Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ហុងកុង ៤​នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស់​

spot_img

​និស្សិត​ហុងកុង​ចំនួន ៤​នាក់​ដែល​ទាក់ទង​នឹង​ក្រុមគាំទ្រ​ឯករាជ្យ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី និង​សមាជិក​នៃ​ក្រុម​ពួកគេ​។​

​នេះ​ជាការ​ចាប់ខ្លួន​លើកដំបូង ដែលមាន​គោលដៅ​មកលើ​បុគ្គល​នយោបាយ​សាធារណៈ ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ ត្រូវបាន​អនុម័ត​ដោយ​ទីក្រុង​ប៉េកាំង កាលពី​ដើមខែ​នេះ​។​

​ប៉ូលិស​និយាយថា បុរស ៣​នាក់ និង​ស្ត្រី​ម្នាក់​អាយុ​ចន្លោះ​ពី ១៦ ទៅ ២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ រៀប​ចាំ និង​ញុះញង់​ឲ្យ​មានការ​ផ្តាច់ខ្លួន​។​

​លោក Li Kwan-wah មន្ត្រី​មកពី​ស្ថាន​ប័ន​សន្តិសុខ​ជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ប្រភព និង​ការស៊ើបអង្កេត​របស់​ពួកយើង​បាន​បង្ហាញថា ក្រុម​នោះបាន​ប្រកាស​កាលពីពេល​ថ្មី​នៅលើ​បណ្តាញ​សង្គម ដើម្បី​បង្កើត​អង្គការ ដែល​ជួយ​គាំទ្រ​ដល់​ឯករាជ្យ​របស់​ហុងកុង​”​។​

​លោក​បន្ថែមថា កុំព្យូទ័រ ទូរស័ព្ទ និង​ឯកសារ​ជាច្រើន ត្រូវបាន​រឹបអូស​ដោយ​មន្ត្រីប៉ូលិស និង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​ជា​សិស្ស​។​

​នៅក្នុង​សេចក្តីប្រកាស ក្រុម​មូល​ដ្ឋា​នីយកម្ម​និស្សិត (Student Localism) ដែលជា​ក្រុម​ធ្លាប់​គាំទ្រ​ដល់​ឯករាជ្យ បាន​និយាយថា អតីត​មេដឹកនាំ​របស់ខ្លួន​ឈ្មោះ Tony Chung វ័យ ១៩​ឆ្នាំ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​។​

​កាលពី​ខែ​មុន ក្រុម Student Localism បានប្រកាសថា ខ្លួន​បាន​បែកខ្ញែក​ក្រុម ខណៈដែល​ទីក្រុង​ប៉េកាំង​បានអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ដែល​ច្បាប់​នេះ​ប្រឆាំងនឹង​ការ​បំបែក​ខ្លួន​វិទ្ធង្សនា និង​ការឃុបឃិត​ជាមួយនឹង​បរទេស​។​

​កាលពី​ឆ្នាំមុន ទីក្រុង​ហុងកុង​ត្រូវបាន​ញាំញី​ដោយ​បាតុកម្ម​ទ្រាយ​ទ្រាយ​ធំ​រយៈពេល​ជាង ៧​ខែ ក្រោយពេល​មេដឹកនាំ​ហុងកុង​ស្នើច្បាប់​ធ្វើ​បត្យាប័ន ដែល​ច្បាប់​នោះ​អនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​ជនសង្ស័យ ពី​ទីក្រុង​ហុងកុង​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន​បាន ប៉ុន្តែ​មេដឹកនាំ​ហុងកុង​បានប្រកាស​រំសាយ​សំណើរ​នោះ​វិញ​។​

​កាលពី​ដើមខែ​នេះ ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ដើម្បី​គ្រប់គ្រង​ហុងកុង ដែល​ច្បាប់​នោះ​ត្រូវបាន​គេ​មើលឃើញថា នឹង​បំផ្លាញ​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ទីក្រុង​ហុងកុង​។​

​អា​មេ​រិច​ប្រកាសថា ហុងកុង​លែងមាន​ស្វ័យភាព​កម្រិត​ខ្ពស់​ទៀតហើយ និង​បាន​ដកហូត​ការអនុគ្រោះ​សេដ្ឋកិច្ច​ពី​ក្រុង​នោះ​។​

​អង់គ្លេស កាណាដា អូស្ត្រាលី និង​ញូ​វ​ហ្សឺ​ឡែ​ន បានប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយនឹង​ហុងកុង ដោយ​លើកឡើង​ពី​ការ​គ្មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​ហុងកុង​ទៀត ក្រោយ​ប៉េកាំង ចេញ​ច្បាប់​សន្តិសុខ​ជាតិ​៕

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×