ភ្នំពេញ៖ នេះជាហេតុការណ៍ដ៏មិននឹកស្មានដល់មួយ ដែលចោរញីឈ្មោល១គូ ខណៈដែលខាងស្រីមានរូងរាងស្វែល ស្លៀកពាក់យ៉ាងឡូយដូចអ្នកដើរលេង បានចូលលួចយកកាបូបលុយពីក្នុងកន្លែងបញ្ចូលហ្គាសមួយកន្លែង យ៉ាងហ៊ានបំផុត។ ប៉ុន្តែ សំណាងល្អ ដែលម្ចាស់ឃើញទាន់ និងស្ទុះដេញតាមដណ្តើមយកកាបូបមកវិញបាន។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Thong Kimseng បានបង្ហោះឲ្យដឹងថា៖ «26.07.2020 ម៉ោង14:30 មានករណីចោរចូលលួចកាបូបលុយនៅកន្លែងខ្ញុំ ភិនភាគចោរមានគ្នា3នាក់ជិះម៉ូតូ2គ្រឿង មួយម៉ាកហុងដា Dream ពណ៌ខ្មៅ ឆ្នាំ2020 ពាក់ស្លាកលេខ ភ្នំពេញ 1IH-5742 ជិះគ្នាពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ម្នាក់ស្រីជាអ្នកចូលយកកាបូប ឯមួយគ្រឿងទៀតម៉ាកហុងដា Beat បើកដោយបុរសម្នាក់មានភិនភាគដូចក្នុងរូប(ជាអ្នកបិទគូទ) បើបងប្អូនបានឃើញ ឬជួបនៅកន្លែងណា សូមមេត្តាជួយផ្តល់ព័ត៌មានជូនសមត្ថកិច្ចផង តែបើជួបនៅកន្លែងណាស្ងាត់សូមជួយលេងម៉ាចាស់ដៃឲ្យផង។ បញ្ជាក់ករណីនេះចោរលួចមិនបានសម្រេច»។
ទោះយ៉ាងណា អ្វីដែលធ្វើឲ្យមនុស្សជាច្រើន មានការសោកស្តាយ និងហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថាម្ចាស់កាបូប បានខំប្រទាញប្រទង់ធ្វើឲ្យចោរញីឈ្មោលទាំងពីរដួលទៅហើយ តែបែរជាមនុស្សមួយគគោកនៅនឹងកន្លែងកើតហេតុ ពុំអាចធ្វើអ្វីចោរបាន ទុកឲ្យពួកចោររត់រួចខ្លួនទៀត អត់នាំគ្នាជួយសោះ ដែលនាំឲ្យគេលើកឡើងថា បើរឿងអត់ប្រយោជន៍ យកល្បីវិញ ៕ ដោយ៖ លឹម ហុង