ភ្នំពេញ៖ កាលពីម្សិលមិញនេះ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ឱរ លក្ខិណា អគ្គនាយករងនៃស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានប្រតិកម្មយ៉ាងខ្លាំង ចំពោះកម្មវិធី «ពេញចិត្ដឬអត់?» របស់ស្ថានីយ៍ទូរទស្សន៍ MYTV ខណៈដែលវីជេ តាប៊ុយ បានផ្តើមជាមួយការប្រើប្រាស់ពាក្យសម្តីផ្លែផ្កាបែបលេងសើចឲ្យគ្នាថា៖ «និយាយសុភាពចឹង អាចទៅធ្វើការនៅ ទទក បាន»។
ក្នុងនោះដែរ បើយោងតាមគណនីហ្វេសប៊ុកលោកស្រី ឱរ លក្ខិណា បានប្រតិកម្មយ៉ាងដូច្នេះថា៖ «ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តឬអត់ របស់MYTV យកតម្លៃនៃអត្តចរិត សីលធម៌ សុជីវភាព និងក្រមវិជ្ជាជីវៈ របស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។
ខ្ញុំសូមឲ្យប្អូនៗ សុំទោសជាសាធារណៈចំពោះសំដីដែលបាននិយាយ ទោះជាចេតនា ឬអចេតនាក៏ដោយ។ ទី១ ពាក្យដែលពិធីករនិយាយថា៖ សុភាពអាចទៅធ្វើការនៅ ទទក បាន (ខ្ញុំមិនចាប់កំហុសទេ)។ ទី២ ពិធីការិនី និយាយ និងសំលេងសើច៖ ខ្លាចគេដេញទៅធ្វើការនៅ ទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់? រួមទាំងសំឡេងសើចបានន័យថាម៉េច?) ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ។
ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះ ដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការិនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការិនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការិនីត្រូវតែ៖ -ប្រុងប្រយ័ត្នរាល់ពាក្យពេចន៍និយាយស្តីចេញមក ត្រូវដឹងថាវាបានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់ម៉ឺននាក់ ក្នុងពេលតែមួយ ដូច្នេះត្រូវប្រាកដក្នុងចិត្ត កុំឲ្យពាក្យពេចន៍ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២។
-ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវឲ្យច្បាស់ មុននិងនិយាយ ឬបង្ហាញ។ -ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូឲ្យមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស» ។
-ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និងផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណេះអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៍ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើកយកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬប៉ះពាល់សិទ្ធិរបស់គេ។ សូមអរគុណ»។
ដោយឡែក នៅមុននេះបន្តិច (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) វីជេ តាប៊ុយ ក៏បានចេញមុខសុំទោសទៅកាន់រៀមច្បងទូរទស្សន៍ជាតិកម្ពុជា (ទទក) យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាពិធីករ ក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យ ចំពោះការលេងសើច ដែលប៉ះពាល់ដល់រៀមច្បងខាងទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថា បងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គង ដែលកើតឡើងដោយអចេតនានេះ។ ជាចុងក្រោយម្តងទៀត ចង់និយាយថាស្រឡាញ់ និងគោរពរៀមច្បង ជាពិសេស ពេញចិត្តនឹងទឹកដមសំឡេង និងអត្តចរិតរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ។ គាំទ្រនិងចូលចិត្តទស្សនាបងៗតាំងតែពីនៅក្មេង TVK» ៕ ដោយ៖ លឹម ហុង