Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់​ទាមទារ​ដោះលែង រ៉ុង ឈុន សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ មុននឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យបងប្អូន​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់​ទាមទារ​ដោះលែង រ៉ុង ឈុន សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ មុននឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​។​

​ការអំពាវនាវ​របស់​ក្រសួងយុត្តិធម៌ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មនុស្ស​មួយក្រុម​បាននិងកំពុង​ធ្វើ​សកម្មភាព​ប្រមូល និង​ដើរ​ក្បួន​តាម​ដង​វិថី​ជាដើម​ទាមទារ​ឱ្យមាន​ការដោះលែង​លោក រ៉ុង ឈុន​។​

ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់ថា សកម្មភាព​ក្នុងការ​ប្រមូលផ្តុំ​មនុស្ស​នៅខាងមុខ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​ទង្វើ​នេះ ជាការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ដែល​អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្នុងសង្គម​នីតិរដ្ឋ ការការពារ​ខ្លួន​ពី​ការចោទប្រកាន់​អំពី​បទល្មើស​ណាមួយ​រប​ស់​អង្គ​អយ្យការ ត្រូវធ្វើឡើង​តាមផ្លូវ​ច្បាប់​នៅ​ចំពោះមុខ​តុលាការ​។ ក្នុងន័យនេះ ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុង ឈុន មាន​សិទ្ធិ​ពេញលេញ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្វែងរក និង​ពឹងពាក់​មេធាវី​ពូកែៗ មួយរូប ឬ​ច្រើន​រូប ដើម្បី​ការពារ​សុចរិត​ភាព និង​ភាពត្រឹមត្រូវ​របស់ខ្លួន​តាមផ្លូវ​ច្បាប់ ស្របតាម នីតិវិធី​ជាធរ​មាននៅ​ចំពោះមុខ​ស្ថាប័ន​តុលាការ​។​

សលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣ សីហា​នេះ បានចេញ​សេចក្ដីណែនាំ​មួយច្បាប់ ចំពោះ​សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ​តវ៉ា ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រក្រតីភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​ត្រូវតែ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីណែនាំ​មួយច្បាប់ ដោយបាន​លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កេតឃើញ​មាន​សកម្មភាព​ជួបជុំ ប្រមូលផ្ដុំ​តវ៉ា ទាមទារ​ឱ្យមាន​ការដោះលែង​ជន​ត្រូវ​ចោទ​-​ឃុំខ្លួន ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយចំនួន នៅខាងមុខ សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មិនបាន​ជូនដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​សេចក្ដីណែនាំ​ដដែល​បាន​បន្ថែមថា សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ​តវ៉ា​ខាងលើនេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រក្រតីភាព​សង្គម សណ្តាប់ធ្នាប់ សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រង់​មាត្រា​៥ ដែល​បាន​ចែងថា “​ក្រុម​បុគ្គល​ណា ដែល​មានបំណង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី នៅ​កន្លែង​សាធារណៈ​ណាមួយ ត្រូវ ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ ខេត្ត មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​៖” ។ ទន្ទឹមនឹងនេះ សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វីដ -១៩ បាន​អនុវត្ត​ផ្ទុយ​អំពី​វិធានការ​នានា របស់​អង្គការ​សុខភាព​ពិភពលោក (WHO), គោលការណ៍​សុខភាព​សាធារណៈ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីណែនាំ​លេខ ០០៧ ស​ណន ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ស្តីពី​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ ការពារ​រលក​ទី​ពីរ នៃ​ការចម្លង​មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។

​ក្នុងន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ថា រាល់​ការជួបជុំ​ប្រមូលផ្ដុំ​តវ៉ា​ទាំងអស់​ត្រូវ​ជូនដំណឹង ជា​លាយលក្ខណ៍អក្សរ​ម​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ការធ្វើ បាតុកម្ម​ដោយ​សន្តិវិធី និង​ស្របតាម​វិធានការ​ណែនាំ​នានា ស្តីពី​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ការចម្លង​វីរុស កូ​វីដ​-១៩ ។ រាល់​សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ ដែល​គ្មាន​ការជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ ត្រូវ​ចាត់ទុកថា​ជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×