Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Burn Gaming ក្លាយជា​ក្រុម​ជើងឯក​ក្នុង​ព្រឹ​ត្ដិ​ការណ៍ Metfone All Star Arena Tournament ក្រោយ​ផ្ដួល​ក្រុម Impunity KH នូវ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​មិនគួរ​ឲ្យ​ជឿ​

spot_img

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី 18 ដល់ទី 26 ខែកក្កដា ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បានរៀបចំ​ព្រឹ​ត្ដិ​ការណ៍​ប្រកួត​ហ្គេម Mobile Legends Tournament ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ក្រោម​ចំណងជើង «Metfone All Star Arena Tournament»​។ នេះ​គឺជា​ព្រឹ​ត្ដិ​ការណ៍​វិសេស និង​ពេញនិយម ដែលមាន​ការចូលរួម​ពី​បេក្ខភាព​ឆ្នើម ៨ ក្រុម​ក្នុង​ពិភព​ហ្គេម​អេឡិចត្រូនិក (e-Sport) មកពី​ទូទាំងប្រទេស ជាមួយ​ប្រាក់រង្វាន់​សរុប ១ ម៉ឺន​ដុល្លារ​។ ក្រោយពី​ការប្រកួត​ដ៏​ជក់​ចិ​ត្ដ និង​គួរ​ឲ្យ​ទាក់ទាញ​រយៈពេល 2 សប្ដាហ៍ ការប្រកួត​នេះ​បាន​រកឃើញ​ក្រុម​ជើងឯក​គឺ​បាន​ទៅលើ Burn Gaming​។

​ដំណាក់កាល​ចុងក្រោយ ក្រោម​ទម្រង់​លេង Bo5 (​ដែល​អ្នកឈ្នះ 3 ប្រកួត​ដំបូង នឹង​ក្លាយជា​អ្នកឈ្នះ​ការប្រកួត​ទាំងស្រុង​) ជាការ​ប្រកួត​រវាង​ក្រុម Impunity KH និង Burn Gaming ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី 26 ខែកក្កដា​។ ពួកគេ​គឺជា​ក្រុម 2 ឆ្នើម​បំផុត ដែល​បាន​ផ្ដួល​ក្រុម​ជំនាញ 6 ក្រុម​ផ្សេងទៀត​ដើម្បី​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ យ៉ាងណាមិញ នៅវេលា​ដ៏​រំជើបរំជួល​នោះ ក្រុម Burn Gaming បាន​លេង​ប្រកបដោយ​ទំនុក​ចិ​ត្ដ​ខ្ពស់បំផុត និង​បានឈ្នះ​ក្រុម Impunity KH ក្នុង​ពិន្ទុ 3-0​។ នៅ​ថ្ងៃ​ដដែល​នោះ ក្រុម Immortal Zodiac និង​ក្រុម Aquatix ក៏បាន​ប្រកួត​ដណ្ដើមយក​ជ័យលាភី​លេខ 3 និង​លេខ 4 ដែល​ក្រុម Aquatix បានឈ្នះ​ដំណែង​លេខ 3 និង​លេខ 4 បាន​ទៅលើ​ក្រុម Immortal Zodiac​។​

​ការប្រកួត​ទាំង​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ទាំងអស់​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​មិ​ត្ដ​ហ្វូ​ន​។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ដែលមាន​អ្នកទស្សនា​លើ​អន​ឡាញ​ជាង 35,000 នាក់ និង​មានការ​ប្រតិកម្ម​ជិត 20 ម៉ឺន​ដង​អំឡុងពេល​នៃ​ការប្រកួត​នេះ​។

​ក្នុងការ​ប្រគល់​រង្វាន់​ដល់​ក្រុម​ទាំង 8 ដែល​បាន​ចូលរួម​ប្រកួត លោក Phung Van Cuong នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បាន​ថ្លែងថា​៖ «​ព្រឹ​ត្ដិ​ការណ៍ Metfone All Star Arena នេះ​គឺជា​ភាពជោគជ័យ​មួយទៀត​របស់​មិ​ត្ដ​ហ្វូ​ន ក្នុងការ​ផ្ដល់ជូន​ដល់​អតិថិជន​មិន​ត្រឹមតែ​ជាការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ការកម្សាន្ដ​គុណភាព​ខ្ពស់បំផុត​នោះទេ ប៉ុន្ដែ​ក៏​ជាការ​ចូលរួមចំណែក​ការកសាង​បរិស្ថាន​កីឡា​អេឡិចត្រូនិក​ដ៏​រឹងមាំ និង​រីកចម្រើន​នៅ​កម្ពុជា​ផងដែរ​»​។ លោក​បាន​បន្ថែមថា​៖ «​អ្វីដែល​សំខាន់បំផុត ព្រឹ​ត្ដិ​ការណ៍​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការប្តេជ្ញាចិត្ត​រយៈពេល​វែង​របស់​មិ​ត្ដ​ហ្វូ​ន ដើម្បី​អភិវឌ្ឍ និង​បង្កើត​កម្មវិធី​កីឡា​អេឡិចត្រូនិក​ដ៏​អស្ចារ្យ​នេះ ក៏ដូចជា​សកម្មភាព​ហ្គេម​លើ​ទូរស័ព្ទដៃ​ច្រើន​ទៀត​នាពេលខាងមុខ​ដ៏​ខ្លី​»​។

​ជួប​ជាមួយ​មេក្រុម Burn Gaming ដែល​បាន​គ្រង​ជើងឯក លោក Leexin បាន​ចែករំលែក​នូវ​អារម្មណ៍​រីករាយ​ថា​៖ «​យើង​មាន​ក្ដីរំភើប​រីករាយ​យ៉ាងខ្លាំង​ដែល​បានឈ្នះ​ក្នុងការ​ប្រកួត​នេះ​។ Metfone All Star Arena Tournament ពិតជា​ការប្រកួត​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ក្រុម​របស់ខ្ញុំ​បាន​ចូលរួម​កន្លងមក​។ ខ្ញុំ​ចង់​និយាយ​ពាក្យ​អរគុណ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​យើង ក្រុមគ្រួសារ និង​មិ​ត្ដ​ភក្ដិ​ទាំងអស់ ជាពិសេស ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន ដែល​តែងតែ​គាំទ្រ​ពួកយើង​តាំងពីដើម​រៀងមក​។ ក្រុម Burn Gaming យើងខ្ញុំ​សូម​ជូនពរ និង​ប្ដេជ្ញា​នាំយក​កីឡា​អេឡិចត្រូនិក​នេះ​ទៅកាន់​ឆាក​អន្ដរជាតិ​នាពេលខាងមុខ​»​។

​ការប្រកួត​នេះ​ក៏​ជា​គោលដៅ​មួយ​សម្រាប់ មិ​ត្ដ​ហ្វូ​ន ក្នុងការ​ប្រែ​ក្លាយខ្លួនជា​ក្រុមហ៊ុន Digital Transformation ដោយ​ផ្តោត​សំខាន់​លើ​មាតិកា​បច្ចេកវិទ្យា​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​។ ការរៀបចំ​ព្រឹ​ត្ដិ​ការណ៍ e-Sport គឺជា​វិធីសាស្ដ្រ​មួយ ក្នុង​បេសកកម្ម “​បង្កើត​ទំនាក់ទំនង​សង្គម​ឌីជីថល​” ដែល​មិ​ត្ដ​ហ្វូ​ន​មិន​ត្រឹមតែ​ផ្ដល់នូវ​សេវាកម្ម​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្ដាញ​ដ៏​ធំ​បំផុត និង​រឹងមាំ​បំផុត​ផងដែរ​។ មិ​ត្ដ​ហ្វូ​ន នឹង​ពង្រីក​នូវ​ការផ្ដល់​សេវាកម្ម​ឌីជីថល​បន្ថែមទៀត ដូចជា Fintech, eSport, eEducation, eHealth, Smarthome និង Smart City ជាដើម​៕
​ដោយ​៖CEN

 

spot_img
×