Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​បើក​កិច្ចប្រជុំ ដោយ​អវត្តមាន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​

spot_img

​ភ្នំពេញ​៖ រដ្ឋសភា​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ជាបន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដើម្បី​ពិភាក្សា​អំពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ចំនួន​៤ ដែល​ស្នើ​ដោយ​ក្រុមតំណាងរាស្ត្រ​៤៣​រូប មកពី​គណបក្សកាន់អំណាច​។ ក្នុង​កិច្ចប្រជុំ​នេះ ក្រោម​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​ពញា​ចក្រី ហេង សំរិន រួម​នឹង​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប ប៉ុន្តែ​ក្នុង​អវត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​។​

​តាម​ការប្រកាស​របស់​រដ្ឋសភា បានឱ្យដឹងថា សេចក្តីស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង​បួន ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​នៅថ្ងៃនេះ រួមមាន​៖១៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ។ ២៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ៣៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​ក្នុង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក៏បាន​កែប្រែ​នូវ មាត្រា​១៣៨-​ស្ទួន ដោយ​កំណត់​យ៉ាងច្បាស់​ថា​៖ ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្សនយោបាយ​ណាមួយ​ប្រកាស​បោះបង់ចោល​អ​សនៈ ឬ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំងអស់ នៃ​គណបក្សនយោបាយ​នោះ លែងមាន​សុពលភាព និង​លែងមាន​គុណសម្បត្តិ​តទៅទៀត​ហើយ​។​

​ក្នុងករណី​ខាងលើនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ ទៅឱ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ​ដែល​បោះបង់ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​គណបក្សនយោបាយ មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​នេះ​រដ្ឋសភា ក៏​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ របស់​រដ្ឋសភា​ផងដែរ​។ របៀបវារៈ​ចំនួន ៦​នឹង​លើក​យកមក​ជជែក​ពិភាក្សា និង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ​។ រ​បៀ​វារៈ​ទាំង​៦​នោះ​រួមមាន​៖ ១៖ ព្រះរាជសារ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។ ២៖ របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥ ។ ៣៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រៀងច្បាប់​ស្តីពី ឧបាស្រ័យ​ពាណិជ្ជកម្ម ។ ៤៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រៀងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ចព្រមព្រៀង​មួយចំនួនទៀត​ក្រោយ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ រវាង​អាស៊ាន និង​ចិន​។ ៥៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ សេចក្តីព្រៀង ស្តីពី​ការទទួលស្គាល់​សុពលភាព នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប រវាង​រាជរដ្ឋាភិបាល នៃ​កម្ពុជា និង​ស្ថាប័ន​ប្រកាសនីយបត្រ​តក្កក​ម្ម​អឺរ៉ុប​។ ៦៖ ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣៧ មាត្រា​៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦ នៃ​ច្បាប់​ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម​វិញ្ញាបនបត្រ​ម៉ូ​ដែលមាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៣​។​

​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ ក្នុងនោះ​ក៏មាន​ព្រះរាជសារ​ព្រះមហាក្សត្រ សម្រាប់​ការបើក​សម័យប្រជុំ ដោយ ព្រះអង្គ​បាន​កោតសរសើរ​ដល់រ​ដ្ឋ​សភា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានរួម​គ្នា​បម្រើ​ប្រជាពលរដ្ឋ និង​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ និង​ការអភិវឌ្ឍ​សម្រាប់​កម្ពុជា​។​

​នៅក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ បាន​ព្រះ​សម្តែង​ការកោតសរសើរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​ដោយ​ជោគជ័យ ក្នុងការ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ឡើងវិញ​។ ព្រះករុណា ក៏បាន​ព្រះ​សម្តែង​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​សមាជិក​សភា​ទាំងអស់ ក្នុងការ​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រមទាំង​ទទួលយក​បញ្ហា​របស់​ប្រជាពលរដ្ឋ​មក​ជម្រាបជូន​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។​

​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះ​កុរ​ណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះបន្ទូល​ថា​៖ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នេះ គឺជា​សកម្មភាព​បម្រើ​ជាតិ​មាតុភូមិ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែល​ញ៉ាំងឱ្យ​ប្រទេសជាតិ​យើង រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ប្រាថ្នា ចង់បាន និង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​រស់នៅ​ដោយ​ភាពសុខសាន្ត​។ រដ្ឋសភា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បន្តទៀត ដើម្បី​សម្រេច​ដល់​ដំណោះស្រាយ ភាពសុខដុមរមនា​។ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជា​សកម្មភាព​បម្រើ​ជាតិ​មាតុភូមិ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ញ៉ាំង​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែលជា​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ព្រះករុណា មា​ន​ព្រះរាជបន្ទូល​បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​សភា​និង​រាជរដ្ឋាភិបាល បាន​ធានា​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​សង្គម ជាមួយនឹង​ការ​គ្រប់​គ្រង់​សេដ្ឋកិច្ច​ប្រកបដោយ​ភាពត្រឹមត្រូវ និង​ជឿនលឿន​ទាំងនេះ បាន​នាំ​ឲ្យ​កម្ពុជា អាច​សម្រេចបាន​នូវ​អត្រា​ខ្ពស់ នៃ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​បន្តបន្ទាប់​។​
​ព្រះអង្គ មាន​ព្រះរាជបន្ទូល​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធាន​ទី​២ ប្រធាន​គណៈកម្មការ​ទាំ​ង​១០ នៃ​រដ្ឋសភា និង​សមាជិក សមាជិកា នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ពុំ​គិតពី​ការនឿយហត់ ខិតខំ​យកចិត្ត​ដាក់​ក្នុង​ការបម្រើ​ដក់​ប្រយោជន៍ និង​សង្គមជាតិ ក្នុង​វិស្សមកាល​កន្លងមកនេះ​។ ការខិតខំ​ប្រឹងប្រែងរ​បស់​សមាជិក សមាជិកា​នៃ​រដ្ឋសភា​គ្រប់រូប គឺជា​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ ដោយបាន​អញ្ជើញ​យ៉ាងសកម្ម​ចុះសួរសុខទុក្ខ និង​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រមទាំង​ទទួលយក​បញ្ហា​កង្វល់ និង​ការលំបាក​ទាំងឡាយ​រប​ស់​ប្រជាពលរដ្ឋ មក​ជម្រាបជូន​រាជរដ្ឋាភិបាល ដើម្បី​រិះរក​វិធានការ ដោះស្រាយ​រាល់​បញ្ហា​ទាំងនោះ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×