Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​អាជីវកម្ម Startup ធំ​បំផុត​លំដាប់​ពិភពលោក​សម្រាប់​ស្ត្រី និង​បច្ចេកវិទ្យា​បាន​មកដល់​ប្រទេស កម្ពុជា​ហើយ​

spot_img

​ភ្នំពេញ​៖ She Loves Tech ដែលជា​ការប្រកួតប្រជែង​អាជីវកម្ម​ថ្មី (Startup) ធំ​បំផុត លំដាប់​ពិភពលោក​សម្រាប់​ស្ត្រី និង​បច្ចេកវិទ្យា​ឥឡូវនេះ​ចាប់​បើកទទួល​ពាក្យ​សម្រាប់​អាជីវកម្ម Startup នៅ កម្ពុជា​ហើយ​។
​នេះ​ជា​លើកដំបូង​បំផុត​ដែល​កម្ពុជា​នឹង​ឈាន​ជើង​ចូលរួម​ក្នុង កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក មួយ​នេះ​។

​កម្មវិធី She Loves Tech Cambodia ត្រូវបាន​សហការ​រៀប​ចំ​ឡើង​ដោយ She Loves Tech និង Raintree ដែលជា​អ្នក​ចងក្រង​របាយការណ៍​ស្តីពី​សហគ្រិនភាព​បច្ចេកវិទ្យា Startup Kingdom ក្រោម ការសហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហគ្រាស​ខ្មែរ និង Global Shapers Phnom Penh Hub ។

She Loves Tech បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ដើម្បី​ជម្រុញ​ឱ្យ​វិស័យ​បច្ចេកវិទ្យា​សកល​មាន​ភាព​ចម្រុះ តាមរយៈ​ការចូលរួម ពី​ស្ត្រី​ដែល​បម្រើ ការងារ​បច្ចេកទេស និង​ដើរតួនាទី​ជា​អ្នកដឹកនាំ​ផង​។ ការសិក្សា​ជាស​កល នៅ​ឆ្នាំ​២០១៧​របស់​អង្គការ UNESCO ស្តីពី ការអប់រំរ​ក្មេងស្រី និង​ស្ត្រី​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) បានបង្ហាញ​ឱ្យឃើញ ថា​មានតែ​៣០%​នៃ​ចំនួន​និស្សិត​ស្រី​សរុប​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប៉ុណ្ណោះ​ដែល​បានជ្រើសរើស​សិក្សា​មុខវិជ្ជា STEM ។
​អ្វីដែល​គួរ​បារម្ភ​នោះ គឺ​ស្ត្រី​ចុះឈ្មោះ​រៀន​ជំនាញ ពាក់ព័ន្ធ​ព័ត៌មាន ទំនាក់ទំនង និង​បច្ចេកវិទ្យា (ICT) មាន​កម្រិត​ទាប​នៅត្រឹមតែ​៣% ប៉ុណ្ណោះ​។ កម្មវិធី​ប្រកួត​នេះ​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។
​ក្រុមហ៊ុន​ចូលរួម​ពី​ឆ្នាំ​កន្លង​ទៅបាន​ប្រមូល ទុនវិនិយោគ សរុប​ជាង ១០០​លាន​ដុល្លារ​អាមេរិក ពី​វិនិយោគិន​កំពូលៗ រួមមាន​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon និង Sequoia Capital​។ បន្ថែម​ពីលើ ការរៀបចំ​ប្រកួត​តាម​អន​ឡាញ​ទាំងស្រុង​សម្រាប់​ឆ្នាំនេះ ព្រឹ​ត្ត​ការណ៍​ឆ្នាំ​២០២០​នេះ​រឹតតែ​ពិសេស​ជាង​មុន ដោយសារ​នេះ ជាការ​បង្ហាញខ្លួន​លើកដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​នៅក្នុង​កម្មវិធី​ប្រកួត​នេះ ក្នុងនាម​ជា​ដៃគូ មួយ​ក្នុង ចំណោម​ដៃគូ​អន្តរជាតិ​ជាង​៣០​ប្រទេស មកពី អាមេរិក​ខាងជើង និង​ខាងត្បូង អាហ្វ្រិក អឺរ៉ុប អាស៊ី និង​អូស្ត្រាលី​។

​កញ្ញា Rhea See សហ​ស្ថាបនិក​របស់ She Loves Tech បាន​ថ្លែងថា​៖ «​សហគមន៍​អ្នក Startup ខាង បច្ចេកវិទ្យា​នៅ​កម្ពុជា​បាន​នឹង​កំពុង​វិ​វត្ត​យ៉ាង​រស់​រវើក​ជា​រៀងរាល់ឆ្នាំ​»​។ កញ្ញា​បាន​បន្តទៀតថា​៖ «​យើង មាន​សេចក្តីរំភើប​យ៉ាងខ្លាំង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍ ក៏ដូចជា​ចូលរួមចំណែក​ជួយ តាមរយៈ ការផ្សារភ្ជាប់​អាជីវកម្ម​ថ្មីៗ​ក្នុងស្រុក​ជាមួយ​ធនធាន ក៏ដូចជា​យុទ្ធសាស្ត្រ​អន្តរជាតិ​ផងដែរ​។ យើង​ក៏​ទន្ទឹងរង់ចាំ មើលថា​បច្ចេកវិទ្យា​មាន​ឥទ្ធិពល​ណាមួយ​ដែល​នឹង​ឈ្នះ​នៅក្នុង​កម្មវិធី She Loves Tech Cambodia នៅ​ឆ្នាំនេះ​»!
​ជ័យលាភី​លេខ​១​នៃ​កម្មវិធី She Loves Tech Cambodia នឹង​ក្លាយទៅជា​តំណាង​នៃ ព្រះរាជាណាចក្រ កម្ពុជា​ក្នុងការ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​អន្តរជាតិ ដើម្បី​ឈ្នះ​រង្វាន់​ជា​សាច់​ប្រាក់សុទ្ធ​ចំនួន ១៥ ០០០ ដុល្លារ អាមេរិក​ពី​មូលនិធិ She Loves Tech​។ បន្ថែម​ពីលើ​នេះ អ្នកឈ្នះ​នឹង​ទទួលបាន​ការផ្សព្វផ្សាយ​ពិសេស​ពី​សារព័ត៌មាន ឱកាស​ទទួល​បានការ​បង្វឹក​បន្ថែម សិទ្ធិ​ទទួលបាន​មូលនិធិ​ពី​ដៃគូ​វិនិយោគ អាទិភាព​ចូលរួម​ក្នុង កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម (accelerator) របស់​ដែ​គូ​She Loves Tech រួម​នឹង​សេវា​ប្រឹក្សា​ផ្សេងៗ​ទៀត​។​

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន និង​កំពុង​ខិតខំ​ផ្តួចផ្តើម​កម្មវិធី​ផ្សេងៗ​ដើម្បី​បង្កើន ការចូលរួម របស់​ស្ត្រី នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ដូចជា​កម្មវិធី Cambodian Women in Tech Awards ជាដើម ប៉ុន្តែ​ភាព​ចម្រុះ​នៃ​យែ​ន​ឌរ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវការ ការដោះស្រាយ​ទាំងអស់គ្នា​។

​កញ្ញា Virginia Tan សហ​ស្ថាបនិក​របស់ She Loves Tech បានបង្ហាញ​ឱ្យដឹងថា​៖« បើ​គ្មាន​ស្ត្រី យើង​មិនអាច​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​នៅក្នុង​ពិភពលោក បានទេ​។ ស្ត្រី​គឺជា​អ្នក​ដែល​តំណាងអោយ​ការច្នៃប្រឌិត និង​ការគិត​បែប​ថ្មី ក្នុង​ជំនាន់​ថ្មី​នេះ​»​។ សហ​ស្ថាបនិក របស់ She Loves Tech មួយរូប​ទៀត​កញ្ញា Leanne Robers បានអោយដឹងថា​៖ “ ការលើកកម្ពស់​ស្ត្រី នៅក្នុង​វិស័យ បច្ចេកវិទ្យា​នឹង​ផ្លាស់ប្តូរ​បែបបទ​រស់នៅ និង ធ្វើការ​របស់​យើង​។ កម្មវិធី​របស់​យើង​គឺជា​មធ្យោបាយ ដ៏​ល្អ​បំផុត មួយ​ដើម្បី​ចាប់ផ្តើម​ការផ្លាស់ប្តូរ​ដ៏​ល្អ​នេះ »​។

​កញ្ញា ចាន់ ពេញ​ល័​ក្ខ អ្នកគ្រប់គ្រង​សហគមន៍​របស់ Raintree បានអោយដឹងថា​៖ «​គម្រោង​អភិវឌ្ឍ ការិយាល័យ​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត Raintree ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​ភាព​ចម្រុះ និង​ជំរុញ​ន​វា​នុ​វត្ត​ន៏​ក្នុងស្រុក​តាមរយៈ​ការសហការ​ឆ្លង​វិស័យ​»​។ កញ្ញា​បាន​បន្តថា​៖ «៦០%​នៃ​គណៈ​គ្រប់គ្រង និង​៥០% នៃ​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​យើង គឺជា​ស្ត្រី​។ នៅក្នុង​ឆ្នាំ​២០១៩ យើង​បានរៀបចំ សិក្ខាសាលា Women in Tech Meetup និង​សិក្ខាសាលា #IamRemarkable ដើម្បី​ជា​វេទិការ​ដើម្បីឱ្យ​ស្ត្រី​ទទួល​ល្គា​ល់​ស្នាដៃ និង​បង្ហាញ​ពី សមិទ្ធផល​ដែល​ខ្លួន​ស​ម្រ​ច​បាន​នៅក្នុង​កន្លែងធ្វើការ​រប​ស់​ពួកគេ និង​គាំទ្រ​ដល់​ស្ត្រី​ក្នុង​កម្មវិធី Cambodian Women in Tech Awards​។ ពួកយើង​មាន​មោទនភាព​ក្នុង ការសហការ​ជាមួយ She Loves Tech ក្នុងការ​ពាំនាំ Startups ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ស្ត្រី និង​មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ស្ត្រី​ពី​កម្ពុជា​ទៅកាន់​ពិភពលោក »​។

​កម្មវិធី​ប្រកួតប្រជែង She Loves Tech Cambodia ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី​១ ខែសីហា ដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២០​។ ក្រុមហ៊ុន​ដាក់ពាក្យ​នឹង​តម្រូវ​ឲ្យ​ផ្តល់​ព័​ត័​មាន​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ចូលរួម​ប្រកួត​។ បេក្ខជន​ជាប់​ឈ្មោះ​នឹង​ទទួល​បានការ​បង្វឹក​ពី​អ្នកជំនាញ ដែលមាន​បទពិសោធ​ន៏ រួមទាំង​អ្នកជំនាញ​ប្រចាំ​តំបន់ ដើម្បី​ផ្ចិតផ្ចង់​និង​ការពារ បទ​បង្ហាញ អាជីវកម្ម​របស់ខ្លួន​។ ដើម្បី​ជាប់​ជា​បេក្ខភាព សហគ្រិន​ទាំង​បុរស និង​ស្រី្ត​ត្រូវតែ​ជា​តំណាង Startup ខាង​បច្ចេកវិទ្យា​ដែលមាន ផលិតផល​អប្ប​រិ​មា (minimum viable product) ដែល​កំពុង​ស្វែងរក​ទុនវិនិយោគ​ក្រោម​៥​លាន​ដុល្លារ និង បំពេញ​លក្ខខណ្ឌ​១​ក្នុងចំណោម ខាងក្រោម​៖ ក្រុមហ៊ុន​មាន​ស្ថាបនិក ឬ​សហ​ស្ថាបនិក​ជា​ស្ត្រី ឬ ក្រុមហ៊ុន​មាន​ស្ត្រី​ជា​អ្នកប្រើប្រាស់​ចម្បង ឬ ក្រុមហ៊ុន​មាន​ផលិតផល​ដែល​បង្កើតឡើង​សម្រាប់​អ្នកប្រើប្រាស់​ជា​ស្ត្រី ឬ ក្រុមហ៊ុន​មាន​ផលិតផល​ដែល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​៕
​អំពី She Loves Tech
She Loves Tech បង្កើត​បរិយាកាស​ចាំបាច់​មួយ​ដើម្បីឱ្យ​Startups​មានការ​លូតលាស់​។ យើងខ្ញុំ​ជា អ្នករៀបចំ​ការប្រកួត Startups ដំបូង​ហើយ​ធំជាងគេ​បំផុត​លើ​ពិភពលោក​សម្រាប់​ស្ត្រី និង​បច្ចេកវិទ្យា ក្នុង​បំណង​ស្វែងរក និង​ព​ន្លឿ​ន​សហគ្រិនភាព និង​បច្ចេកវិទ្យា ដើម្បី​បង្កើត​ឥទ្ធិពល​កែប្រែ​។ យើង​សម្រាំង សហគ្រិន​ឆ្នើម​តាម រយៈ​ការអប់រំ និង​ការណែនាំ ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី បង្កើត​ប្រព័ន្ធ​បរិយាកាស​ជា សកល​មួយ​សម្រាប់​ស្ត្រី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ៊ី​ម៉ែ​ល​ទៅកាន់​៖ media@shelovestech.org

​អំពី Raintree
Raintree ជា​គម្រោង​អភិវឌ្ឍ​ការិយាល័យ​ឆ្នៃប្រឌិត​ដំបូងបង្អស់​នៅ​កម្ពុជា សម្រាប់​បម្រើ​ដល់​អ្នក​ច្នៃប្រឌិត សហគ្រិន អ្នកជំនាញ​ខាង​បច្ចេកវិទ្យា យុវជន និង​អ្នក​អាជីព​។ Raintree ជា​កន្លែង​សម្រាប់ធ្វើ​ការទំនាក់ទំនង បង្កើត និង​សហការ តាមរយៈ​ទីតាំង​ការិយាល័យ​ចំហ (The Core) កន្លែង​ប្រារព្ធ​ពិធី (The Canopy) និង វេទិកា​សម្រាប់ រៀបចំ​កម្មវិធី​នៅ​ជាន់​លើដំបូល (The Crown)​។ Raintree បើក​ដំណើរ​ការចាប់​តាំង ពី​ឆ្នាំ ២០១៦ ដោយ​សហ​ស្ថាបនិក​កញ្ញា Zoë Ng និង​ស្ថាបត្យករ​ខ្មែរ​លោក កាំ​ង ហុក​។ គុណ​តម្លៃ​ស្នូល របស់ Raintree គឺ​ការរីកចម្រើន របស់​ស្ថាប័ន ក្រុមហ៊ុន បុគ្គល ដែល​នៅក្នុង​សហគមន៍​របស់ខ្លួន​ទាំងអស់​។ ក្រុមហ៊ុន ដែលមាន​វត្ត​មាននៅ Raintree មាន​ទំហំ និង​វិស័យ​ឧស្សាហកម្ម​ចម្រុះ​ខុសប្លែក​ពីគ្នា ដែល​រួមមាន ដូចជា Microsoft, Grab, Viber, Havas Socialyse, Havas Champagne, Teach for Cambodia, DataU Academy, និង SmallWorld Realty ។ Raintree គាំទ្រ​យ៉ាងខ្លាំង​ដល់​សហគ្រិន និង​អ្នក​ច្នៃ ប្រឌិត​ក្នុង និង​ក្រៅ​ស្រុក​តាមរយៈ​កម្មវិធី​និង​ព្រឹត្តិការណ៍​ដែល​ក្រុមការងារ បានរៀបចំ ក្នុងនោះ​រួមមាន ការតាំងពិព័រណ៍ សន្និសីទ សកម្មភាព​ផ្នែក​អប់រំ និង​សុខភាព និង​រៀបចំ​កម្មវិធី​ទំនាក់ទំនង ដែល​ទទួលបាន ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​សារព័ត៌មាន​។ គម្រោង​នេះ​ក៏បាន​ធ្វើការ​ដឹកនាំ​ការស្រាវជ្រាវ​ទៅលើ​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា​ប្រព័ន្ធ​នៅ​កម្ពុជា ផងដែរ ក្រោម​ការគាំទ្រ របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង ព័ត៌មាន និង Smart Axiata​។​

Raintree បានទទួល​ពានរង្វាន់​គម្រោង​អភិវឌ្ឍ​ការិយាល័យ​ឆ្នើម​នៅ​កម្ពុជា (Best Office Development) កំឡុងពេល​កម្មវិធី​អចលនទ្រព្យ​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៧ (International Property Awards, Asia Pacific) ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.raintreecambodia.com
​សម្រាប់​សំណួរ​ទាក់ទង​អំពី She Loves Tech Cambodia 2020 សូម​អ៊ី​ម៉ែ​ល​ទៅកាន់​៖ cambodia@shelovestech.org៕

​ដោយ​៖CEN

spot_img
×