Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​បក្សនយោបាយ​មួយ តែងតែ​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ ដោយ​មើលរំលង​តម្លៃ​នៃ​នីតិរដ្ឋ ទាមទារ​រាជរដ្ឋាភិបាល ដោះលែង​លោក រ៉ុង ឈុន

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ពេជ្រ ស្រស់ ជា​ប្រធាន​បក្សនយោបាយ​មួយ តែងតែ​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ ដោយ​មើលរំលង​តម្លៃ​នៃ​នីតិរដ្ឋ ហើយ​បែរជា​មក​គាំទ្រ​ទង្វើ​បំពាន​ច្បាប់​របស់លោក រ៉ុង ឈុន ថា​ជា​សិទ្ធិ​បញ្ចេញមតិ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៅវិញ និង​ទាមទារ​រាជរដ្ឋាភិបាល ដោះលែង​លោក រ៉ុង ឈុន ទៅវិញ​។​

​ឯកឧត្តម​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០​ថា “​ទស្សនៈ​ជាតិនិយម ការចាប់​លោក រ៉ុង ឈុន ប្រៀបបាន​ផ្តល់​ការដូរ​ឲ្យ​ប្រទេស​វៀតណាម ហើយ​កាន់តែ​ធ្វើ​ឲ្យ​ខ្មែរ​
​មានការ​ប្រេះឆា​ផ្ទៃក្នុង​បន្ថែមទៀត បើទោះបីជា លោក រ៉ុង ឈុន និយាយ​លើស ឬ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក៏ពិតមែន ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​អាច​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​បាន​ហើយ “​។​

ឯកឧត្តម​បន្តថា “​រដ្ឋាភិបាល​គួរ​ព្យាបាល​របួស​ចាស់ និង ថ្នម​កុំ​ឲ្យ​មាន​របួស​ថ្មី គឺ​ដើម្បី​ឲ្យ​ខ្មែរ​គ្រប់ភាគី​រស់​សោយសុខ ក្រោម​ម្លប់​ឆត្រ​នីតិរដ្ឋ​និង​រាជានិយម ហើយ​ជាពិសេស​រស់​ក្រោម​ពាក្យស្លោក អរគុណ​សន្តិភាព​ដែល​លោកនាយក​រដ្ឋមន្ត្រី​បានដាក់​ចេញ​។ សូម​ដោះលែង​លោក រ៉ុង ឈុន ដើម្បី​ខ្មែរ​គ្រប់ភាគី​រឹងមាំ និង​បង្ហាញ​នូវ​ភាពខ្លាំង​ខ្មែរ​តែមួយ ។ ចំពោះ​រឿង​ទឹកដី គឺជា​រឿង​ខ្មែរ​គ្រប់ភាគី ហើយ​បើ​និយាយ​លើសលួស​គួរ​បង្រួម​ឲ្យ​ខ្លី ដោយ​កុំ​ពង្រីក​ឲ្យ​វែង​”​។​

​ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សំឡេង​សន្តិភាព Voice Of Peace កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០ បាន​លើកឡើងថា “​តើ​ឯកឧត្តម ពេជ្រ ស្រស់ និង រ៉ុង ឈុន ជា​មនុស្ស​ប្រភេទ​ណា​? ឯកឧត្តម ពេជ្រ ស្រស់ អាច​ចង់បាន​ប្រជាប្រិយ៍ភាព​ជ្រុល​ហួសហេតុ​ពេក ដោយ​មិន​ខ្វល់​ពី​ប្រទេសជាតិ​ច្របូកច្របល់ ដោយសារ​សកម្មភាព​ញុះញង់ បំផ្លើស​ព័ត៌មាន​រឿង​ព្រំដែន និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះទេ​ឬអ្វី​?”​។​

​ប្រភព​ដដែល បាន​បន្តថា រាជរដ្ឋាភិបាល​បាន​ដឹកនាំ និង​ទទួល​ភារកិច្ច​ធ្វើ​កិច្ចការងារ​បោះបង្គោល និង​ខណ្ឌសីមា​ព្រំដែន ជាមួយ​ប្រទេសជិតខាង ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ ផែនទី​ផ្លូវការ និង​សុទ្ធតែជា​អ្នកមាន​បច្ចេកទេស​ជំនាញ ខណៈដែល ឯកឧត្តម ពេជ្រ ស្រស់ និង​លោក រ៉ុង ឈុន មិនមែនជា​អ្នកជំនាញ​រឿង​ព្រំដែន​ទេ​។ ឯកឧត្តម ពេជ្រ ស្រស់ ជា​ប្រធាន​បក្សនយោបាយ​មួយ តែងតែ​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ ដោយ​មើលរំលង​តម្លៃ​នៃ​នីតិរដ្ឋ ហើយ​បែរជា​មក​គាំទ្រ​ទង្វើ​បំពាន​ច្បាប់​របស់លោក រ៉ុង ឈុន ថា​ជា​សិទ្ធិ​បញ្ចេញមតិ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៅវិញ​។

​លោក រ៉ុង ឈុន ជា​អាយ៉ង​នយោបាយ​បំរើឱ្យ​ក្រុម​ចលនា​ឧទ្ទាម ដែលមាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល ញុះញង់ និង​ប៉ុនប៉ង​បង្កចលាចល​សង្គម ។ លោក រ៉ុង ឈុន មិនបាន​សហការ​ផ្តល់​ព័ត៌មាន​ដែល​ខ្លួន​គិតថា កម្ពុជា​បាត់បង់​ទឹកដី​នោះ​ឱ្យទៅ​រដ្ឋាភិបាល ឬ​ជូនទៅ​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន​នោះទេ គឺ​បែរជាយក​ព័ត៌មាន​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ ដែល​មិនមាន​មូលដ្ឋាន​ច្បាស់លាស់ ទៅ​ចេញ​សេចក្តីថ្លែងការណ៍​បង្ហោះ​ផ្សព្វផ្សាយ និង​ចាត់ទុកថា​ជា​ព័ត៌មាន​ពិត​។​

​ទង្វើ​របស់ ឯកឧត្តម ពេជ្រ ស្រស់ និង​លោក រ៉ុង ឈុន រួមទាំង​អ្នក​តវ៉ា​ទាមទារ​អំពី​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ក្អេងក្អាង​ថា ពួកខ្លួន​ជា​អ្នក​ស្រឡាញ់​ជាតិ ការពារ​ទឹកដី​នោះ តើ​គិតថា រដ្ឋាភិបាល​សព្វថ្ងៃ​ក្បត់ជាតិ និង​មិនចេះ​ស្រឡាញ់ ការពារ​បូរណភាព អធិបតេយ្យ​ជាតិ​មែនឬ​?

​ថា លោក រ៉ុង ឈុន ទៅ​ចុះ​ផ្កាប់មុខ​ប្រឆាំង​រដ្ឋាភិបាល​ទៅហើយ ចុះ ឯកឧត្តម ពេជ្រ ស្រស់ ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ស្រាវជ្រាវ​ឯកសារ និង​ប្រមូល​ភស្តុតាង​ឱ្យបាន​ច្បាស់លាស់​ជូនទៅ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នោះ ហេតុអ្វី​ក៏​ចេញមុខ​មក​អត្ថាធិប្បាយ ចោទប្រកាន់ថា ចំណាត់​វិធានការ​ផ្លូវច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ទៅលើ លោក រ៉ុង ឈុន ថា បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ និង​មិនបាន​គិតពី​នីតិរដ្ឋ​ទៅវិញ​។ កុំ​អួត​ក្អេងក្អាង ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពេក ប្រយ័ត្ន​ដូច វីលៀម​ហ្គ័​ង​។​

​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម​១ (​ព្រៃ​ស​) នៅ​ម៉ោង​៦ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១ សីហា ឆ្នាំ​២០២០ ដើម្បី​បន្ត​នីតិវិធី​។​

​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ បានសម្រេច​ចោទប្រកាន់​លោក រ៉ុង ឈុន ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ តាម​នីតិវិធី​។​

​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា «​ក្រោយពី​បានទទួល​សំណុំរឿង​ពី​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង សេង ហៀ​ង បាន​សាកសួរ​តាម​នីតិវិធី និង​បានសម្រេច​ចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី ។​

​លោក រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ដើម្បី​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​។​

​លោក រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ដោយ​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា​។​

​មុនពេល​មានការ​ឃាត់ខ្លួន​នេះ លោក រ៉ុង ឈុន បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ ហើយ​បានចេញ​សេចក្តីថ្លែងការណ៍ ញុះញង់​ថា ការបោះបង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា​-​វៀតណាម បាន​ចូលមក​ដី​កម្ពុជា​ក្រោម​ប្រហែល​៥០០​ម៉ែត្រ​។​

​ភ្លាមៗ បន្ទាប់ពី​មានការ​ចោទប្រកាន់​នេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បានប្រកាស​ទាត់ចោល នូវ​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុង ឈុន ដោយ​ចាត់ទុកថា ជាការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចាត់ទុកថា​ការផ្សាយ​របស់លោក រ៉ុង ឈុន មាន​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភាន់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​៕

​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក​រ៉ុង ឈុន បានចេញ​សេចក្តីថ្លែងការណ៍​ចោទថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាព មិន​ប្រក្រតី​ច្រើន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​ហិកតា ហើយ​បើ​គិតពី​បន្ទាប់​ព្រំដែន​ចាស់​មកដល់​ការបោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូលមក​ប្រហែល ៥០០​ម៉ែត្រ​ក្នុង​ដី​កម្ពុជា​។ លោក​ថា ខ្សែបន្ទាត់​ព្រំដែន ចេះតែ រំកិល​បន្តិច​ម្តងៗ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ប្រមាណ ៣ គីឡូម៉ែត្រ​បច្ចុប្បន្ននេះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×