Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ អេស​ស៊ីជី នៅ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ១២៩,៣៩ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ០,២​ភាគរយ​

spot_img

ភ្នំពេញ៖ ​ដោយ​ផ្អែកលើ​របាយការណ៍​ត្រីមាស​ទី​២ ឆ្នាំ​២០២០ អេស​ស៊ីជី នៅ​កម្ពុជា មានទ្រព្យ​សរុប​ចំនួន ១.៥៦៣ ប៊ី​លាន​រៀល (៣៨២ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។​

​ក្រុមហ៊ុន​សម្រេចបាន​ចំណូល​ពី​ការលក់ សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ចំនួន ២៥៦ ប៊ី​លាន​រៀល (៦២,៤៨ លាន​ដុល្លារ​អាមេរិក​) ក្នុងនោះ​រាប់បញ្ចូល​ទាំង​ចំណូល​លក់​ពី​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍ និង​អាជីវកម្ម​លក់​គ្រឿងសំណង់ ដែល​តួលេខ​ចំណូល​នេះ ធ្លាក់ចុះ ៦% បើ​ធៀប​នឹង​ត្រីមាស​ទី​២ នៃ​ឆ្នាំមុន ។ សម្រាប់​រយៈពេល​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ អេស​ស៊ីជី នៅ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ៥៣១ ប៊ី​លាន​រៀល (១២៩,៣៩ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ០,២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ​មិញ ។

​ក្នុង​គោលបំណង​ធានា​និរន្តរភាព​នៃប្រតិបត្តិ​ការ​និង​ផលិតកម្ម​របស់​ក្រុមហ៊ុន នៅក្នុង​អំឡុងពេល​វិបត្តិ​កូ​វីដ​១៩ អេស​ស៊ីជី បាន​បន្ត​ដាក់ចេញ​និង​អនុវត្ត​ពេញទំហឹង នូវ​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម ។ ជាងនេះទៅទៀត ការការពារ​សុខភាព​និង​សុខុមាលភាព​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺជា​អាទិភាព​សំខាន់បំផុត​របស់​ក្រុមហ៊ុន នៅក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ ហើយ​របៀប​ធ្វើការ​បែប​ថ្មី​មួយ ហៅថា “​កន្លែងធ្វើការ​បែប​កូនកាត់​” ដែល​បុគ្គលិក​អាច​ជ្រើសរើស​ធ្វើការ​នៅក្នុង​ការិយាល័យ ធ្វើការ​ពី​ផ្ទះ ឬ​ធ្វើការ​ពី​ទីណា​ក៏បាន ដែល​ក្រុមហ៊ុន​គិតថា​មាន​សុវត្ថិភាព និង​ការណែនាំ​អំពី​ការរក្សា​គម្លាត​រាងកាយ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ របៀប​ធ្វើការ​បែប​ថ្មី​នេះ ផ្ដល់នូវ​ភាពបត់បែន​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដល់​បុគ្គលិក និង​ជួយ​គាំទ្រ​ដល់​ពួកគេ​ឲ្យ​អាចធ្វើ​ការ​កាន់​តែមាន​ផាសុកភាព​ថែមទៀត ។

​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បន្ត​រង​នូវ​ផលប៉ះពាល់ ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ និង​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្ដី ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ និង​ផ្ដល់នូវ​សេវាកម្ម​ដែល​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុងអំឡុងពេល​កូ​វីដ​១៩ ក្រុមហ៊ុន​បាន​ចរាចរ​ផលិតផល​ថ្មី​មួយ​នៅក្នុង​ទីផ្សារ គឺ ក្បឿង​ខៀវ​កា​រ៉ាត់ ជា​ផលិតផល​ដែល​កើតចេញពី​បញ្ហា​និង​តម្រូវការ​របស់​អតិថិជន ទាក់ទង​នឹង​ការ​រចនា​និង​តម្លៃ ។ ក្បឿង​ប្រក់​ដំបូល​ប្រភេទ​ទំនើប​ថ្មី​នេះ មាន​ពណ៌​ភ្លឺ​ចិញ្ចាច​ដែល​ធ្វើ​ឲ្យ​ដំបូលផ្ទះ​របស់​អតិថិជន​មាន​ពន្លឺ​ភ្លឺ​ចាំង​ស្អាត និង​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​ពួកគេ ហើយ​ក្បឿង​នេះ​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប ដែល​ធ្វើ​ឲ្យ​វា​ជាប់​បានយូរ​ស្របទៅតាម​ស្តង់ដារ ISO 9001: 2015 ។

​ជាមួយគ្នានេះ ផលិតផល​បេតុង​បាវ​ក៏​ត្រូវបាន​បញ្ចេញ​ទៅក្នុង​ទីផ្សារ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​នៅក្នុង​គម្រោង​សាងសង់​របស់​ពួកគេ ។ បេតុង​បាវ​ថ្មី​នេះ​ជំនួស​ឲ្យ​វិធី​លាយ​បេតុង​បែប​ប្រពៃណី ដែល​នាំ​ឲ្យ​ទាំង​ម្ចាស់ផ្ទះ និង​ទាំង​ជាងសំណង់​ចំណេញ​ទាំង​ពលកម្ម និង​ទាំង​ពេលវេលា ។​

​លោក Roongrote Rangsiyopash ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ អេស​ស៊ីជី បាន​និយាយថា “​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ ទោះបី អេស​ស៊ីជី មិន​ស្ថិតក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដូច វិស័យ​ទេសចរណ៍ ឬ​អាកាសចរណ៍​ក្ដី ក្រុមហ៊ុន​បានធ្វើការ​តាមដាន​និង​វាយតម្លៃ​ស្ថានការណ៍​ជាប់​ជាប្រចាំ ដើម្បី​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅក្នុង​បរិយាកាស​មួយ​ដែល​ពោរពេញ​ទៅដោយ​ភាពមិនច្បាស់លាស់ ។

​អេស​ស៊ីជី បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អាជីវកម្ម​ថ្មីៗ​មួយចំនួន ដូចជា ត្រៀមខ្លួន​សម្រាប់​ស្ថានការណ៍​អាក្រក់​បំផុត ដោយ​បង្កើត​នូវ​ផែន​ការលក់ និង​ការរៀបចំ​ការដឹកជញ្ជូន​សម្រាប់​ស្ថានការណ៍​បិទ​ទីក្រុង​; ធ្វើ​ផែនការ​សម្រាប់​ភាពប្រសើរ​បំផុត ដោយ​បង្កើន​នូវ​ប្រសិទ្ធ​ផល​ផលិតកម្ម​ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង​; ការផ្លាស់ប្ដូរ​ទៅរក​ឌីជីថល ដើម្បី​បង្កើត​នូវ​គំរូ​ដែលមាន​ប្រសិទ្ធភាព​បំផុត ។

​ជាងនេះទៅទៀត ក្រុមហ៊ុន​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ដែលមាន​ភាព​បន់​បែន​បំផុត ដោយ​ផ្ដល់​ដំណោះស្រាយ ផលិតផល និង​សេវាកម្ម ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែ​ប្រសើរ​ថែមទៀត និង​ចាប់យក​ទីផ្សារ​សក្ដានុពល នៅ​ខណៈដែល​មានការ​កើនឡើង​នូវ​និន្នាការ​អាជីវកម្ម​អន​ឡាញ សេវាកម្ម​ដឹកជញ្ជូន​អាហារ​តាម​តម្រូវការ និង​ការគិតគូរ​ខ្លាំង​អំពី​សុខភាព​និង​សុខុមាលភាព ។ ជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ទាំងនេះ លទ្ធផល​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០ និង​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ មិនសូវ​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ឡើយ​៕”
ដោយ៖CEN

spot_img
×