Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ម្ចាស់​បុរី​ធំៗ មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់​បុរី ដើម្បី​រួមគ្នា​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ទាំងអស់គ្នា​

spot_img

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ម្ចាស់​បុរី​ធំៗ​នៅ​រាជធានី​ភ្នំពេញ មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់គ្នា ដោយ​រដ្ឋបាល​រាជធានី នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រួច​ពន្ធ ឡាន​អគ្គិភ័យ​ទាំងនេះ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​នៅក្នុង​បុរី ។ កន្លងមកនេះ ឃើញ​បុរី​មួយចំនួន បាន​ធ្វើជា​គំរូ​ល្អ​ហើយ នោះ​គឺ​បុរី​ម៉េង​ហូត និង​បុរី​នៅ​កោះ​ពេជ្រ តែង​បានចេញ​ឡានទឹក មកជួយ​អន្តរាគមន៍​នៅ​ខាងក្រៅ ពេល​មាន​អគ្គិភ័យ​កើតឡើង​ម្តងៗ​។ លោក​ស្នើ​ឲ្យ​ម្ចាស់​បុរី​ធំៗ មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់​បុរី ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ទាំងអស់គ្នា​។​

​ការស្នើ​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ នៅ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​បុរី នៅ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដែល​បានធ្វើ​ឲ្យ​សង្គមជាតិ​រីកចម្រើន ។ លោក​ថា ការអញ្ជើញ​បងប្អូន​ម្ចាស់​បុរី​មកនេះ​គឺ ដើម្បី​តម្រង់ទិស​ឲ្យ​បុរី​នានា​ឈានទៅ​រក្សាបាន​សន្តិសុខ សុវត្ថិភាព​កាន់តែ​ប្រសើរ​ថែមទៀត​។​

លោក​អភិបាល ស្នើ​ឲ្យ​ម្ចាស់​បុរី អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច រួមសហការ​គ្នា​ឲ្យ​បានល្អ បើ​សហការ​បានល្អ​ហើយ នោះ​ក្នុង​បុរី​នឹងមាន​សន្តិសុខ​ល្អប្រសើរ​។ ផ្ទុយទៅវិញ បើ​យើង​នៅ​ឆ្ងាយ​ពីគ្នា បុរី​មួយចំនួន​នឹងមាន​បញ្ហា​ដោយ​កន្លងមក​ក្នុង​បុរី​ខ្លះ បង្កើត​ឲ្យ​មាន​បទល្មើស ដូចជា​ការជួញដូរ​គ្រឿង​ញៀន និង​ការ​ពពោះ​បង្កើតកូន​ជំនួស​ជាដើម​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើត​ទំនាក់ទំនង​ជាមួយ​ម្ចាស់​បុរី ឲ្យ​បាន​ជិតស្និទ្ធ ជាមួយនឹង​ការចុះ​សួរសុខទុក្ខ​ពួកគាត់​ជាប្រចាំ ពួកគាត់​មាន​បញ្ហា​អ្វី យើង​ជួយ​គាត់​ភ្លាម​។ នៅក្នុង​បុរី​ធំៗ​ត្រូវ​បំពាក់​ទៅ​កា​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​ត្រូវ​បញ្ជូនមក ខេ​ម​មិន​សិន​ធើ​របស់​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​នឹង​រក្សា​ជាសម្ងាត់​។ អ្វីដែល​យើង​ចង់បាន គឺ​យើង​ចង់បាន​សន្តិសុខ​ល្អ​ក្នុង​បុរី​។​

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា ចំពោះ​ផ្លូវ​សាធារណៈ​មិន​ឲ្យ​ដាក់​ទួល​លើផ្លូវ​ទេ បង្ក​គ្រោះថ្នាក់​ណាស់ តែ​យើង​អាចដាក់​គំនូស​ញ័រ​បាន លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការងារ​នេះ តែបើ​នៅក្នុង​បុរី​អាស្រ័យ​លើ​ម្ចាស់​បុរី​យើង​មិនមាន​ការបង្ខិតបង្ខំ​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស ថេត អគ្គ​ស្នងការរង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​បងប្អូន​នៅក្នុង​បុរី និង​ដើម្បី​រក​ចំណូល​ឲ្យ​ខាង​បុរី​ផងដែរ ជាមួយ​សន្តិសុខ​ល្អប្រសើរ​នេះឯង ។ កាលបើ​បុរី​រកចំណូលបាន​ច្រើន នោះ​ក៏មាន​ថវិកា​ច្រើន​ក្នុងការ​បង់ពន្ធ​ចូល​រដ្ឋ​បាន​ច្រើន​ផងដែរ​។ លោក​ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​បុរី ដែល​មិនមាន​ច្បាប់​សន្តិសុខ​ឯកជន ត្រូវ​ទៅ​បំពេញ​ច្បាប់ ។ បុរី​ក៏​ត្រូវមាន​សណ្តាប់ធ្នាប់ រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឲ្យ​បានល្អ​ជៀសវាង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន នៅ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា នៅ​ភ្នំពេញ​មាន​ភា្ន​ក់​ងារ​សន្តិសុខ​ឯកជន​ចំនួន​១២០៦៨​នាក់ ក្នុងនោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន កំពុងដំណើរការ​មាន​ចំនួន ១៩១​ក្រុមហ៊ុន មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន ៦៣៨៨​នាក់​ស្មើនឹង​១៤៣៦​គោលដៅ ។ សហគ្រាស​គ្រឹះស្ថាន​៨៨២ គ្រឹះស្ថាន មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​៥៦៨០​នាក់​ស្មើនឹង ៨៨២​គោលដៅ ។ លោក​បន្តថា ភ្នាក់ងារ​សន្តិសុខ​ឯកជន​នេះ បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ទ្រព្យសម្បត្តិ​អាយុជីវិត​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​។ សមិទ្ធផល​ទាំងនេះ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្តទុកដាក់ គាំទ្រ​គាំពារ​នូវ​វិស័យ​សន្តិសុខ​ឯកជន ជាពិសេស​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែលជា​កម្លាំង​ជំនួយ​ដ៏​សំខាន់ ដល់​កម្លាំង​នគរបាលជាតិ ក្នុងការ​រួមចំណែក​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ជូន​សង្គមជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា ចំពោះ​ការងារ​ប្រតិបត្តិការ ក្រុមការងារ​ទទួលបាន​ទិន្នន័យ​បុរី នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះបញ្ជី​សុំច្បាប់​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ចំនួន​១៥២​បុរី ប៉ុន្តែ​ក្រុមការងារ​បាន​ចុះ​ជាក់ស្តែង បានត្រឹមតែ​១២៥​បុរី​តែប៉ុណ្ណោះ ដោយ​បុរី​មួយចំនួន​បាន​បោះបង់ និង​មួយចំនួនទៀត កំពុង​សាងសង់​មិនបាន​ប្រើប្រាស់​ភ្នាក់ងារ​ឯកជន ហើយ​ក្នុង​ចំនួន​១២៥​បុរី​នេះ មាន​ចំនួន​ខ្នង​ផ្ទះ​ចំនួន​៧០.១៦២​ខ្នង លើ​ផ្ទៃដី​៣.៧៩១​ហិកតា និង​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​១.១៨២​នាក់​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×