Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ជំនឿ​ផ្លូវ​ងងឹត គ្របដណ្តប់​លើ​គម្រោង​រុះរើ​ប្រាសាទ​កំពូល ៣ ចាស់ នៅ​ច្រក​ទ្វារ​អន្តរជាតិ​អន្តរជាតិ​ប៉ោយ​ប៉ែត​

spot_img

បន្ទាយមានជ័យ ៖ បញ្ហា​ជំនឿ​ផ្លូវ​ងងឹត​បាន​គ្របដណ្តប់​លើ​គម្រោង​រុះរើ​យក​ចេញ​នូវ​សំណង់​ខ្លោងទ្វារ​ប្រាសាទ​កំពូល ៣ ធ្វើ​ពី​បេតុង និង​ដែក នៃ​ច្រកព្រំដែន​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ។​

ទោះជា​យ៉ាងណា ក៏​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​អះអាងថា ពួក​ខ្លួន​ភ័យ​ខ្លាច​នឹង​ជំនឿ​ដែល​មិន​អាច​វែកញែក​តវ៉ា​បាន​នោះ​ផង និង​សម្ពាធ​ពី​ការរារាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផង​លើ​គម្រោង​នេះ ប៉ុន្តែ​ត្រូវ​តែ​រុះរើ​ប្តូរ​ទីតាំង​សំណង់​នេះ ។​

លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ប្រាប់​ល្ងាច​ថ្ងៃទី​៣០ មករា​ថា ៖ អាជ្ញាធរ​ក្រុង​និង​លោក​ផ្ទាល់​បាន​ទទួល​សណ្តាប់​មតិយោបល់​និង​សុំ​អនុសាសន៍​ទាំងឡាយ​ទាំង​ពលរដ្ឋ ទាំង​ថ្នាក់​ក្រោម​ទាំង​ថ្នាក់​លើ រួម​ទាំង​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​និង​ពី​លោក សួន បវរ អភិបាលខេត្ត​រួច​ហើយ ពី​ករណី​ត្រូវ​កាត់ ដក រុះរើ​ខ្លោងទ្វារ​ប្រាសាទ​កំពូល ៣ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​មក​ដាក់​នៅ​ត្រង់​រង្វង់​មូល​ប៉ោយ​ប៉ែត​។​

ករណី​រុះរើ​ខ្លោងទ្វារ ដែល​កសាង​ពី​ចុង​ទសវត្សរ៍​ទី​៩០​នេះ អ្នក​មាន​ជំនឿ ពលរដ្ឋ មន្ត្រី​និង​លោក សាន ស៊ានហូ បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​ដ៏​លំបាក​និង​ភ័យខ្លាច​ថា ៖ នៅ​ពេល​អោយ​ស្ថាបត្យករ​វ័យក្មេង​គ្រាន់​គូរ​ពង្រាង​ប្លង់​ខ្លោងទ្វារ​នោះ ដើម្បី​ត្រៀម​កាត់ ស្ទូច​ដក និង​បំលាស់​ទី ក៏​ស្រាប់តែ​នៅពេល​យប់​មាន​គេ​អោយ​យល់សប្តិ​ទៅ​ស្ថាបត្យករ​នោះ​នៅពេល​យប់​ថា រូប​តោ​ទាំង​២​រូប​នៅ​ចាំ​នឹង​ជើង​ខ្លោងទ្វារ ស្ទុះ​មក​ខាំ​ក្រញី សម្លុត​ថា កុំ​យក​ខ្លោង​នោះ​ចេញ​ទៅ​ណា​អោយ​សោះ​។ ពុំនោះ​ទេ​នឹង​ខាំ​ប្រហារ​អសារ​បង់ជីវិត​។​

ចំណែក​ជាង​ផ្សា​ដែក ដែល​បាន​ឡើង​ផ្សា​សាកល្បង​លើ​កំណាត់​ខាងលើ​ខ្លោងទ្វារ​ប្រាសាទ លុះ​យប់​ឡើង បុរស​នោះ​បាន​យល់សប្តិ​ឃើញ​ដូនចាស់​ម្នាក់​ស្លៀក​ក្បិន​ពណ៌​ស​និង​ពាក់​អាវទ្រនាប់​ពណ៌​ខ្មៅ ដើរចេញ​ពី​ពី​ដើម​ពោធិ៍​នៅក្បែរ​អូរ​ព្រំដែន ហើយ​មក​គំរាម​ថា មិន​អោយ​រុះរើ​យក​ខ្លោងទ្វារ​នេះ​ចេញ​ឡើយ​។ បើ​ហ៊ាន​យក​នឹងមាន​គ្រោះថ្នាក់​ធំ​មិន​ខាន​។​

ប៉ុន្តែ ដូនជី ក្នុង​សុបិ​ន្តនោះ បាន​និយាយ​សម្រួល​មកវិញ​ថា គាត់​អាច​អនុញ្ញាតិ​អោយ​យក​ខ្លោងទ្វារ​នេះ​ចេញ​បាន កុំ​តែ​បំផ្លាញចោល​កេរ ហើយ​ត្រូវ​អនុវត្ត​តាម​របៀប​ប្រណិប័ត​ខាង​ជំនឿ​ផ្លូវ​ងងឹត​ដូចជា ៖ ត្រូវ​សែនព្រេន រណ្តាប់​ដង្វាយ មាន​ភ្លេង មាន​របាំ មាន​ពី​អី​ដង្ហែ​តាម​វេលា និង​ច្រក​ផ្លូវ​ដែល​កំណត់ ។​

ត្រូវ​ចង​ព័ទ្ធសីមា​ក្រណាត់ ស​តាមផ្លូវ​ហែ​និង​ត្រង់​ស្ពាន​ឆ្លងកាត់​ថ្នល់​នៃ​អគារ​កាស៊ីណូ​ហ្គ្រែ​នដាយ​អឺ​ម៉ិន​ស៊ីធី និង​ហាម​មនុស្ស ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​ពី​លើ​ស្ពាន​នោះ​ក្នុងអំឡុង​ក្បួន​ឆ្លងកាត់​។​

ឯ​ពលរដ្ឋ​ពលរដ្ឋ​ជាច្រើន បាន​ស្នើសុំ​អោយ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ កុំ​គាស់​រំលើង​យក​ខ្លោងទ្វារ​ប្រាសាទ​កំពូល ៣ នេះ​ចេញ ព្រោះ​ប្រាសាទ​នេះ​បាន​ក្លាយជា​និមិត្តរូប ជា​កិត្យានុភាព​និង​បង្គោល​កៀក​ព្រំដែន​នៃ​ស្ពាន​ច្រកទ្វារ​ព្រំដែន​ទៅ​ហើយ​។​

ប៉ុន្តែ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ពន្យល់ថា ករណី​ត្រូវសុំ​រើ​យក​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​នេះ មិនមែន​ជា​គំនិត​របស់​ក្រុង​ឬ​ខេត្ត​។ តែ​ជា​គម្រោង​របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា​តែម្តង ដែល​ត្រូវ​រុះរើ​វាយចោល ព្រោះ​សំណង់​អគារ​អ្នកដំណើរ និង​ការិយាល័យ​ធ្វើការ​ថ្មី​ធំ និង​ខ្ពស់ ទំនើប​ប្រហាក់ប្រហែល​នឹង​អគារ​ខាង​ភាគី​ថៃ​ដែរ ត្រូវ​បាន​បាន​សាងសង់​ចំ​ត្រង់​ខ្លោងទ្វារ​នោះ​។​

ឯ​រដ្ឋបាល​ក្រុង​និង​ខេត្ត​ដែល​សោកស្តាយ បាន​ស្នើសុំ​កាត់​រុះរើ​និង​ដឹកជញ្ជូន​តាម​បច្ចេកទេស​ផង តាម​លក្ខណ​:​ជំនឿ​ផង ដើម្បី​យកមក​ដាក់​អោយ​ខ្ពស់​ដដែល ឬ​ខ្ពស់ជាង​មុន​នៅ​ត្រង់​រង្វង់​មូល​ប៉ោយប៉ែត ដោយ​ទុក​ច្រក​អោយ​រថភ្លើង​រត់​ពីក្រោម​តែម្តង ។​ពោល​គឺ ការរៀបចំ​នេះ មិនបាន​អោយ​ខ្លោងទ្វារ​នេះ បាត់បង់​ឡើយ គ្រាន់តែ​ដូរ​ទីតាំង​តាម​តម្រូវការ​ជាក់ស្តែង ហើយ​ក្រុង​ត្រូវ​រៀបចំ​កែលម្អ បន្លែ​ម​ការដាំ​ដើមត្នោត ភ្លើង​បំភ្លឺ ដែល​អាច​ចំណាយ​ថវិកា​រួម​ដល់​ទៅ​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​ដុល្លារ​ឯណោះ ។​

ក្នុងនោះ ការ​កាត់ ស្ទូច ដឹកជញ្ជូន ចល័ត​ខ្លោងទ្វារ​ក៏​លំបាក​និង​ចំណាយ​ខ្ពស់​ណាស់ ព្រោះ​ពិបាក​រក​ក្រុមហ៊ុន ឬ​បុគ្គល​ណា​ហ៊ាន​ធ្វើ​ប ន្ទា​ប់​ពី​មាន​អភូតហេតុ​ជំនឿ​ដូចខាងលើ​។​

ទោះយ៉ាងណា លោក​សាន ស៊ានហូ និយាយ​ប្រាប់​ថា ៖ ក្រុង​ត្រូវតែ​ធ្វើ ព្រោះ​គ្រាន់តែ​សុំ​ផ្លាស់ប្តូរ​ទីតាំង​ខ្លោងទ្វារ មិនមែន​វាយចោល​ទទេ​ឯណា​? ហើយ​ក្រុង​ក៏​នឹង​រៀបចំ​គ្រឿង​រណ្តាប់​និង​ពិធី​ដូច​ខាង​ផ្នែក​ជំនឿ​ណែនាំ​៕​ ដោយ ៖ បន្ទាយ

spot_img
×