Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មូលនិធិ​ព្រូ​ដិ​នស៍ បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​របស់ខ្លួន មកដល់​ខេត្តកំពង់ចាម​

spot_img

​ខេត្តកំពង់ចាម ៖​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក បានប្រកាស​នៅថ្ងៃនេះ​ថា មូលនិធិ នឹង​ប​ន្ព​ពង្រីក​កម្មវិធី អប់រំ​ហិរញ្ញវត្ថុ​សម្រាប់​កុមារ ឆា ឈី​ង (Cha-Ching Money Smart Kids) របស់ខ្លួន​មកដល់​ខេត្តកំពង់ចាម​។

​សេចក្ដីប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី មូលនិធិ​ព្រូ​ដិ​នស៍ បាន​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ឆ្នាំមុន​ថា ការអនុវត្ត​កម្មវិធី ឆា​-​ឈី​ង នឹង​ត្រូវបាន​ពង្រីក​វិសាលភាព​រយៈ ពេល ៣ ឆ្នាំ ខាងមុខ​ទៀត នៅ​ប្រទេស​កម្ពុជា​។​

​កាលពី​ខែសីហា ឆ្នាំ ២០១៧ មូលនិធិ​ព្រូ​ដិ​នស៍ ក៏បាន​សហការ​ជាមួយ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ ដើម្បី​អនុវត្ត​សាកល្បង​កម្មវិធី​អប់រំ ឆា ឈី​ង ដោយបាន​ជួយ​រៀបចំ​ផែនការ​មេរៀន និង​វគ្គ​បណ្តុះបណ្តាល​សម្រាប់​លោក​គ្រូ អ្នកគ្រូ ដើម្បីឱ្យ​ពួកគាត់​ជួយ​បង្រៀន​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សំខាន់ៗ​ដល់​សិស្សានុសិស្ស ។ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ ១៩ បាន​បង្ខំ​សាលារៀន​ទាំងអស់​ឱ្យ​បិទទ្វារ អាស្រ័យហេតុនេះ ការអនុវត្ត​កម្មវិធី ឆា ឈី​ង ឱ្យបាន​ពេញលេញ រួមទាំង​សកម្មភាព​ក្នុង​ថ្នាក់រៀន នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ចាម នឹងត្រូវ​បាន​ពន្យា​ពេល​រហូតដល់​មាន​សេចក្ដីប្រកាស​ជា​ផ្លូវ​ការឱ្យ​បើក​សាលារៀន​វិញ​ពី​រដ្ឋាភិបាល​។

​ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ នៅតាម​សាលារៀន​គោលដៅ អាច​ស្វែងរក​វគ្គ​បណ្ដុះបណ្ដាល និង​កម្មវិធី​អប់រំ ឆា ឈី​ង ដោយ​ខ្លួនឯង​តាមរយៈ​វីដេអូ ដែល​ធ្វើឡើង​ដោយ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​។

​កម្មវិធី ឆា​-​ឈី​ង «Cha-Ching Money Smart Kids» គឺជា​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​សម្រាប់​កុមារ អាយុ​ចាប់ពី ៧ ឆ្នាំ ដល់ ១២ ឆ្នាំ ដែល​ទទួលបាន​ពានរង្វាន់ និង​ជា​កម្មវិធី​បង្រៀន​ក្មេងៗ អំពី​ជំនាញ​ជា​មូលដ្ឋាន​នៃ​ការគ្រប់គ្រង​សាច់ប្រាក់ និង​ដើម្បី​ក្លាយ​អ្នកមាន​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​។ កម្មវិធី​នេះ មាន​តួ​អង្គជា​គំនូ​ជី​វច​ល​ចំនួន​៦​នាក់ ក្នុង​ក្រុម​តន្ត្រី​មួយ​ដែល​ផ្សព្វផ្សាយ​ពី​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ចំនួន​៤ រួមមាន ការរក​លុយ ការ​សន្សំ ការចំណាយ និង​ការបរិច្ចាគ តាមរយៈ​បទ​ចម្រៀង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​បទ​។​

​លោកស្រី ស៊ា​ង លក្ខិណា ប្រធាន​ត្រួតពិនិត្យ​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​សាធារណៈ របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បានឱ្យដឹងថា លោកស្រី​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​កម្មវិធី ឆា ឈី​ង សម្រេចបាន​កន្លងមក រួមទាំង​ការពង្រីក​វិសាលភាព​នៃ​កម្មវិធី មកដល់​កុមារ​រាប់ពាន់នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។

​លោកស្រី បាន​មានប្រសាសន៍ថា​៖ «​ក្រោយពី​ទទួលបាន​ជោគជ័យ ក្នុងការ​អនុវត្ត​កម្មវិធី ឆា ឈី​ង Cha-Ching Money Smart Kids ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រួចមក យើង​ពិត​ជាមាន​សេចក្តី​សោម​ន្ស នឹង​ពង្រីក​វិសាលភាព កម្មវិធី​នេះ​បន្ថែមទៀត​មកដល់​ខេត្តកំពង់ចាម​។ យើង​មាន​ទំនុកចិត្ត​ថា ក្មេងៗ​នៅក្នុង​ខេត្ត​កំពង​ចាម នឹង​ត្រូវបាន​បំផុសគំនិត​ដោយ​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​នេះ និង​ក្លាយជា​អ្នកមាន​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​។ ដោយមាន​ការគាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ និង​ក្រសួង​អប់រំ យុវជន និង​កីឡា យើង​នឹង​បន្ត​ពង្រីក​កម្មវិធី​នេះ ដើម្បី​ជម្រុញ​ឥរិយាបថ​ក្មេងៗ និង​បង្កើន​ការយល់ដឹង​របស់​ពួកគេ​បន្ថែមទៀត លើ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​មូលដ្ឋាន​។​»

​នាយក​ប្រតិបត្តិ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ លោកស្រី គង់ ម៉ា​រ៉ា​ឌី និយាយ​អំពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ និង របៀប​ដែល​កម្មវិធី​នេះ​ជម្រុញឱ្យមាន​ការចូលរួម​ពី​សំណាក់​ឪពុកម្តាយ និង​កូនៗ របស់​ពួកគេ​។​

​លោកស្រី បាន​មានប្រសាសន៍ថា​៖ “​តាមរយៈ​កម្មវិធី ឆា ឈី​ង នាង​ខ្ញុំ​ពិតជា​ជឿជាក់ថា​កុមារ​កម្ពុជា​នឹង​ទទួលបាន​នូវ​ជំនាញ​បំ​ណិ​ន​ជីវិត​ដ៏​ប្រសើរ​មួយ ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​កុមារ និង​គ្រួសារ​ក្នុងការ​ប្រើប្រាស់ និង​គ្រប់គ្រង​ថវិកា​របស់​ពួកគេ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​…​ហើយ​នាង​ខ្ញុំ​សង្ឃឹមថា ក្រុមការងារ និង​សាលា​គោលដៅ​ទាំងអស់ នឹង​បន្ត​ការចូលរួម​យ៉ាងសកម្ម​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​គម្រោង​កម្មវិធី​នេះ​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន ដូច​ការរំពឹងទុក​ក្នុង​គម្រោង​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ មូលនិធិ​ព្រូ​ដិ​នស៍ និង​ក្រុមហ៊ុន ព្រូ​ដិ​នស​ស​កម្ពុជា ដែល​បាន​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​នៅ​កម្ពុជា​។​»

​អំពី​កម្មវិធី ឆា​-​ឈី​ង​

​កម្មវិធី ឆា​-​ឈី​ង គឺជា​គំនិត​ផ្តួចផ្តើម​របស់ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​អាស៊ី និង​អាហ្វ្រិក​។ ដោយ​ចាប់​ដៃគូ​ជាមួយ​បណ្តាញ​ទូរទស្សន៍​តុក្កតា (Cartoon Network) ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​កុមារ​ឈានមុខ​គេ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជាមួយ វេជ្ជបណ្ឌិត Alice Wilder ជា​អ្នកជំនាញ​ផ្នែក​អប់រំ និង​ចិត្ត​វិទ្យា​កុមារ ដែល​បានឈ្នះ​ពានរង្វាន់ Emmy-award កម្មវិធី​នេះ បាន​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ក្មេងៗ​t​តាមរយៈ​បទ​ចម្រៀង​ដែលមាន​លក្ខណៈ​ទាក់ទាញ និង​តាម​កម្រិត​របស់​កុមារ ដើម្បី​បញ្ជ្រៀប​គំនិត​គ្រប់គ្រង​ហិរញ្ញវត្ថុ​សំខាន់ៗ​បួន គឺ រកលុយ សន្សំ ចាយ និង​បរិច្ចាគ​។ ឆា​-​ឈី​ង គឺជា​វីដេអូ​គំនូរជីវចល​ដែលមាន​រយៈពេល ៣ នាទី​សម្រាប់​កុមារ​អាយុ​ពី ៧ ទៅ ១២ ឆ្នាំ មាន​ជា ១០ ភាសា និង​មាន​ទៅដល់ ៣៤ លាន​គ្រួសារ​ទស្សនា​ជា​រៀងរាល់ថ្ងៃ តាមរយៈ​ប៉ុស្តិ៍ Cartoon Network​។​

​ដោយបាន​បង្កើតឡើង ក្រោម​កិច្ចសហការ​ដៃគូ​ជាមួយ Junior Achievement កម្មវិធីសិក្សា ឆា​-​ឈី​ង កំពុងផ្តល់​នូវ​រចនា​សម្ព័ន្ធ​មេរៀន​ដល់​គ្រូបង្រៀន​តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ​។ មាន​គ្រូ​ជាង ១ ម៉ឺន​នាក់​ត្រូវបាន​បណ្តុះបណ្តាល​ក្នុង​ការផ្តល់​កម្មវិធីសិក្សា​នៅ​ទូទាំង ៨ ទីផ្សារ​ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក​។​

​គេហទំព័រ ឆា​-​ឈី​ង (www.cha-ching.com) មាន​បន្ថែម​នូវ​សម្ភារ និង​សកម្មភាព​តាម​អ៊ិន​ធឺរ​ណែ​ត ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​ប្រាក់​ពិតប្រាកដ សម្រាប់​កុមារ ឪពុកម្តាយ និង​គ្រូបង្រៀន​។​

​អំពី​មូលនិធិ​ព្រូ​ដិ​នស៍​
​មូលនិធិ​ព្រូ​ដិ​នស៍ គឺជា​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍រ​បស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅ​អាស៊ី និង​អាហ្វ្រិក​។ បេសកកម្ម​របស់​មូល​និ​ធិ គឺ​ធានា​នូវ​អនាគត​របស់​សហគម​ន៍ តាមរយៈ​ការលើកកម្ពស់​ការអប់រំ សុខភាព និង​សុវត្ថិភាព​។ មូលនិធិ​នេះ​អនុវត្ត​កម្មវិធី​ថ្នាក់​តំបន់ ក៏ដូចជា​កម្មវិធី​ប្រចាំ​ទីផ្សារ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​មួយចំនួនទៀត ដោយ​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើន​ឥទ្ធិពល​ជា​វិជ្ជមាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​។ មូលនិធិ​ព្រូ​ដិ​នស៍ ប្រើប្រាស់​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ភូមិសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើម្បី​ធ្វើឱ្យ​សហគមន៍​ទាំងនោះ កាន់តែ​មាន​សុខ​សុវត្ថិភាព និង​ភាព​ធន់​មាំ​ជាង​មុន​។ មូលនិធិ​នេះ​គឺជា​អង្គការ​សប្បុរសធម៌ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.prudencefoundation.com៕
​ដោយ​៖CEN

 

spot_img
×