Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ប្រជាកសិករ ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក កុំ​ធ្វើ​ស្រូវ​បង្កើន​រដូវ ខណៈដែល​មូលដ្ឋាន​របស់ខ្លួន កំពុង​ជួប​ប្រឈម​ខ្វះ​ប្រភពទឹក​ស្រោចស្រព​

spot_img

​បាត់ដំបង ៖ ឯកឧត្តម ងួន​រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​អំពាវនាវ​ដល់​ប្រជាកសិករ ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក សូមកុំ​ធ្វើ​ស្រូវ​បង្កើន​រដូវ ខណៈដែល​មូលដ្ឋាន​របស់ខ្លួន កំពុង​ជួប​ប្រឈម​ខ្វះ​ប្រភពទឹក​ស្រោចស្រព​។​

​ការ​អំពាវ​បែបនេះ ក្នុងពេល​ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ក្នុងស្រុក​ថ្មគោល និង​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ងួន​រតនៈ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​មន្ទីរជំនាញ​សំខាន់ៗ​មួយចំនួន រួមមាន មន្ទីរ​សេដ្ឋកិច្ច​និង​ហិញ្ញ​វត្ថុ​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ព្រមទាំង​អាជ្ញាធរ​នៃ​ស្រុក​ទាំង​២ ចុះ​ត្រួត​ពិនិត្យមើល​និង​បានធ្វើ​ការវាយតម្លៃ​ផ្ទាល់ ពី​ផលប៉ះពាល់​ជាក់ស្តែង​។​

​តាម​រាយការណ៍​អាជ្ញាធរខេត្ត និង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង បាន​អះអាង អំពី​គ្រោះរាំងស្ងួត​ខ្វះ​ទឹក បង្ក​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​ហិកតា កន្លងមកនេះ​។ ការចុះទៅ​ពិនិត្យមើល​និង​ចុះទៅពិនិត្យ វាយតម្លៃ​ពី​ស្ថានភាព​ទឹក​និង​ការងារ​ដាំ​ដុះ បង្កបង្កើនផល​ស្រូវវស្សា​របស់​បងប្អូន​ក​សិ​ករ នៅ​ទូទាំង​ខេត្តបាត់ដំបង ការដាំដុះ​នូវ​ដំណាំ​ស្រូវវស្សា​ប្រមាណ ៨០​ភាគរយ ដែល​ប្រជាកសិករ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ​ជាង​៣៧​ម៉ឺន​ហិកតា កន្លងមកនេះ មាន​ស្ថានភាព​ដាំ​ដុះ​បានល្អ​ប្រសើរ ហើយ​ក្នុងនោះ​២០​ភាគរយ​ទៀត កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបាត់ដំបង បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា ដំណាំ​ស្រូវ ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ទាំងនោះ គឺ​សុទ្ធ​ជា​ប្រភេទ “​ស្រូវ​បង្កើន​រដូវ​” ដែល​បងប្អូន​ប្រជាកសិករ បាន​ដាំ​ដុះ​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភពទឹក និង​មួយចំនួនទៀត​នៅ​តំបន់​ដែល​ប្រភពទឹក ត្រូវបាន​ប្រើប្រាស់​ស្ទើរ​អស់​ទៅហើយ លើ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង និង​ស្រូវ​ដើមរដូវ​កន្លងទៅ និង​គ្មាន​លទ្ធភាព​ទាញយក​ប្រភពទឹក​ស្រោចស្រព​បាន​ទៀត​។

​តំណាង​ប្រជាកសិករ និង​លោក​មេឃុំ​បន្សាយ​ត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា ៖ រៀងរាល់ឆ្នាំ​នៅ​រដូវ​ខែ​នេះ មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ទឹកភ្លៀង​ធ្លាក់​មិនបាន​គ្រប់គ្រាន់ ហើយ​ទឹក​ក្នុង​ប្រឡាយ​ក៏​ស្ទើរតែ​អស់​ដែរ បណ្ដាល​ឲ្យ​កើត​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រប់​ស្រូវ​។​

​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ដើមរដូវ​វស្សា​មកដល់ពេលនេះ ខេត្តបាត់ដំបង ទទួលបាន​នូវ​របាយ​ទឹកភ្លៀង នូវក្នុង​កម្រិត​តិចតួច ហើយក៏​មិនបាន​រាយប៉ាយ​ឲ្យ​បាន​សព្វគ្រប់​ទីកន្លែង​នោះទេ ដោយសារតែ​ការធ្លាក់​ភ្លៀង មិនបាន​ល្អ​នេះ គឺ​វា​បាន​បង្ក​និង​ធ្វើឱ្យ​ការងារ​ដាំ​ដុះ​បង្កបង្កើនផល​ស្រូវវស្សា នៅ​តំបន់​មួយចំនួន​តាម​បណ្តា​ស្រុក កំពុងតែ​ជួប​នូវ​បញ្ហា​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×