Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បឹង​ទន្លេសាប ជាទី​តាំង​សម្រាប់​ការវិនិយោគ និង​កែច្នៃ​ទេសចរណ៍​សិប្ប​និមិត្ត ដ៏​ទាក់ទាញ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា មាន​សក្តានុពល​ទេសចរណ៍​ខ្លាំង​គួរឱ្យកត់សម្គាល់​ទៅ លើ​តំបន់​រម្យ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វប្បធម៌​អង្គរវត្ត ដែលជា​គោលដៅ​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​អន្តរ​ជាតិ​មកពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក​។ បន្ថែម​ពីនេះ ក៏មាន​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត និង​តំបន់​ទេសចរណ៍ធម្មជាតិ អេកូ​ទេសចរណ៍ ដ៏​សម្បូរបែប​ផងដែរ​។
​ក្រុម​អ្នកស្រាវជ្រាវ យល់ឃើញថា បច្ចុប្បន្ន​កម្ពុជា បាន​ទាញយក​ប្រយោជន៍​ជាច្រើន​ពី​វិស័យ​ទេសចរណ៍​ប​ពីរ​ផ្នែក គឺ​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ​។​

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា កម្ពុជា​បានត្រឹមតែ​ទាញយក​ប្រយោជន៍​ពី​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ​។
​ទន្ទឹមនឹងនេះ លោក​បាន​អះអាងថា កម្ពុជា ក៏មាន​តំបន់​ទេសចរណ៍​សិប្ប​និមិត្ត​ដ៏​ទាក់ទាញ​ផងដែរ គឺ​នៅ​បឹង​ទន្លេសាប ដែល​សម្បូរ​ទៅដោយ​មច្ឆជាតិ និង​ជីវចម្រុះ ប្រសិនបើ​មានការ​កែច្នៃ​ដាក់​កញ្ចប់​ទេសចរណ៍​នៅ​ទីនោះ អ្នក​ទេសចរណ៍ នឹង​ទៅ​ទស្សនា​ច្រើន ដោយ​ពួកគេ​មិនចាំបាច់​ទៅ​មើល​នៅ​ប្រទេស មី​យ៉ាន់​ម៉ា ចិន និង​ឡាវ នោះឡើយ​។​

​លោក​សុខ ទូច បាន​មានប្រសាសន៍ថា​៖ «​គេ​ដើរ​ទេសចរណ៍​ទាំង ៦ ឯ​កម្ពុជា​ដើរទេស​ចរណ៍​តែ​ពីរ​ទេ​។ កម្ពុជា ដើរ​បាន​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍​បរិស្ថាន ឆ្នេរសមុទ្រ គេ​ហៅថា បរិស្ថាន ចុះ​នៅ​អា ៤​ទៀត​? ទេសចរណ៍​សិប្ប​និមិត្ត គេ​គ្រាន់តែ​ឡើង Twin Tower គេ​អាចយ​កបាន ៤០​ដុល្លារ ក្នុង​រយៈពេល ៣០​នាទី​។ កម្ពុជា​យក​អង្គរវត្ត​មួយថ្ងៃ​វាស់ល្ងាច​បានតែ ៣០​ដុល្លារ​ទេ​»​។​

​តាម​ឯកសារ​ខ្លះ​បញ្ជាក់ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ចែកចេញជា ៥ ផ្នែក​គឺ​៖ ទេសចរណ៍វប្បធម៌​, ទេសចរណ៍ធម្មជាតិ​, ទេសចរណ៍​អរូបី​យ​, ទេសចរណ៍​កែច្នៃ និង​ទេសចរណ៍​ជំនួញ​ជាដើម​។​

​គួរ​បញ្ជាក់ថា វិស័យ​ទេសចរណ៍ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា «​មាស​បៃតង​» និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក្នុងចំណោម​វិស័យ ដែលជា​សរសរ​ស្តម្ភ​ទាំង​បួន​នាពេល​បច្ចុប្បន្ន ហើយ​វិស័យនេះ អាច​ស្រូបយក​ចំណូល​ពី​ទេសចរណ៍​បរទេស​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩៕​ដោយ​៖CEN​

spot_img
×