Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សាធារណការ អំពាវនាវ​ជាថ្មី​ម្តងទៀត ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឹងម៉ាត់ មិនត្រូវ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ ថ្ងៃ​ពុធ​ទី​២៩ ខែ កក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល រនាំង​ផ្លាកសញ្ញា​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំនួន​៣០០​ផ្ទាំង ជូន​ដល់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផងដែរ​។​

​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​មន្ត្រីនគរបាល ដែល​ខិតខំ​ប្រឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ ជួយ​ជ្រោមជ្រែង​ឱ្យសម្រេចបាន​ជោគជ័យ ក្នុងការ​អនុវត្ត​ការងារ​កាត់​ទ្រុង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​។

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​៖ ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​នៅតាម​រាជធានី​-​ខេត្ត​ទាំង​២៥ ការផលិត​វីដេអូ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការរៀបចំ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ការផ្សព្វផ្សាយ​អំពី​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) កម្មវិធី​យល់ដឹង​អំពី​ទ្រី​ស្តី​នៃ​ការបើកបរ​លើ​ទូរ​សព្ទ (Cambodia Driving Rules) ការបើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ដល់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ការបន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គ្រប់​រូបភាព​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​ជូន​អង្គពិធី​ផងដែរ អំពី​ដំណើរការ​សាកល្បង​ដំឡើង​ប្រព័ន្ធគ្រប់គ្រង ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ឆ្លាត​វៃ និង​ជញ្ជីង​ស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor) ចំនួន​ពីរ​ស្ថានីយ ដើម្បី​ត្រួតពិនិត្យ​យានយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ និង​គម្រោង​បិទ​យានដ្ឋាន​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​អស់​ជា​ស្ថាពរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​ប្តូរ​ផ្លាកលេខ​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដែល​គ្មាន QR Code ដោយ​ឥតគិតថ្លៃ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ប្រគល់​-​ទទួល ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឹងម៉ាត់ មិនត្រូវ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូច បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ភាពយឺតយ៉ាវ​ទាំងអស់គ្នា និង​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ថែរក្សា​ស្ពាន​ថ្នល់​យើង​ឱ្យបាន​គង់វង្ស ប្រើប្រាស់​បានយូរ​អង្វែង​។

ឯក​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក្នុង​ពិធី​ទទួលនេះ បាន​មានប្រសាសន៍ថា ក្រោម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ដោយមាន​ការដឹកនាំ​ពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ និង​សហការ​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ដោយផ្ទាល់​ផង​នោះ ទើប​ធ្វើ​ឲ្យ​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ទទួលបាន​ជោគជ័យ​ដូច​ពេលនេះ​។ ឯកឧត្តម បន្តថា​នេះ​ជា​មោទនភាព​មួយ នៃ​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក សម្រាប់​៦​ខែ ដើមឆ្នាំ​២០២០ ដែល​យើង​អាច​មើលឃើញ​ពី​ចំនុច​វិជ្ជមាន គឺ​តថភាព​ជាក់ស្តែង​ដែល​សង្គម​ទាំងមូល​ទទួលស្គាល់ ដែល​យើង​បាន​មើលឃើញ​ច្បាស់​ទាំងអស់គ្នា​មិនអាច​ប្រកែក​បាន​។ ក្នុងនោះ​ទី​១​ចំនួន​បទល្មើស​មានកា​រ​ថយចុះ ទី​២​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​មានការ​ថយចុះ និង​ទី​៣​ដែលជា​ចំនុច​សំខាន់បំផុត គឺ​យើង​បាន​ប្តូរ​ឥរិយាបថ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បន្ថែម​ឲ្យ​ដឹងថា ជាការ​ឆ្លើយតប​ទៅនឹង​អំណោយ​ជា​ស្លាក​សញ្ញា​ទាំងនេះ ក្នុងនាម​អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ចាត់ទុកថា​ជា​គំរូ​ដ៏​ល្អ​មួយ​ហើយ​និង​ធ្វើការ​តបស្នង​វិញ​ដោយ​ពង្រឹង​កិច្ចការ​របស់​នគរបាល​ចរាចរណ៍ និង​ប្តេជ្ញាចិត្ត​សហការ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បី​ជំរុញ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ជា​ចុងក្រោយ​ក្រៅពី​ការថ្លែងអំណរគុណ​ក៏បាន​សំណូមពរ​ឲ្យ​ខាង​ក្រសួង​សាធារណការ ជំរុញ​ឲ្យ​មានការ​បង្រៀន​ពី​ច្បាប់​ចរាចរណ៍ ការ​រំលឹក​ពី​ច្បាប់​ចរាចរណ៍​ដើម្បី​ឲ្យ​ក្លាយទៅជា​ទម្លាប់ របស់​ស្ថាប័ន របស់​សហគមន៍ រហូត​ទៅដល់​ក្នុង​គ្រួសារ​នីមួយៗ​។ ឯកឧត្តម បន្តថា ការផ្សព្វផ្សាយ​ច្បាប់​ការគោរព​ច្បាប់ ការយល់​ពី​ការធ្វើ​ចរាចរណ៍ ការយោគយល់​គ្នា មិនមែន​តួនាទី​របស់​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តែម្នាក់ឯង​អាច​ផ្សព្វផ្សាយ​បានទេ ទាល់តែ​ស្ថាប័ន សហគមន៍ និង​គ្រួសារ​នីមួយៗ​ចូលរួម​អនុវត្តន៍​ទាំងអស់គ្នា​ទើប​អាច​ទទួលបាន​ជោគជ័យ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានប្រគល់​ជូន​រនាំង​ផ្លាកសញ្ញា​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន ៣០០​ផ្ទាំង ជូន​ដល់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ ដែលជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕
​ដោយ​៖​កូ​ឡាប​

spot_img
×