Friday, September 17, 2021

កម្ពុជា​នាំ​អង្ករ​ចេញ ចំនួន ៤២៦ ០៧៣ តោន ក្នុង​រយៈពេល ៧​ខែ បាន​ចំនួន​ទឹកប្រាក់​ជាង ២៨៥ លាន​ដុល្លារ​

​ភ្នំពេញ​៖ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤២៦ ០៧៣ តោន ក្នុង​រយៈពេល ៧​ខែ នៅក្នុង​ឆ្នាំ​២០២០ ដែល​គិត​ជា​កំណើន មាន​ប្រមាណ​ជា ៣៨.៣៣% ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។ បើ​យើង​ប្រៀបធៀប​កំណើន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ (២០១៥-២០១៩) នោះ យើង​ឃើញថា កំណើន​នៃ​ការនាំចេញ​របស់​យើង ក្នុង​រយៈពេល​៧​ខែ ដូចគ្នា​ទៅនឹង​ឆ្នាំ​២០២០​នេះ មាន​ភាពមិន​នឹងនរ ដែលមាន​មធ្យមភាគ​ក្រោម​១% ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី 3 ខែសីហា​ឆ្នាំ 2020​។​

​ចំពោះ​កំណើន​នៃ​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០ នេះ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយសារ​កត្តា​មួយចំនួន ដូចជា ៖ ១. តម្រូវការ​ស្បៀង​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​នៅតាម​បណ្តា​ប្រទេស​នាំចូល ។ ២. ការថយចុះ​នៃ​អត្រាពន្ធ​នាំចូល​របស់​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប​ពី ១៧០​អឺរ៉ូ មក ១៥០​អឺរ៉ូ ។ ៣. បរិមាណ និង​សុពលភាព​នៃ​កូតា​នាំចូល​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​នៅមាន​ចំនួន​ច្រើន រួម​នឹង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅកាន់​ទីផ្សារ​ហុងកុង អូស្ត្រាលី រុស្ស៊ី និង ញូ​ហ្សេ​ឡេ​ន​ជាដើម ។ ៤.​ការធ្វើ​ពិពិធ​កម្ម​ប្រភេទ​អង្ករ ពី​អង្ករ​កិន​ធម្មតា​ទៅរក​ទីផ្សារ​អង្ករសម្រូប អង្ករ​សរីរាង្គ ។ ៥. ការរក្សាបាន​កំណើន​ទីផ្សារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ប្រ៊ុយណេ និង ប្រទេស​ហ្កា​ប៊ុង ដែល​ប្រទេស​ទាំងបី​នេះ​កាន់កាប់​ចំណែក​ទីផ្សារ​ប្រទេស​កម្ពុជា ជិត​១៥%​នៃ​បរិមាណ​អង្ករ​នាំចេញ​សរុប​។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានលើកឡើង​បន្ថែមទៀតថា ​សម្រាប់​រយៈពេល ៧​ខែ​នៃ​ឆ្នាំ​២០២០ នេះ ចំណូល​ដុល​ពី​ការនាំចេញ​អង្ករ​បាន​ចំនួន ២៨៥.៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ចំពោះ​ការនាំចេញ​អង្ករ​ប្រចាំ​ខែកក្កដា ដែលជា​ទូទៅ គឺជា​ខែ​ដែល​ការនាំចេញ​បាន​ចំនួន​តិចជាងគេ​នៃ​ចំនួន​ខែ​ទាំងអស់​ប្រចាំឆ្នាំ គិត​ជា​មធ្យម​ក្នុង​ខែកក្កដា​នេះ មាន​ប្រហែលជា ២៦ ០០០ តោន ក្នុង​មួយខែ ដោយសារ​ខែកក្កដា ជា​ខែ​ចុងរដូវ​នៃ​ស្តុក​ស្រូវស្រាល ដូចជា​សែន​ក្រអូប សុមាលី និង​ពពួក​ស្រូវ​ប្រកាន់​រដូវ ដូចជា​ផ្ការំដួល​ផងដែរ​។ សម្រាប់​ខែកក្កដា ឆ្នាំ​២០២០ នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ២៨ ៤១៣ តោន ដែលមាន​បរិមាណ​ប្រហាក់ប្រហែលគ្នា​នឹង​ឆ្នាំ​២០១៥ បាន​នាំចេញ​ចំនួន ២៨ ៤៩២ តោន តែ​ខុសគ្នា​ត្រង់​ខែកក្កដា ឆ្នាំ​២០២០ ភាគច្រើន​ជា​អង្ករ​ក្រអូប អង្ករ​សរីរាង្គ ខណៈដែល​ឆ្នាំ​២០១៥ ភាគច្រើន​ជា​អង្ក​រស ធម្មតា​។
​ការនាំចេញ​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ គិត​ជា​ទឹកប្រាក់​បាន​ចំនួន ២០.១២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ប្រភេទ​អង្ករ​នាំចេញ ចាប់តាំងពី​ឆ្នាំ ២០១៦ យើង​ឃើញថា​កំណើន​នៃ​ការនាំចេញ​អង្ករ​ក្រអូប​មាន​កំណើន​ជា​លំដាប់ រីឯ​អង្ក​រស និង​អង្ករ​ចំហុយ​មាន​ទំនោរ​ធ្លាក់ចុះ​ជា​គំហុក​ចាប់ពី​ឆ្នាំ​២០១៨​មក តែមាន​កំណើន​វិញ​ខ្លះ នៅ​ឆ្នាំ​២០២០​ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩ រីឯ​អង្ករ​សរីរាង្គ​នៅមាន​ទំនោរ​កំណើន​ជា​បណ្តើរៗ​។ សម្រាប់​៧​ខែ​ក្នុង​ឆ្នាំ ២០២០​នេះ អង្ករ​ក្រអូប​មាន​កំណើន​ប្រមាណ​ជិត ៣២% ហើយ​អង្ក​រស មាន​កំណើន​កើន​ជាង​៨២% ហើយ​អង្ករ​សរីរាង្គ​មាន​កំណើន​ជាង ១៦% បើ​ប្រៀប​ទៅ​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩៕ ដោយ​៖​កូ​ឡាប​