Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មួយចំនួន​ចង់បាន​ប័ណ្ណ​ក្រីក្រ​ពេក សុខចិត្ត​ឲ្យ​ម្ដាយ​ឪពុក បំបែក​គ្រួសារ​ទៅ​រស់នៅក្នុង​ខ្ទម​តូចៗ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា​ព្រោះតែ​វិបត្តិ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ដែលមាន​ជីវភាព​គ្រាន់បើ ចង់បាន​នូវ​ប័ណ្ណ​ក្រីក្រ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល បាន​បំបែក​គ្រួសារ ដោយបាន​ឲ្យ​ម្ដាយ​ឪពុក​របស់ខ្លួន ទៅ​រស់នៅក្នុង​ខ្ទម​តូចៗ ។​

​ការលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ជាមួយ​អាជ្ញាធរខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

ឯកឧត្តម សំហេង បុរស បាន​មានប្រសាសន៍ថា​ការងារ​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ដល់​គ្រួសារ​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងអំឡុង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ជួប​ការលំបាក​ច្រើន ព្រោះ​មាន​ពលរដ្ឋ​ជាច្រើន​ចង់បាន​នូវ​ប័ណ្ណ​នេះ ដែល​អ្នកខ្លះ​ទោះ​មាន​ជីវភាព​សមរម្យ​ហើយ នៅតែ​ដាក់ពាក្យ​ស្នើសុំ ហើយ​នៅពេល​វាយតម្លៃ​ទៅរក​ឃើញថា​គាត់​មិន​ស្ថិតក្នុង​ក្រ​កម្រិត​១​និង​កម្រិត​២ មិន​ទទួលបាន​ប័ណ្ណ​ក៏មាន​ការ​អន់​ចិត្តនឹង​ក្រុមការងារ ។​មួយទៀត ក្រោយ​ការវាយតម្លៃ​ឡើងវិញ ក្រុមការងារ​ក៏​រកឃើញ​អ្នកមាន​ជីវភាព​ធូរធារ​ទទួលបាន​នូវ​ប័ណ្ណ​ក្រីក្រ​នេះ រហូតដល់​ជាង​៦០០០​ប័ណ្ណ​និង​ត្រូវបាន​ដកហូត​មកវិញ​បាន​ជាង​៤០០០​ប័ណ្ណ​និង​បន្ត​ដក​ទៀត ប៉ុន្តែ​ការដក​នេះ ក៏មាន​ប្រតិកម្ម​ពី​ពួកគាត់ ដោយ​អ្នកខ្លះ​សម្របសម្រួល​បាន​និង​ខ្លះទៀត​នៅ​ពុំ​សុខចិត្ត ដែល​បញ្ហា​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​ធ្វើការ​ឲ្យ​បានច្បាស់លាស់ ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ចំពោះ​ការងារ​នេះ​នៅ​ខេត្តបាត់ដំបង​ក៏បាន​ជួប​បញ្ហា​មួយចំនួន​ផងដែរ មានដូចជា​បញ្ហា​ជនអនាថា​មិនទាន់​បានផ្ដល់​ប័ណ្ណ​ជូន​ពួកគេ​នូវ​ប័ណ្ណ​ក្រីក្រ ព្រោះ​រស់នៅ​ទីកន្លែង​មិន​ច្បាស់លាស់ ទាំង​មនុស្ស​ចាស់​ទៅ​រស់នៅក្នុង​វត្ត​ដែល​កូន​មាន​ជីវភាព​ធូរធារ ហើយ​ផ្ដល់ប្រាក់​ចិញ្ចឹម​គាត់​រាល់​ខែ ក៏​ទាមទារ​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល រួមទាំង​ការផ្សព្វផ្សាយ​ពី​អាជ្ញាធរ​មូលដ្ឋាន នៅមានកម្រិត​ផងដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា​ចាប់តាំងពី​ថ្ងៃទី​២៥​ខែមិថុនា ដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង បាន​ផ្ទៀងផ្ទាត់​ឈ្មោះ​គ្រួ​សារបាន​ចំនួន ៦៦ ៧២០​គ្រួសារ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​ជាង ១៥​ម៊ឺ​ន​លាន​រៀល​។​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ចាប់ពី​ដើមពី​ខែកុម្ភៈ ដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ចុះឈ្មោះ​ស្ត្រី និង​កុមារ​សរុប​៥ ៣៥៤​នាក់ ផ្ដល់ប្រាក់​ជូន​ពួកគេ បាន​ចំនួន​៦៥០ ១៦០ ០០០​រៀល ។ ពាក់ព័ន្ធ​នឹង​ការដក​ប័ណ្ណ​ក្រីក្រ នៅ​ខេត្តបាត់ដំបង បាន​ដក​ចំនួន ១៧២​ប័ណ្ណ​ហើយ ៕ ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×