Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន របស់​រាជរដ្ឋាភិបាល ទទួលបាន​ការគាំទ្រ​ពី​ធុរជន​

spot_img

​ភ្នំពេញ​៖ ឥឡូវនេះ ក្រុមហ៊ុន​សរុប​ចំនួន ៦៥១ បាន​ស្នើសុំ​ចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​នៅ​ក្រសួងពាណិជ្ជកម្ម​, អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន ៣៦៩ និង​ក្រុមហ៊ុន​ដែល​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​មាន​ចំនួន ២៨២ បើ​គិត​ត្រឹម​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែសីហា​នេះ​ថា ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​នេះ មាន​សំណើរ​បម្រុង​ទុក​នាម​ករ​ណ៍​ចំនួន ១២៦៨ សំណើ ក្នុងនោះ​១០៧៧ សំណើរ​ទទួល​បានការ​ឯកភាព​, ១៩០​សំណើរ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ និង​១​សំណើ​ត្រូវបាន​បដិសេធ​។​

​ឯកឧត្តម គង់ ម៉ា​រី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា យោង​ស្ថិតិ​ខាងលើនេះ បញ្ជាក់​ឲ្យ​ឃើញ​ពី​លទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ភា​ព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​ទាក់ទាញ​សម្រាប់​អ្នកវិនិយោគ និង​ធុរជន នៅពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជម្ងឺ​កូ​វីដ​១៩​។​

​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា​(CamDX) ដែល​ធ្វើ​ប្រតិបត្តិការ​ផ្លាស់ប្តូរ​ទិន្នន័យ​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រួមមាន​ក្រសួងពាណិជ្ជកម្ម​, អគ្គនាយកដ្ឋាន​ពន្ធដា​រ​, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងមហាផ្ទៃ​, បាននិងកំពុង​ប្រព្រឹត្តិ​ទៅដោយ​រលូន​។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា កិច្ចការងារ​ប្រកបដោយ​មោទនៈ​នេះ នឹង​មិនអាច​សម្រេច​ទៅបាន​ឡើយ ប្រសិនបើ​មិនមាន​ការចូល​រួមសហកា​រយ៉ា​ង សកម្ម​បំផុត​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាមួយនឹង​ឆ​ន្ទះ​នយោបាយ​ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ក្នុងការ​កែទម្រង់​ដ៏​សំខាន់​នេះ​។​

​អ្នក​ចុះបញ្ជី និង​ធុរជន​បាន​សាទរ និង​ផ្តល់​ការគាំទ្រ​លើ​ការដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ ដោយហេតុថា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ មាន​នីតិវិធី​ងាយស្រួល​ជាង​មុន (​ការចុះបញ្ជី​បាន​ដល់​ទៅ ៣​ក្រសួង​-​ស្ថាប័ន​ក្នុងពេល​តែមួយ​តាម​អន​ឡាញ​), ពេលវេលា​ទទួលបាន​កា​រស​ម្រេច​ពី​ក្រសួង​-​ស្ថាប័ន​ខ្លី​ជាង​មុន​ច្រើន (​ត្រឹម​៨​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​) និង​តម្លៃ​សេវា​ទាប​ជាង​មុន​ប្រមាណ ៤០​ភាគរយ​។​

​គួរ​បញ្ជាក់ថា ការកែទម្រង់​ថ្មី​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន (IT) ដើម្បី​ផ្តល់​សេវាសាធារណៈ ពិត​ជាមាន​ប្រសិទ្ធភាព និង​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ មាន​ជាអាទិ៍ តម្លាភាព និង​ការកាត់បន្ថយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​អាជីវកម្ម​៕
​ដោយ​៖CEN​

spot_img
×