Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង​៖ ជន​ទេសន្តរប្រវេសន៍​ភាគច្រើន ស្ថិតក្នុង​ស្ថានភាព​លំបាក និង​ជា​អ្នក​ដែល​គ្មាន​ជំនាញ ចាក​ចេញពី​ប្រទេស ដោយ​មិន​ស្របច្បាប់​

spot_img

​ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​២១ ខែ​មិនា រហូតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ពលករ​កម្ពុជា​ដែល​វិលត្រឡប់​ពី​ការធ្វើ​ទេសន្តរប្រវេសន៍ ក្នុងអំឡុង​កូ​វីដ ១៩ មាន​ប្រមាណ ១០​ម៉ឺន​៣​ពាន់​នាក់ ក្នុងនោះ​ប្រមាណ​៤៥​ភាគរយ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​លើកឡើងថា បញ្ហា​ទេស​ន្ត​ប្រវេសន៍​តែងតែមាន​ភាព​ប្រឈម​តិច ឬ​ច្រើន ហើយ​ក្នុងដំណាក់កាល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​នេះ ការធ្វើ​ទេសន្តរប្រវេសន៍​រឹតតែ​ប្រឈម​ខ្លាំង ហើយក៏​អាច​អូសបន្លាយ​បន្តទៀត​ក្នុង​រយៈពេល​វែង ហេតុដូចនេះ កិច្ចការពារ​ពលករ ទាំង​នៅក្នុង​ប្រទេស​កំណើត និង​ប្រទេស​គោលដៅ​នានា​ដែល​ពលករ​បានធ្វើ​ទេសន្តរប្រវេសន៍ គឺជា​ភារកិច្ច​ចាំបាច់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​។ នេះ​បើតាម​ប្រសាសន៍​របស់​សម្ដេច​ក្រឡា​ហោម ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ កម្រិត​ថ្នាក់ដឹកនាំ ស្ដីពី​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេសន្ដរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​(GCM) នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ជន​ទេសន្តរប្រវេសន៍​ដែល​តែង​ទទួលរង​នូវ​ភាព​ប្រឈម​ពី​ការធ្វើ​ទេសន្តរប្រវេសន៍ ជា​អ្នកស្វែងរក​ការងារ ឬ​ជា​ជនភៀសខ្លួន​ពី​តំបន់​មាន​គ្រោះអាសន្ន​ជាដើម ហើយ​បើតាម​ការស្រាវជ្រាវ​នៅ​ទូទាំង​ពិភពលោក ជន​ទេសន្តរប្រវេសន៍​ភាគច្រើន ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក និង​រងគ្រោះ ភាគច្រើន​ជា​អ្នក​ដែល​គ្មាន​ជំនាញ និង​ចាក​ចេញពី​ប្រទេស​ដោយ​មិន​ស្របច្បាប់​។ សម្ដេច​បាន​បន្ថែមថា ជន​ទេសន្តរប្រវេសន៍​ដែល​ប្រថុយប្រថាន​ចាកចេញ ដោយ​ខ្វះ​កិច្ចការពារ​ពី​ប្រព័ន្ធ​ច្បាប់ តែង​ត្រូវបាន​ជន​ឆ្លៀតឱកាស កេងប្រវ័ញ្ច​យក​ផលចំណេញ​ពី​ស្ថានភាព​ទ័លច្រក​របស់​អ្នក​ទាំងនោះ ដោយ​ធ្វើការ​ជួញដូរ​មនុស្ស រំលោភបំពាន កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ តាមបែប​ទាសភាព ធ្វើ​ឲ្យ​ធ្លាក់ខ្លួន​ជរា ពិការ វង្វេងស្មារតី បាត់បង់​ភាពជា​មនុស្ស ឬ​រហូតដល់​បាត់បង់​ជីវិត​ផងដែរ​។

​ជាងនេះទៀត សម្ដេច​ក្រឡាហោម ក៏បាន​លើកឡើងថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​បញ្ហា​ទេសន្តរប្រវេសន៍​រឹតតែ​ប្រឈម​ខ្លាំង និង​បាន​ឲ្យ​ប្រទេស​ដែល​ទទួល​ពលករ ក៏​ប្រឈម​ខ្លាំង​ទៅនឹង​ភាពប្រែប្រួល​ជា​អវិជ្ជមាន​នៃ​ចរន្ត​សេដ្ឋកិច្ចពិភពលោក និង​សេដ្ឋកិច្ច​ក្នុងស្រុក ដែល​ជំរុញ​ឲ្យ​ដំណើរការ​នៃ​រោងចក្រ​សហគ្រាស និង​វិស័យ​សេវាកម្ម​នានា​រាំងស្ទះ និង​ត្រូវ​ផ្អាក​ដំណើរការ​ជា​បន្តបន្ទាប់​។ សម្ដេច​ក្រឡាហោម បាន​បន្ថែមថា ក្នុងអំឡុង​ពេលដែល​ប្រទេស​គោលដៅ​មានការ​រឹតបន្តឹង និង​បិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ព្រមជាមួយ​គ្នា​នោះ ប្រទេស​កម្ពុជា​បាននិងកំពុង​ទទួល​ស​ង្គ្រោះ​ពលករ ដែល​វិល​ត្រឡប់មកវិញ​ដោយ​គេចវេះ​ពី​ស្ថាន​ភាពលំបាក​ក្នុងប្រទេស​គោលដៅ និង​ព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​តាម​ច្រក​មិន​ផ្លូវការ​។

​វិស័យ​សំខាន់ៗ​ចំនួន​៤ ពាក់ព័ន្ធ​នឹង​បញ្ហា​ទេសន្តរប្រវេសន៍ ដែល​ក្រសួងមហាផ្ទៃ រួមជាមួយ​តំណាង​ពី​អន្តរក្រសួង នឹង​យកមក​ពិភាក្សា ដើម្បី​រៀបចំ​ដាក់បញ្ចូល​នូវ​គោលបំណង​រួម​ដែលជា​លទ្ធផល ទៅក្នុង​ផែនការ​សកម្មភាព​ឆ្នាំ​បន្តបន្ទាប់ ក្នុងការ​ធានាថា ការធ្វើ​ទេសន្តរប្រវេសន៍​របស់​ប្រជាជន​កម្ពុជា ទៅ​ប្រទេស​គោលដៅ​ទាំងឡាយ ក៏ដូចជា ជន​ទេសន្តរប្រវេសន៍​ដែល​មកពី​ប្រទេសក្រៅ​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រកបដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​។​

​សម្រាប់​វិស័យ​ទាំង​៤ ពាក់ព័ន្ធ​នឹង​បញ្ហា​ទេសន្តរប្រវេសន៍ ដែល​សម្តេច​ក្រឡាហោម បានលើកឡើង​រួមមាន​៖

១.​ការការពារ​ជន​ទេ​សន្តរ​ប្រវេ​សន្ត​៖ ទាំង​ជន​ទេ​សន្តរ​ប្រវេ​សន្ត​ប្រក្រតី និង​ជន​ទេ​សន្តរ​ប្រវេ​សន្ត​មិន​ប្រក្រតី ទាំង​អ្នក​ដែលមាន​គម្រោង ចាក​ចេញទៅ​ធ្វើការ​ក្រៅប្រទេស ទាំង​អ្នក​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្រៅ​ប្រទេស ទាំង​អ្នក​វិលត្រឡប់​មកវិញ​។​

២.​ការគ្រប់គ្រង​ទិន្នន័យ​៖ ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​កត់ត្រា និង​គ្រប់គ្រង​ឲ្យ​បានជា​ក់លាក់ នូវ​ទិន្នន័យ ជន​ទេសន្តរប្រវេសន៍​ទាំង​ប្រក្រតី និង​មិន​ប្រក្រតី ដើម្បី​ងាយស្រួល​ក្នុង​ការដាក់​វិធានការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នានា ដែលជា​ភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

៣.​ការគាំទ្រ​ដំណើរការ នៃ​ការវិលត្រឡប់ និង​ការធ្វើសមាហរណកម្ម​ជន​ទេសន្តរប្រវេសន៍​៖ ត្រូវការ​រៀបចំ​គោលនយោបាយ វិធានការ និង​នីតិវិធី​ជាក់លាក់​ដោយមាន​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ទទួលបាន​ទិន្នន័យ លក្ខខណ្ឌ​នៃ​ការបញ្ជូន វិធី​បញ្ជូន ជាពិសេស ការកំណត់​វិធានការ​ការពារ​ស្ត្រី និង​កុមារ ដែល​សង្ស័យថា​រងគ្រោះ ជាពិសេស​ដោយ​អំពើ​ជួញដូរ​មនុស្ស​។​

៤.​ការកំណត់ និង​ការផ្តល់​អត្តសញ្ញាណ​ដោយ​ស្របច្បាប់ ជាពិសេស​សម្រាប់​កូន​របស់​ជន​ទេសន្តរប្រវេសន៍​កម្ពុជា ដែល​បានកើត​នៅក្រៅ​ប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×