​ព្រះអាទិត្យ ដឹង​ល្បិចកល​នេះ​ទាន់ ក៏​ស្នើ​ឲ្យ​ព្រះ​វិស្ណុ​ដាក់​ទារុណកម្ម​លើ​សុ​ក្រា​ចា​រ្យ​ជាបន្ទាន់​ដែរ ។ ព្រះ​វិស្ណុ​ក៏​ចាប់យក​កងចក្រ ដើម្បី​វាយប្រហារ​លើ​សុ​ក្រា​ចា​រ្យ​ភ្លាម​ដែរ ជាហេតុ​ធ្វើ​ឲ្យ​គ្រូ​របស់​ក្រុម​អសុ​រៈ ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ដោយ​ចែកដាច់​ត្រឹម ក គួរ​ឲ្យ​ព្រឺព្រួច​ក្រៃលែង ។ ដោយសារ​អំណាច​ពិសិដ្ឋ​របស់​ទឹកអម្រឹត ផ្នែក​ខាង​ក្បាល​របស់​សុ​ក្រា​ចា​រ្យ ក៏​ក្លាយទៅជា​អាទិទេព​ថ្មី​មួយ គឺ​រាហូ ។ ចំណែក​ដងខ្លួន​គឺ កេតុ ។​

​រាហូ​សតវត្សរ៍​ទី ១៦ មកពី​ឧដុង្គ​, សារមន្ទីរ​ជាតិ​ភ្នំពេញ (​ថត ២០១០)

ដោយសារ​ប្រការ​នេះហើយ ទើប​រាហូ​ត្រូវបាន​ជនជាតិខ្មែរ​ចាត់ទុកថា ជា​ទេព្តា​តំណាង​ឲ្យ​ជោគជតា រាសី​ល្អ ។ រីឯ​កេតុ​វិញ​តំណាង​ឲ្យ​សភាវៈ​អាក្រក់ ដែល​តែងតែ​ប៉ុនប៉ង​ប្រាថ្នា​ដេញតាម​សងសឹក​ព្រះចន្ទ្រ​និង​ព្រះអាទិត្យ ដែលជា​សត្រូវ​ជានិច្ចកាល ។​

សូម​ជម្រាប​ជា​ព័ត៌មាន​ផងដែរ​ថា ក្នុងប្រទេស​ឥណ្ឌា និង​អតីត​ដែនដី​ខ្មែរ​បុរាណ ជំនឿ​លើ​រាហូ​និង​កេតុ ត្រូវបាន​បញ្ជាក់​តាមរ​យៈ​ទំនៀមទម្លាប់​មួយចំនួន ។

ចំពោះ​វត្តមាន​របស់​រាហូ នា​សម័យ​វប្បធម៌​អង្គរ​ភ្នំ យើង​អាច​លើកយក​ចម្លាក់​ដី​ដុត​និង​ថ្ម​មួយចំនួន ក្នុងចំណោម​វត្ថុ​បុរាណ​យ៉ាងច្រើន​មកពី​អង្គរបុរី ដែល​យើង​គិត​ស្មានថា ពិតជា​តំណាង​ឲ្យ​រាហូ ។​

មុននឹង​បញ្ជាក់​សេចក្តី​ពាក់ព័ន្ធ​នឹង​រាហូ​និង​កេតុ ក្នុងសម័យ​នគរ​ភ្នំ គួរ​យើង​ក្រឡេក​ភ្នែក​មើល​ចម្លាក់​ផ្តែរ​មួយ ក្នុងចំណោម​ចម្លាក់​ដ៏​ច្រើន គឺ​ចម្លាក់​ផ្តែរ​ប្រាសាទគោករកា ក្នុង​ខេត្តកំពង់ធំ ព្រោះ​នៅលើ​ក្បាច់​ផ្តែរ​នេះ​យើង​ឃើញ​មាន​វត្តមាន​របស់​ព្រះអាទិទេព​ទាំងពីរ​អង្គ​ខាងលើនេះ ។​

ជាទូទៅ​នៅ សតវត្សរ៍​ទី​១០ និង​ទី​១១ នៅលើ​ចម្លាក់​តំណាង​ឲ្យ​អាទិទេព​ទាំង ៩ រក្សា​ទិស​ឬ​នព្វគ្រោះ ពិសេស​ចម្លាក់​នៅ​ប្រាសាទគោករកា យើង​ឃើញ​មាន​ព្រះអាទិត្យ​និង​ព្រះចន្ទ្រ (​ថ្នាក់​ទី​១ និង​ទី​២), រាហូ​និង​កេតុ​នៅ​ថ្នាក់​ទី​៨ និង​ទី​៩ ។

ម្យ៉ាងវិញទៀត សូមជម្រាបថា ព្រះអាទិត្យ​ប្រថាប់​លើ​រថ​ចម្បាំង​មួយ ដែល​ទាញ​ដោយ​សេះ​ពីរ នៅលើ​ព្រះហស្ដ​ទាំងពីរ​មាន​កាន់​ទង​ផ្កាឈូក ។ ព្រះចន្ទ្រ​ប្រថាប់​លើ​បល្ល័ង្ក នៅលើ​ដៃ​ទាំងពីរ​ក៏មាន​កាន់​ផ្កាឈូក​ដែរ ។ រីឯ​រាហូ​វិញ ដែលមាន​មុខមាត់​ដ៏​អាក្រក់ គ្រោតគ្រាត​នោះ មាន​ដងខ្លួន​ហ៊ុមព័ទ្ធ​ដោយ​ពពក​យ៉ាង​ក្រាស់ឃ្មឹក ហើយ​នៅ​ដៃស្តាំ​ក៏មាន​កាន់​នំ​ឬក៏​ជា​ផ្កា​មួយទង​ផងដែរ ។ ព្រះ​កេតុ ដែល​គេ​អាច​សម្គាល់​តាមរយៈ​ទង់ ដែល​ពាក់​នៅលើ​រាងកាយ ហើយ​មាន​យានជំនិះ​ជា​សិង្ហតោ ៕ F(​ម​.​ត្រា​ណេ​)​

spot_img
×