Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនី​ខេត្ត​ព្រះសីហនុ ដាច់​ចរន្ត​ញឹកញាប់ សូម្បី​សម្តេច ស ខេង កំពុង​ថ្លែង​សន្ទរកថា ក៏​ដាច់​ចរន្តអគ្គិសនី​ដែរ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រីរាជការ ពិសេស​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ថា​បាន​ធ្វេសប្រហែស​បណ្តាលឲ្យ​ដាច់​ចរន្តអ​គ្គិ​ស​នី ឬ​ដាច់​ភ្លើង​ជា​ញឹកញាប់ ដែល​បាន​បង្ក​ការលំបាក​ដល់​ការរស់នៅ និង​ប្រកប​របរ​ទទួលទាន របស់​ពួកគាត់ ប៉ុន្តែ​គីឡូ​ភ្លើង ដែល​ត្រូវ​បង់​លុយ​ជា​រៀងរាល់ខែ ហាក់​មិន​បាន​ថយ​ចុះ​នោះ​ទេ​។

​ភាព​ធ្វេសប្រហែស របស់​អគ្គិសនី​ខេត្ត​ព្រះសីហនុ ក៏​បាន​កើតមាន​ជា​ថ្មី​ទៀត​នៅថ្ងៃនេះ គឺ​បាន​ដាច់​ចរន្តអគ្គិសនី​ចំពេល សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កំពុង​ថ្លែង​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​សាលប្រជុំ​ធំ របស់​សាលាខេត្ត​ព្រះសីហនុ​។
​ត្រង់​ចំណុច​នេះ មន្ត្រីរាជការ​តាម​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មួយចំនួន បានចាត់ទុក​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ចំពេល សម្តេច​ក្រឡាហោម ស ខេង ថ្លែង​សន្ទរកថា​បិទ​សន្និបាទ​នេះ ថា​ជា​ការ​ធ្វេសប្រហែស ឬ​ការមើលស្រាល​ដល់​ថ្នាក់ដឹកនាំ​ប្រទេស របស់ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិ​ស​និ​ខេត្ត​ព្រះសីហនុ​។

​មន្ត្រីរាជការ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន ខេត្ត​ព្រះសីហនុ ដែល​មិន​ពេញចិត្ត ចំពោះ​ចរន្តអគ្គិសនី ខេត្ត​ព្រះសីហនុ ដែល​តែង​ដាច់​ចរន្ត​ញឹកញាប់​នា​ពេលកន្លងមក បាន​ស្នើ​ដល់ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ជួយ​កែលម្អរ ចំពោះ​ភាព​អសកម្ម ដែល​កំពុង​កើតមាន​នៅក្នុង​ស្ថាប័ន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ឲ្យបាន​ប្រសើរ​ឡើង​វិញ​។

​ជាងនេះទៀត លោក ហេង ពិសិដ្ឋ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ពិសេស​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភាគច្រើន បាន​រិះគន់​ទៅលើ​ការចេញ​សេចក្តីជូនដំណឹង ឬ​ប្រើប្រាស់​លិខិត​រដ្ឋបាល របស់​អគ្គិសនី​ខេត្ត​ព្រះសីហនុ ថា​បាន​ប្រើប្រាស់​ពាក្យ មិន​បាន​ត្រឹមត្រូវ នៅលើ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​រួមមាន​៖ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ បាន​សរសេរ​នៅក្នុង​សេចក្តីជូនដំណឹង អំពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជា​បន្ត​អាសន្ន នៅតាម​តំបន់​មួយចំនួន​រួមមាន​៖
១- នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​
២- ចាប់ពី​តំបន់​រាម ចូល​ទៅ​ដល់ សមុទ្រ​ចិន
៣- តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​តំបន់​រាម រហូត​ទៅ​ដល់​តំបន់​វាលរេញ​។

​ត្រង់​ចំណុច​លេខ​រៀង​ទី​២ គឺ​ចាប់ពី​តំបន់​រាម ចូល​ទៅ​ដល់ សមុទ្រ​ចិន នេះហើយ ដែល​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា អគ្គិសនី​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក ហេង ពិសិដ្ឋ ហាក់​បាន​ភ្លេច​អំពី​តំបន់​ប្រវត្តិសាស្ត្រ​ជាតិ របស់ខ្លួន ហើយ​បែរជា​ដាក់​ឈ្មោះ​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​គ្រប់ៗ​គ្នា​តាំងពី​ដូនតា​រៀងមក ប្រែ​ក្លាយទៅជា «​សមុទ្រ​ចិន​» ទៅវិញ​។ តាមពិត​តំបន់​នោះ គឺជា «​ឆ្នេរ​កោះ​សំពោច​» របស់​ខ្មែរ ដែល​គេ​ស្គាល់​តាំងពី​យូរលង់​ណាស់​មកហើយ​។

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​បន្ត​រិះគន់ថា មិនគួរណា លោក ហេង ពិសិដ្ឋ បាន​ឲ្យ​តម្លៃ​ដល់​អ្នក​វិនិយោគទុន​ចិន ដែល​ទើប​មក​អភិវឌ្ឍ​តំបន់​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏​ប្រគល់​ទីតាំង​ប្រវត្តិសាស្ត្រ របស់​ជាតិ​ខ្លួន ឲ្យទៅ​ជា​តិ​សាសន៍​ដទៃ​ទាំង​ស្រង​បែបនេះ​នោះ​ទេ​។

​បន្ទាប់ពី​មាន​ការរិះគន់​ជា​បន្តបន្ទាប់ ពី​សំណាក់​មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស​និស្សិត ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម អំពី​ការប្រើប្រាស់​ទីតាំង​ប្រវត្តិសាស្ត្រ «​ឆ្នេរ​កោះ​សំពោច​» ប្រែ​ក្លាយទៅជា «​សមុទ្រ​ចិន​» ផ្តើម​ដោយ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ​រួម​មក​។ ស្ថាប័ន​នេះ ក៏​បាន​ធ្វើ​ការកែតម្រូវ​ឡើងវិញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ស្ថាប័ន​នេះ ក៏​បាន​កែតម្រូវ​ការប្រើ​ពាក្យ «​ចាប់ពី​តំបន់​រាម ចូល​ទៅ​ដល់ សមុទ្រ​ចិន មកជា ចាប់ពី​តំបន់​រាម ចូល​ទៅ​ដល់ ឆ្នេរ​កោះ​សំពោច ជំនួស​វិញ និង​បាន​ស្នើសុំ​ការយោគយល់​ពី​ផ្នែក​ពាក់ព័ន្ធ​ចំពោះ​អំពី​កំហុសឆ្គង ដោយ​អ​ចេតនា​នេះ​។

​ទាក់ទិន​បញ្ហា​នេះ​ដែរ អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់ របស់​ប្រជាពលរដ្ឋ ទៅលើ​ភាពរអាក់រអួល នៃ​ការ​ដាច់​ចរន្តអគ្គិសនី​ខាងលើ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ប៉ុន្តែ​បើ​យោងតាម សេចក្តីជូនដំណឹង របស់ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​នៅ​លើ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​មក​នេះ​ឲ្យដឹងថា ការ​ដាច់​ចរន្តអគ្គិសនី នៅតាម​តំបន់​មួយចំនួន​កន្លងមកនេះ គឺជា​ការផ្តាច់​ចរន្តអគ្គិសនី​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ Inspection Maintenance តាម​ផែនការ​ប្រចាំឆ្នាំ​២០១៨ ក្នុង​អនុ​ស្ថានីយ៍​ក្រុងព្រះសីហនុ តាម​តំបន់​មួយចំនួន​ដូចជា​៖ នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​។ ចាប់ពី​តំបន់​រាម ចូល​ទៅ​ដល់ ឆ្នេរ​កោះ​សំពោច និង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​តំបន់​រាម រហូត​ទៅ​ដល់​តំបន់​វាលរេញ​ជាដើម ជា​ឧទាហរណ៍​ស្រាប់​។​

​យ៉ាងណា​ក៏ដោយ​ចុះ មន្ត្រីរាជការ​ថ្នាក់ទាប ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ពិសេស​អគ្គនាយក​អគ្គិសនី​កម្ពុជា ឲ្យជួយ​ស្រាវជ្រាវ និង​ពិនិត្យ​ទៅលើ​ភាព​អសកម្ម ឬ​ការ​ដាច់​ចរន្តអគ្គិសនី​ខេត្ត​ព្រះសីហនុ ជា​ញឹកញាប់​នា​ពេលកន្លងមក ដោយ​កែសម្រួល ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ​។ ជា​ឧទាហរណ៍ សូម្បី​កម្មវិធី​ថ្លែង​សន្ទរកថា របស់​សម្តេច​ក្រឡាហោម ស ខេង កំពុង​ថ្លែង​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក៏​ត្រូវ​ដាច់​ចរន្តអគ្គិសនី​ដែរ​៕ ដែន សីមា

spot_img
×