Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ណែនាំ​ឲ្យ​បណ្ឌិត្យសភា បណ្ដុះបណ្ដាល​កងកម្លាំង​នគរបាល ឱ្យមាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ​

spot_img

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ​(២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ត​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​

​ក្នុង​ពិធី​បិទ​សន្និបាត សម្តេច​ក្រឡាហោម បានធ្វើ​ការណែនាំ និង​ផ្តាំផ្ញើ​នូវ​អនុសាសន៍​ចំនួន​៦ ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត របស់​បណ្ឌិត្យសភា​ឱ្យ​ទទួលបាន​ជោគជ័យ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ដែលមាន​ដូចខាងក្រោម​៖

​ទី​១. អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យឡើងវិញ​លើ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០២១ របស់​បណ្ឌិត្យសភា​ដែល​បាន​កាត់ចេញ និង​ត្រូវខិតខំ​សម្របសម្រួល​ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក្សា​កញ្ចប់​ថវិកា​តាម​សំណើ​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វគ្គ​សិក្សា​នានា​ដែល​ត្រូវ​បណ្តុះបណ្តាល​។​

​ទី​២. អង្គភាព​ពាក់​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​តម្លៃ និង​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ដែលមាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ដែល​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា ឬ​នៅក្រៅ​ប្រទេស​។​

​ទី​៣. បណ្ឌិត្យសភា​ត្រូវ​បន្ដ​កសាង​វប្បធម៌​គុណភាព ក្នុងការ​បណ្ដុះបណ្ដាល​ក​ង​កម្លាំង​នគរបាល ឱ្យមាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម​ជាតិ​។​

​ទី​៤.​បណ្ឌិត្យសភា​ត្រូវ​ជំរុញ​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល និង​ត្រូវ​ប្រមូល​ព័ត៌មាន ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ធនធានមនុស្ស​ដែល​បាន​បណ្ដុះបណ្ដាល​រួច នៅតាម​អង្គភាព​ប្រើប្រាស់​កងកម្លាំង​នានា​។​

​ទី​៥.​ទាក់ទង​ទៅនឹង​សារមន្ទីរ​នគរបាលជាតិ ដែល​គ្រោង​សង់​ថ្មី​ក្នុង​បរិវេណ​បណ្ឌិត្យសភា ក្នុងន័យនេះ សម្តេច​ក្រឡាហោម ស្នើសុំ ឯកឧត្ដម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន ឯកឧត្ដម​សន្តិ​បណ្ឌិត ម៉ៅ ប៊ុណ្ណា​រិ​ន ឯកឧត្ដម សេង យូ​អ៊ា​ន់ និង​ឯកឧត្ដម សេង ផល្លី ត្រូវ​ជួបប្រជុំ​ពិភាក្សាគ្នា​អំពី​ការផ្ទេរ​ការគ្រប់គ្រង និង​ការសាងសង់​សារមន្ទីរ​នគរបាលជាតិ​នេះ​។​

​ទី​៦.​បណ្ឌិត្យសភា​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ណែនាំ​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូចជា ការពាក់​ម៉ាស់ ការ​លាងដៃ​នឹង​សាប៊ូ ជែ​ល អាល់កុល ការ​វាស់​កម្ដៅ ការរក្សា​គម្លាត​សុវត្ថិភាព ជាដើម​។​

​សូមជម្រាបថា បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅ បានដាក់​ចេញ និង​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​កំណែទម្រង់​របស់ខ្លួន​លើ​ការងារ​សំខាន់ៗ​ទាក់ទង​នឹង​ការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍ​កម្មវិធី​អប់រំ ការអភិវឌ្ឍ​សមត្ថភាព​គ្រូ និង​មន្ត្រី ការអភិវឌ្ឍ​ធនធាន​រូបវន្ត និង​ធនធាន​សិក្សា ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល កិច្ចសហការ​ប្រតិបត្តិ​ការ​អន្តរជាតិ និង​ការពង្រឹង​វិន័យ​អ្នកសិក្សា​។​
​ការធ្វើកំណែទម្រង់​ខាងលើនេះ គឺ​ដើម្បី​ឈានទៅ​សម្រេចបាន​ជោគជ័យ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់ខ្លួន ការកសាង​វប្បធម៌​គុណភាព និង​ការលើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ​កងកម្លាំង​នគរបាលជាតិ ស្របតាម​តម្រូវការ​របស់​សង្គម​ជាតិ ព្រមទាំង​ធានាបាន​នូវ​ភាពម្ចាស់ការ​លើ​ការអប់រំ​បណ្តុះបណ្តាល​កងកម្លាំង​នគរបាលជាតិ​ក្នុងពេល​អនាគត​។​

​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ឯកឧត្តម នាយ​ឧ​ត្ត​សេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី មានប្រសាសន៍ថា «​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន បណ្ឌិត្យសភា បានធ្វើការ​បណ្ដុះបណ្ដាល បាន​ចំនួន​២០៩​វគ្គ សរុប​ចំនួន​២០៩៩៦​នាក់ នារី​២៥៣៤​នាក់ ដោយ​សម្រេចបាន​៨៦%​នៃ​ផែនការ​»​។​
​ឯកឧត្តម​បន្ដថា បណ្ឌិត្យសភា​នគរបាល​កម្ពុជា បណ្ដុះបណ្ដាល​ធនធានមនុស្ស គិត​ជា​មធ្យម​ក្នុង​១​ឆ្នាំ បាន​ចំនួន​៤២​វគ្គ ដែលមាន​អ្នកសិក្សា​ជា​មធ្យម ចំនួន​៤២០០​នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី លើកឡើង​ទៀតថា លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំ បណ្ឌិត្យសភា​នគរបាល​កម្ពុជា សម្រេចបាន​លទ្ធផល​៨០,៩% នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំ ក្នុងនោះ លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​តាម​ឆ្នាំ​នីមួយៗ រួមមាន ៖ ឆ្នាំ​២០១៥​សម្រេចបាន​៧៣,៨៩% ,​ឆ្នាំ​២០១៦​សម្រេចបាន ៧៣,៨៥% ,​ឆ្នាំ​២០១៧ សម្រេចបាន​៧៨,២០% ,​ឆ្នាំ​២០១៨​សម្រេចបាន​៨២,១០% និង​ឆ្នាំ​២០១៩ សម្រេចបាន​៩២,៤០%៕
​ដោយ​៖​កូ​ឡាប​

spot_img
×