Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ​បាន​រឹបអូស​យក​ផ្ទះសម្បែង ដីធ្លី​ជាង 30 កន្លែង​របស់​អ្នកស្រី​យី​ង​ឡាក់​

spot_img

អចល​ទ្រព្យ​ជាង 30 កន្លែង របស់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​រឹបអូស ដើម្បី​ទូទាត់​សំណង​ចំពោះ​ការខូចខាត ដែល​រដ្ឋាភិបាល​របស់​លោកស្រី​បាន​បង្កឡើង ក្នុងអំឡុងពេល​កម្មវិធី​ឧបត្ថម្ភ​ថ្លៃ​អង្ករ​ដ៏​ចម្រូងចម្រាស​។​

នៅ​ថ្ងៃ​ទី ៣១ ខែ​មករា មេធាវី Noppadol Laothong តំណាង​របស់ អ្នកស្រី​យី​ង​ឡាក់ បាន​ថ្លែងថា ទ្រព្យសម្បត្តិ​នេះ រួមមាន​៖ ផ្ទះ​នៅ Soi Nawamin ភាគ​ខាងជើង នៃ​ទីក្រុង​បាងកក ដែល​អ្នកស្រី​យី​ង​ឡាក់ បានរស់នៅ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​គាត់​មុន​ពេល​ភៀសខ្លួន​ចេញ​ទៅ​ក្រៅប្រទេស កាលពី​ខែ​សីហា​មិនយូរប៉ុន្មាន មុន​ពេល​តុលាការ​ថៃ​សម្រេច​លើ​ការទទួលខុសត្រូវ​របស់​អ្នកស្រី ក្នុង​កម្មវិធី​ឧបត្ថម្ភ​ថ្លៃ​អង្ករ​អំឡុង​ពេល​អ្នកស្រី​ជា​នាយករដ្ឋមន្ត្រី​។​

​នៅក្នុង​របាយការណ៍​អ្នកស្រី​យី​ង​ឡាក់ បានកំណត់​ថ្លៃ​ផ្ទះ​របស់​ខ្លួន ប្រហែល 110 លាន​បាត (3,5 លាន​ដុល្លារ​) ។ នេះ​គឺជា​ទ្រព្យសម្បត្តិ​ធំជាងគេ ដែល​ត្រូវ​រឹបអូស​។​

​ក្រសួង​ហិរញ្ញវត្ថុ​បាន​ផ្តល់​ការអនុញ្ញាត​នេះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ថា វា​នឹង​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​នៃ​កម្មវិធី​ឧបត្ថម្ភ​ថ្លៃ​អង្ករ​។​

​ទ្រព្យសម្បត្តិ​ផ្សេងទៀត រួមមាន ៖ ផ្ទះល្វែង​មួយចំនួន ដី​នៅ​ខាងក្នុង​និង​ក្រៅ​ទីក្រុង​បាងកក ព្រមទាំង​គណនី​ធនាគារ 12 ទៀត​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​និយាយថា ចំនួន​នៃ​ការខូចខាត​នៅក្នុង​កម្មវិធី​ឧបត្ថម្ភ​ថ្លៃ​អង្ករ​មាន​ប្រហែល 35 ពាន់​លាន​បាត​។ ទ្រព្យសម្បត្តិ​ខ្លះ​របស់​លោកស្រី​យី​ង​ឡាក់​នឹង​ត្រូវ​ដាក់​ដេញថ្លៃ ដើម្បី​ទូទាត់​សំណង​មួយ​ចំនួន​។​

​កាលពី​ខែ​មករា រដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​ជា​ផ្លូវការ​ថា អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ស្ថិតនៅ​ចក្រភព​អង់គ្លេស​រយៈពេល 4 ខែ​។ អ្នកស្រី​យី​ង​ឡាក់ អាច​ប្រើ​លិខិតឆ្លងដែន ដែល​ចេញ​ដោយ​បណ្តា​ប្រទេស​ផ្សេង​ទៀត ដោយសារ​លិខិតឆ្លងដែន​ថៃ​ទាំងអស់ របស់​លោកស្រី​ត្រូវបាន​លុបចោល​។​

​ទោះបីជា​យ៉ាងណា ក៏​ដោយ​រដ្ឋាភិបាល​ថៃ​បាន​និយាយថា ខ្លួន​មិន​មាន​ព័ត៌មាន​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​លោក​ស្រី​យី​ង​ឡា​ក់នៅ​ចក្រភព​អង់គ្លេស ក៏​ដូច​ជា​រឿង​ថា តើ​នាង​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ឬ​ទិដ្ឋាការ​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​ដែរ​ឬ​យ៉ាងណា​។ គេ​បាន​ឃើញ​រូបភាព​ដែល​រីក​រាលដាល នៅលើ​អ៊ីនធឺណិត​ច្រើន​សន្លឹក បង្ហាញ​ពី​ការដើរ​ទិញ​ឥ​វ៉ាន់​របស់​អ្នកស្រី​នៅ​ទីក្រុង​ឡុង​។​

​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ 5 ឆ្នាំ​ពី​បទ​រំលោភ​លើ​កម្មវិធី​ឧបត្ថម្ភ​ថ្លៃ​អង្ករ​។ មុន​នេះ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​និយាយថា នាង​គ្មាន​ទោស​ទេ ហើយ​នេះ​គឺជា​ការកាត់ក្តី​នយោបាយ ដែល​មាន​បំណង​នយោបាយ​សំដៅ​មក​លើ​រូប​ខ្លួន​៕​

spot_img
×