Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អះអាងថា របាយការណ៍​សេរីភាព​របស់​អង្គការ​ចំនួន​៣ មិនមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ សម្ភាសន៍​តែ​បក្សពួក​របស់ខ្លួន​និង​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​

spot_img

ភ្នំ​ពេញ​៖ សមាគម​អាដហុក​ក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​មជ្ឈមណ្ឌល​សាមគ្គីភាព រួមគ្នា​ចេញផ្សាយ​របាយការណ៍​សេរីភាព​មូលដ្ឋាន ឆ្នាំ​ទី​៤ តែ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អះអាងថា​ការចេញ​របាយការណ៍រ​បស់​អង្គការ​ទាំង​៣​នេះ មិនមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​ទាំងស្រុង​នោះទេ​ដោយ​ដកស្រង់​យកតែ​ទស្សន​មួយ​ជ្រុង​និង​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​មួយក្រុម​និង​អង្គការ​មួយចំនួន​ដែលជា​បក្សពួក​របស់ខ្លួន​និង​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​ផង​នោះ ដោយ​មិនមាន​ការចូលរួម​និង​ធាតុ​ចូល​ពី​តំណាង​រដ្ឋាភិបាល​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៣០​ខែកក្កដា​នេះ បាន​ថ្លែង​សារ​ថា បើ​ផ្អែកលើ​ទស្សនទាន​នៃ​សិទ្ធិមនុស្ស និង​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​ដែលមាន​លក្ខណ​ជា​វិទ្យាសាស្ត្រ ការចេញ​របាយការណ៍​របស់​អង្គការ​ទាំង​៣​នេះ មិនមាន​លក្ខណ​គ្រប់​ជ្រុងជ្រោយ និង​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​ទាំងស្រុង​នោះទេ៑​។​

​លោក​បន្តថា ដោយហេតុថា​៖

១. របាយការណ៍​នេះ គ្រាន់តែ​ធ្វើការ​ប្រមូល បូកសរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន​តែ​លើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​មិនបាន​សិក្សា​លើ​មូលហេតុ​និង​មូលដ្ឋាន​លម្អិត​ដែលនាំឱ្យ​កើតមាន​ព្រឹត្តិការណ៍​នីមួយៗ ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទល្មើស និង​អំពើ​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ​។​

២. ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ កាលណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន​របៀបវារៈ​ច្បាស់លាស់​ក្នុងការ​ការពារ ដូចជា​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ី​វី​ល​ដែលមាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើការ​សន្និដ្ឋាន​និង​ចោទប្រកាន់ថា​ជាការ​រំលោភ​សិទ្ធិមនុស្ស ដោយ​មិន​ខ្ចី​អើពើ​និង​ធ្វើការ​ពិចារណារ​ទៅ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ អំពើ​ដែលជា​ធាតុ​ផ្សំ​នាំឱ្យ​កើតជា​បទល្មើស ហើយ​ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​នោះទេ​។​

៣. ការធ្វើ​របាយការណ៍​ដោយ​ដកស្រង់​យកតែ​ទស្សន​មួយ​ជ្រុង​និង​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​មួយក្រុម​និង​អង្គការ​មួយចំនួន​ដែលជា​បក្សពួក​របស់ខ្លួន​និង​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​ផង​នោះ ដោយ​មិនមាន​ការចូលរួម​និង​ធាតុ​ចូល​ពី​តំណាង​រដ្ឋាភិបាល​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដែល​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ពី​របាយការណ៍​នេះ នោះ​ការស្រាវជ្រាវ និង​កា​សន្និដ្ឋាន​ក្នុង​របាយការណ៍​នេះ មិនមាន​លក្ខណ​ជា​វិទ្យាសាស្ត្រ មិនមាន​ភាពច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ និង​មិនអាច​យកជាការបាន​។​

៤. ការចេញ​របាយការណ៍​មិន​គ្រប់​ជ្រុងជ្រោយ លម្អៀង និង​មាន​គោលដៅ​វាយប្រហារ​រដ្ឋាភិបាល​បែបនេះ អាច​នឹង​នាំឱ្យមាន​គ្រោះថ្នាក់​និង​អស្ថេរភាព​ក្នុងសង្គម ព្រោះថា​របាយការណ៍​នេះ​ហាក់ដូចជា​ការពារ​និង​លើកទឹកចិត្ត​ដល់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើ​សកម្មភាព​ក្រោមរូបភាព​ផ្សេងៗ ដែល​រៀបចំ ឧបត្ថម្ភ និង​គាំទ្រ​ដោយ​ចលនា​និង​អង្គការ​ចាត់តាំង​ខុសច្បាប់​នៅ​ខាងក្រៅ ឱ្យ​កាន់តែ​ធ្វើ​សកម្មភាព​បន្ថែមទៀត ដោយ​មិន​ខ្លាច​ច្បាប់ និង​សមត្ថកិច្ច បង្ក​ភាពចលាចល​ក្នុងសង្គម ដើម្បី​សម្រេច​ឱ្យបាន​នូវ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ហើយ​ដែល​នេះ​មិនមែនជា​ការអនុវត្តន៍​នូវ​សិទ្ធិសេរីភាព​តាមផ្លូវ​ច្បាប់​នោះទេ​។ តែ​ផ្ទុយទៅវិញ របាយការណ៍​របស់​អង្គការ​ទាំងនេះ គួរតែ​ធ្វើការ​អប់រំ​និង​ណែនាំ​ក្រុម​ដែល​បំពាន​ច្បាប់​ទាំងនោះ​ឱ្យ​គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ មិន​បំពាន​សិទ្ធិសេរីភាព​អ្នកដទៃ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សណ្តាប់​ឆ្នាប់​សាធារណៈ ដែល​អាច​នាំឱ្យ​ពួកគេ​ប្រឈម​និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ជាយថាហេតុ​ណាមួយ​។​

៥. នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ជាគោលការណ៍ សិទ្ធិមនុស្ស “Human Rights” ត្រូវតែ​គោរព និង​ការពារ តែបើ​មនុស្ស​ប្រព្រឹត្ត​កំហុស “ Human Wrong” ត្រូវតែ​ប្រឈម និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ សមាគម​អាដហុក (ADHOC) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) បាន​សហការ​ប្រារព្ធ​ពិធី​ចេញផ្សាយ​របាយការណ៍​ឃ្លាំមើល លើ​សេរីភាព​មូលដ្ឋាន ឆ្នាំ​ទី​៤ នៅ​សាលប្រជុំ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ។ គម្រោង​ឃ្លាំមើល​សេរី​ភាពជា​មូលដ្ឋាន​នេះ គឺជា​ផ្តួចផ្តើម​រួមគ្នា​អង្គការ​ទាំង​៣ ខាងលើ ដោយបាន​សហការគ្នា​ប្រមូល​ទិន្នន័យ និង​ចងក្រង​ជា​របាយការណ៍ លើ​សេរីភាព​មូលដ្ឋាន ដែលមាន សេរីភាព​ជួបប្រជុំ សេរីភាព​ខាង​សមាគម និង​សេរីភាព​បញ្ចេញមតិ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការចូល​ពី​អង្គការ​ជាតិ អន្តរជាតិ ម្ចាស់ជំនួយ និង​តំណាង​ស្ថានទូត​នានា មួយចំនួន ប្រចាំ​ប្រទេស​កម្ពុជា ។ ព័ត៌មាន​ដែលមាន​ក្នុង​របាយការណ៍​នេះ ត្រូវបាន​ចងក្រង​ឡើង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ ដែលមាន​កត់ត្រា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅលើ​ប្រភព​ទិន្នន័យ ទាំង​បរិមាណ និង​គុណភាព ។ ឆ្នាំ​ទី​៤​នេះ គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​បាន​វិភាគ​លើ​អត្ថបទ​នៃ​សារព័ត៌មាន​សរុប​ចំនួន ១១៩៤ និង​រាយការណ៍​ពី​ហេតុការណ៍​ចំនួន ១១៩ បានធ្វើ​ការស្ទង់មតិ​សាធារណៈ (​ទទួលបាន​អ្នក​ឆ្លើយតប​សរុប​ចំនួន ៧៧៩ នាក់​) បានធ្វើ​ការស្ទង់មតិ​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ិ​វិល និង​សហជីព (​ទទួលបាន​អ្នក​ឆ្លើយតប​សរុប​ចំនួន ១៤២ នាក់​) ព្រមទាំង​បានធ្វើ​ការវិភាគ​លើ​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា​ដែល​ទាក់ទិន​នឹង​សេរីភាព​មូលដ្ឋាន ។ លំហ​ក្នុងការ​អនុវត្តន៍​សេរីភាព​មូលដ្ឋាន នៅតែ​បន្ត​រង​ការ​រឹតត្បិត ជាក់ស្តែង​របាយការណ៍​ឆ្នាំ​ទី​៤​នេះ រួមមាន ការបន្ត​បង្ក្រាប​លើ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្ទុយ បំបិត​នូវ​ការបញ្ចេញមតិ​ដែល​ធ្វើឱ្យ​បរិយាកាស​នៃ​ការបញ្ចេញមតិ​នេះ​មានការ​រិត​ត្បិត​លើ​សេរីភាព​ខ្លួនឯង ការអនុវត្តន៍​ច្បាប់ព្រហ្មទណ្ឌ ពោលគឺ​បទ​បរិហារកេរ្តិ៍ បទ​រួមគំនិត​ក្បត់ បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ក្លែងបន្លំ​ព័ត៌មាន និង​ការថយចុះ​ការយល់ដឹង​របស់​សាធារណជន​ចំពោះ​សេរីភាព​មូលដ្ឋាន ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×