Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តព្រៃវែង ចំនួន ៧ នាក់ ទទួល​ការដាក់វិន័យ ផ្អាក​ការងារ​បណ្ដោះអាសន្ន ដោយសារតែ​ចាប់​ប្រជាពលរដ្ឋ​២​នាក់ វាយ​ជាំ​ពេញ​ខ្លួន ជំរិត​យកលុយ​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ដាក់វិន័យ​កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​៧​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុសពី​វិន័យ និង​វិជ្ជាជីវៈ​កងកម្លាំង​នគរបាលជាតិ ដោយ​ផ្អាក​ការងារ​បណ្តោះអាសន្ន តាម​សេចក្តីសម្រេច​លេខ ៤៩០​សសរ ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ខេត្តព្រៃវែង ចុះទៅ​ធ្វើការ​សូមទោស ប្រជាពលរដ្ឋ​ពលរដ្ឋ​៦​គ្រួសារ ចំពោះ​ទង្វើ​មន្ត្រី​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប អ្នកប្រើប្រាស់​គ្រឿងញៀន នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ព្រមទាំង​ប្រគល់​ថវិកា​សង​ដល់​ក្រុមគ្រួសារ​វិញ​។​

​ពាក់ព័ន្ធ​នឹង​ការសម្រេច​ដល់​វិន័យ​ចំពោះ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ដោយសារតែ ៖ ១.​នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើ​ការសុំ​អភ័យទោស និង​នាំយក​ថវិកា​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ទាំង​៦ ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​ខេត្តព្រៃវែង​បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន រួច​ដោះលែង​ត្រឡប់ទៅផ្ទះ​វិញ​ជា​ថ្នូរ​និង​ការទទួលប្រាក់​។

២.​កាលពី​ថ្ងៃទី​២០ ខែកក្កដា វេលា​ម៉ោង ២០ និង ៣០​នាទី កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ខ្លោងទ្វា​វត្ត​រោងដំរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ចំនួន​២​នាក់ ដោយ​អំពើហិង្សា​កើតឡើង​បង្ក​ឲ្យ​មាន​របួសស្នាម​។ ហើយ​ក្រោយមក​បានប្រគល់​ជន​ទាំង​២​នាក់​នោះ​ឲ្យ​ឱ​ពុក​-​ម្តាយ​ដើម្បី​យកទៅ​គ្រប់គ្រង និង​អប់រំ​បន្ត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បានដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹង​ការអនុវត្តន៍​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​នៅ​ទូទាំងប្រទេស និង​មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រីនគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​អាច​ឈានដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ទៀតផង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន ចំពោះ​មន្ត្រី​នគរបាលជាតិ​ចំនួន​៧​រូប​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តព្រៃវែង ដូចជា ១) ឧ​ត្ត​ម​សេនី​ត្រី​យ៍ ថោង វណ្ណឌី ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ២)​វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ៣) អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ៤) អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ៥) អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ៦)​អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​៧) អនុសេនីយ៍ទោ យុន តារា​ភ័​ស្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។​

​សាមីខ្លួន ដែលមាន​ឈ្មោះ​ក្នុង​ប្រកា​១ ត្រូវ​មក​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើ​ការងារ នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។

​បើតាម​លោក​ផែង វណ្ណៈ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ ខ្ញុំ​បាន​ចុះមក​ខេត្តព្រៃវែង​ជួប​យុវជន ២​នាក់ ជា​កម្មករ​ផ្សារ​ដែក ដែល​រងគ្រោះ​ដោយសារ លោក​អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចាប់ធ្វើ​ទារុណកម្ម និង ជំរិត​យកលុយ ៤ លាន​រៀល កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ទាំង​ប្អូន​ទាំងពីរ​គ្មាន​កំហុស​អ្វី​សោះ ។ ពេល​លោក​ទៅដល់ ទើប​ដឹងថា គ្រួសារ​យុវជន​ទាំងពីរ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ រក​មួយថ្ងៃ​រស់​មួយថ្ងៃ ហើយ​ឪពុកម្ដាយ​យុវជន​ទាំងពីរ បាននាំគ្នា​ទៅ​ខ្ចីលុយ​ចងការ​ប្រាក់​គេ​ម្នាក់ ២​លាន​រៀល សរុប ៤ លាន​រៀល ដោយ​គិតការ​ប្រាក់​ក្នុង​មួយខែ ១២ ម៉ឺន​រៀល ដើម្បី​យកទៅ​ឲ្យ​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា ទើប​ឈ្មោះ ទូច ធារ៉ា ដោះលែង យុវជន​ទាំងពីរ ។ ដោយ​ក្ដី​អាណិតអាសូរ​ខ្ញុំ​បាន​រៃ​លុយ​ជាមួយ​មិត្តភក្តិ បាន​ចំនួន ៤ លាន​រៀល និង ១៣ ម៉ឺន​រៀល​ថែមទៀត ឲ្យ​ពួកគាត់​យកទៅ​សង​គេ​វិញ ។ សង្ឃឹមថា​យុវជន​ទាំងពីរ​នេះ នឹង​ទទួលបាន​យុត្តិធម៌​ឆាប់ៗ ហើយ​មន្ត្រី​ពាក់ព័ន្ធ​នឹងត្រូវ​ទទួលទោស​តាមច្បាប់ ។​

​លោក​ស័ក្ដិ​៣ ទូច ធារ៉ា ពី​មន្ត្រី ផ្លោះ​ឡើង អនុប្រធាន​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង កំពុង​រង​ការចោទប្រកាន់​ពី យុវជន ២ នាក់ ថា​បាន​ចាប់​ពួកគាត់​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ធ្វើ​ទារុណកម្ម វាយ​នឹង​ស្នាប់​កាំភ្លើង​ផង ឆក់​នឹង​ដំបងឆក់​ផង និង​ជំរិត​យកលុយ ៤ លាន​រៀល កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ទើប​ដោះលែង ។
​ឥឡូវ​ពេល​ព័ត៌មាន​បែកធ្លាយ ភ័យ​ស្លន់ស្លោ ក៏​យកលុយ ៤​លាន​រៀល សង​យុវជន​រងគ្រោះ​វិញ តែ​យុវជន​រងគ្រោះ​មិន​ទទួល ហើយ​សំណូមពរ​ឲ្យ​ចាត់វិធានការ​ច្បាប់​ចំពោះ លោក​ស័ក្តិ​៣ ទូច ធារ៉ា ។ សង្ឃឹមថា​មិន​រួចខ្លួន​ទេ អា​ក្អូ​ន ក្រដាស់​មិនអាច​ខ្ចប់​ភ្លើង​បានទេ ។ សាង​ល្អ​បានល្អ សាង​អាក្រក់​បាន​លុយ ឥឡូវ​បាន​លុយ​ហើយ​ចាយ​មិនកើត ព្រោះ​ជា​លុយ​ក្ដៅក្រហាយ ។
​នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចំនួន ៧ នាក់ ទទួល​ការដាក់វិន័យ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​រង់​ចាំ​ការសម្រេច​ជាថ្មី​ពី​ថ្នាក់ដឹកនាំ ដោយសារតែ​ពួកគេ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​ប្រជាពលរដ្ឋ​ជំរិត​យកលុយ ៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×