Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្តល់​ជំនួយឥតសំណង​គ្លីនិក​ចល័ត​ដល់​ក្រសួង​សុខាភិបាល

spot_img

ភ្នំពេញ​៖ ក្រសួង​សុខាភិបាល និង​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំនួយ​គ្លីនិក​ចល័ត​ដែលជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ក្រសួង​សុខាភិបាល​។​

​តាម​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​ព្រឹក នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំនួយ​គ្លីនិក​ចល័ត ជាមួយ លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ គឺជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាម​លោក លី អាន បានបញ្ជាក់​ថា កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ខាងលើ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​មិត្ត​ចិន​នឹង​ផ្តល់ជូន​នូវ​គ្លីនិក​ចល័ត​ចំនួន​៤០​គ្រឿង ដែល​២០​គ្រឿង​ដំបូង​នឹង​មកដល់​កម្ពុជា​នា​ដំណាច់ខែ មេសា ឆ្នាំ​២០១៨ ខាងមុខ ហើយ​២០​គ្រឿង​បន្ទាប់​នឹង​មកដល់​នា​ដំណាច់ខែ តុលា ឆ្នាំ​២០១៨​។ គ្លីនិក​ចល័ត​នេះ គឺជា​ប្រភេទ​រថយន្ត​ធំ​បំពាក់​ដោយ សម្ភារៈ បរិក្ខា​ពេទ្យ និង​សម្ភារៈ បរិក្ខា​ផ្សេងៗ ដែល​អាច​បំពេញ​ភារកិច្ច​ជា​មន្ទីរពេទ្យ ក្នុងនោះ​រួមមាន ផ្នែក​ជំងឺ​កុមារ ផ្នែក​វះកាត់​ទូទៅ ផ្នែក​សម្ភព និង​រោគ​ស្ត្រី ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ផ្នែក​ទន្តសាស្ត្រ ផ្នែក​រូបភាព និង​ផ្នែក​ពិសោធន៍​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​វិស័យ​សុខាភិបាល​កម្ពុជា ហើយ​នេះ​ជា​គម្រោង​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ​ចំនួន​ពីរ​ត្រូវបាន​ចុះហត្ថលេខា គឺ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​។ លោក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចសហប្រតិបត្តិការ​នេះ ក៏​ជា​ការឆ្លើយតប​ទៅ​និង​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ស្តី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​។ លើសពីនេះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​រួមចំណែក​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ កានតែ​រហ័ស និង​កាន់តែ​មាន​ប្រសិទ្ទភាព​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×