Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ធម្មការ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​បុគ្គល ធាន វុទ្ធី តាំងខ្លួន​ជា​ព្រះអរហន្ត​

spot_img

​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជា​ឲ្យ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ និង​ជំនាញ​ពាក់ព័ន្ធ​ចុះទៅពិនិត្យ​មើល​ករណី​បុគ្គល​ឈ្មោះ ធាន វុទ្ធី ដែល​បាន​តាំងខ្លួន​ជា​ព្រះអរហន្ត​។ ការបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា គឺ​បន្ទាប់ពី​មានប្រតិកម្ម​រិះគន់​របស់​ប្រជាពលរដ្ឋ​លើ​បុគ្គល​ឈ្មោះ ធាន វុទ្ធី តាំងខ្លួន​ជា​ព្រះអរហន្ត​សារ និង​បានដាក់​រូប​ព្រះ​ឆ័​យា​លក្ខណ៍​របស់​អតីតព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្រោម​ជើង​រូបសំណាក​របស់ខ្លួន​ថែមទៀត ក្នុង​ពិធីបុណ្យ​មួយ​ស្ថិតនៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ​។​

​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងប្រាប់ CEN ឲ្យ​ដឹងថា ទាក់ទង​ករណី​បុគ្គល ធាន វុទ្ធី នេះ រដ្ឋ​មន្ត្រ​ក្រសួង​ធម្មការ និង​សាសនា បានធ្វើ​ការណែនាំ​ទៅកាន់​មន្ទីរជំនាញ​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ដោយផ្ទាល់ រួច​ធ្វើ​របាយការណ៍​មក​ក្រសួង​វិញ ប៉ុន្តែ​មិនទាន់​ធ្វើ​របាយការណ៍​បញ្ជូនមក​ក្រសួង​នៅឡើយ​ទេ​។ ហើយ​ខាង​មន្ទីរ​ធម្មការ​សាសនា និង​ធម្មការ កំពុងតែធ្វើការ​សិក្សា និង​ធ្វើ​របាយការណ៍​មក​ក្រសួង​។​

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់ថា “​ខាង​ក្រសួង​មិនទាន់មាន​វិធានការ​អី​នៅឡើយ​ទេ ចាំមើល​របាយការណ៍​ជំនាញ​ខាងក្រោយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​ម៉ត់ចត់ គឺ​យើង​ឲ្យ​ខាង​ជំនាញ​យើង​សិក្សា​សិន​”​។​

​ចំណែក​នៅលើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ប្រជាពលរដ្ឋ​មានប្រតិកម្ម និង​ការខឹង​សម្បារ​យ៉ាងខ្លាំង​លើ​បុគ្គល​ឈ្មោះ ធាន វុទ្ធី និង​បានស្នើ​ទៅ​ក្រសួង​ធម្មការ និង​សាសនា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅលើ​បុគ្គល​ឈ្មោះ ធាន វុទ្ធី ស្លៀក​ស​ពាក់​សមក​តាំងខ្លួន​ថា ជា​ព្រះអរហន្ត ព្រមទាំង​មានការ​ដង្ហែ​ជា​អង្គ​កឋិនទាន​ទៀត​។ ដែល​បាន​កើតឡើង​នៅ​ស្ថិតនៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា “​អ្នក​ស្លៀកពាក់​ទ្រង់គ្រឿង​ម្នាក់ មក​តាំងខ្លួន​ជា​ព្រះបិតា​ចក្រ​វា​ឡ ជា​អង្គ​ព្រះ​ពោធិសាត់ នេះ​ជាការ​ប្រមាថ​យ៉ាងច្បាស់​។ តើ​ព្រះអរហន្ត​ចេញ​មកពីណា មិច​បាន​កោះហៅ យាង​សម្តេច​សង្ឃ និង​ភិក្ខុ​តាម​បណ្តា​វត្ត​ទៅ​ជួប ហើយ​សម្តែងធម៌​ទេសនា​ប្រោស​ផង​? តើ​ស្តេច​មួយអង្គ​ទៀត​សោយរាជ​ពី​ពេលណា មិច​បាន​ដំណឹង​នេះ​អត់​ឃើញ​អញ្ជើញ​អភិបាលខេត្ត ទូទាំងប្រទេស​ទៅ​ចូលរួម​? តើ​ទាំងនេះ​មកពី​មូលហេតុ​អ្វី​? តើ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​គិត​យ៉ាងណា​?”​។​
​សូម​រម្លឹកថា បុគ្គល​ឈ្មោះ ធាន វុទ្ធី ធ្លាប់បាន​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេត្រី ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចាត់វិធានការ​តាមច្បាប់ និង​បាន​បាត់​មុខ​មួយរយៈ​មកហើយ ប៉ុន្តែ​ស្រាប់តែ​បង្ហាញខ្លួន​សារជាថ្មី និង​បាន​តាំងខ្លួន​ជា​ព្រះអរហន្ត​៕​ដោយៈ មុនីរាជ​

spot_img
×