ភ្នំពេញ៖ បច្ចុប្បន្ននេះ ហាងកែសម្ផស្សឬ ហាងសាឡន គេសង្កេតឃើញថាមានបើកយ៉ាងច្រើន នៅក្នុងប្រទេសរបស់យើង ដើម្បីបំពេញទៅតាមតម្រូវការសម្រាប់អ្នកដែលចង់មានមុខមាត់ស្រស់ស្អាត ផ្ទុយពីធម្មជាតិផ្តល់ឲ្យ។ ប៉ុន្តែ ទោះយ៉ាងណា កន្លែងកែសម្ផស្សខ្លះក៏បានបង្កជាបញ្ហាសម្រាប់អតិថិជនជារឿយៗផងដែរ ដោយកន្លងមក យើងក៏ធ្លាប់បានឃើញអតិថិជនមួយចំនួន បង្ហាញការមិនពេញចិត្ត ព្រោះតែលទ្ធផលមិនដូចបំណងប្រាថ្នា ឬ ធ្វើឲ្យកាន់តែយ៉ាប់លើសដើម។
ជាក់ស្តែង ដូចករណីបងស្រីម្នាក់នេះអ៊ីចឹង ក្រោយពីទៅធ្វើការផ្លុំបបូរមាត់នៅហាងសាឡនមួយកន្លែង តែលទ្ធផល ធ្វើឲ្យបបូរមាត់គាត់ត្រូវរលេះរលួយ ដែលធ្វើឲ្យគាត់ឈឺចាប់ និងមានវិប្បដិសារីដូចធ្លាក់នរកទាំងរស់។ ជាមួយនឹងលទ្ធផលបែបនេះ គាត់ក៏ចោទប្រកាន់ហាងសាឡននោះថា ខ្វះវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ហើយសូម្បីគ្មានទំនួលខុសត្រូវថែមទៀតផង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Yansokha Mao បានចែករំលែកពីលទ្ធផលដ៏ឈឺចាប់នេះ និងក៏ដូចផ្តាំផ្ញើដល់នារីទាំងឡាយបានដឹងថា៖ «ថ្ងៃនេះនាងខ្ញុំ សម្រេចចិត្តទំលាយរឿងរបស់នាងខ្ញុំដោយសារតែចង់ស្អាតខ្វះការពិចារណាឲ្យបានវែងឆ្ងាយ នាងខ្ញុំបានទៅផ្លុំបបូរមាត់ ប៉ុន្តែដោយសារតែខាងសាឡនខ្វះវិជ្ជាជីវៈ និងជំនាញឲ្យបានច្បាស់លាស់ ធ្វើឲ្យខូចបបូរមាត់ រលួយ រលះ ហើយខាងសាឡន មិនមានទំនួលខុសត្រូវ ថែមទៀត ។
អ្វីដែលនាងខ្ញុំសរសេរនេះចង់ឲ្យបងប្អូនមិត្តនារី កុំឲ្យដូចរូបខ្ញុំ មានវិប្បដិសារី ដូចធ្លាក់នរកទាំងរស់។ ជាចុងក្រោយ នាងខ្ញុំសូមអរគុណដល់បងៗ សប្បុរសជន មានចិត្ត មេត្តាករុណា ចំពោះនាងខ្ញុំ»។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកយកព័ត៌មានមិនទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់សាឡននោះបានទេ៕ ដោយ៖ លឹម ហុង