Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អនុម័ត​លើ​របៀបវារៈ​បរិស្ថាន​ថ្មី សម្រាប់​មហា​អនុតំបន់​ទន្លេមេគង្គ

spot_img

ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​៖ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មកពី​ប្រទេស​ទាំង ៦ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) បានអនុម័ត​លើ​របៀបវារៈ​បរិស្ថាន រយៈពេល ៥ ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥៤០ លាន​ដុល្លារ សម្រាប់​គម្រោង​អាទិភាព​មួយចំនួន ដើម្បី​ជម្រុញឱ្យមាន​ការវិនិយោគ​បៃតង និង​បង្កើន​កិច្ច​សហ​-​ប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន ដែល​ជួយ​ឱ្យ​តំបន់​នេះ​សម្រេច​នូវ​កំណើន​ប្រកបដោយ​ចីរភាព​។​

​រដ្ឋមន្ត្រី បានអនុម័ត​លើ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នៃ កម្មវិធី​បរិស្ថាន​ស្នូល (CEP) ២០១៨-២០២២ ក្នុង​កំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​លើក​ទី ៥ ដែល​រៀបចំ​ធ្វើឡើង ពីថ្ងៃ​ទី ៣០ ខែ មករា ដល់​ថ្ងៃទី ១ ខែ កុម្ភៈ នៅ​ទីក្រុង​ឈៀង​ម៉ៃ​។ កម្មវិធី ដែល​ត្រូវ​បានប្រកាស​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ ២០០៦ និង​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ កំពុង​ចាប់ផ្តើម​ដំណាក់កាល​ទី ៣ របស់ខ្លួន​។ កម្មវិធី​នេះ​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ជាង ៣០.០០០ នាក់​ពី​ភាពក្រីក្រ នៅ​តំបន់​ជនបទ ក្នុង​មហា​អនុតំបន់​។​

​ឧ​ត្ត​ម​សេនីយ៍ Surasak Karnjanarat រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ធនធានធម្មជាតិ​របស់​ប្រទេស​ថៃ មានប្រសាសន៍ថា “​កម្មវិធី CEP នេះ មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការកសាង​ការជឿទុកចិត្ត និង​ការយោគយល់​គ្នា រវាង​បណ្តា​ប្រទេស​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ក្នុងការ​អនុវត្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​បរិស្ថាន ហើយ​យើង​នឹងធ្វើ​ការងារ​រួមគ្នា​បន្ថែមទៀត ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​អនុតំបន់​នេះ ក្នុងការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កើតមាន​ក្នុង​វិស័យ​បរិស្ថាន​។ កិច្ចប្រជុំ​នេះ ផ្តល់ឱ្យ​យើង​នូវ​កាលានុវត្តភាព ដើម្បី​បូកសរុប​វឌ្ឍនភាព និង​សមិទ្ធិផល​ដែល​សម្រេចបាន​កន្លងមក ព្រមទាំង​ចែករំលែក​ចំណេះដឹង និង​ធ្វើការ​ពិភាក្សា​អំពី​និន្នាការ ទិសដៅ និង​បញ្ហា​ថ្មីៗ ដែល​កំពុង​កើតឡើង​ក្នុង​វិស័យ​បរិស្ថាន​។​”

​ក្រៅពី​ការវិនិយោគ​ក្នុង​ទឹកប្រាក់ ៥៤០ លាន​ដុល្លារ ដែល​ផ្តោតលើ​ការគ្រប់គ្រង​ការប្រើប្រាស់​ដីធ្លី ការគ្រប់គ្រង​សំណល់ ការត្រួតពិនិត្យ​ការបំពុល​បរិស្ថាន និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដែល​ធន់​ទៅនឹង​អាកាសធាតុ យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំនេះ​ក៏​នឹង​ត្រួស​ត្រាយផ្លូវ​បង្កើត​នូវ​កម្មវិធី​រៀបចំ​គម្រោង​ថ្មី​មួយ ដើម្បី​ជួយ​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ស្វែងរក​ធនធាន​ថវិកា ដើម្បី​បំពេញ​កង្វះ​ថវិកា​សម្រាប់​ការវិនិយោគ​លើ​ការអភិវឌ្ឍ​បៃតង ជាពិសេស តាមរយៈ​ការរៀបចំ​គម្រោង និង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​។ វេទិកា​បច្ចេកវិទ្យា​បៃតង​ក៏​នឹងត្រូវ​បង្កើតឡើង​ផងដែរ ដើម្បី​បំពេញ​តួនាទី ទីផ្សារ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង អ្នកផ្តល់​សេវា​បច្ចេកវិទ្យា​ជាមួយនឹង​អ្នកប្រើប្រាស់​បច្ចេកវិទ្យា ដែល​ផ្តោតលើ​បច្ចេកវិទ្យា​គ្រប់គ្រង​សំណល់ ថាមពល​ក៏​កើតឡើង​វិញ ប្រសិទ្ធភាព​ថាមពល ភាព​ធន់​ទៅនឹង​អាកាសធាតុ និង​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​។​ល​។​

​កម្មវិធី CEP បាន​រៃអង្គាស​ទឹកប្រាក់​ប្រមាណ​ជាង ១០០ លាន​ដុល្លារ ផ្តល់​ហិរញ្ញប្បទាន​បន្ថែម ដែល​ក្នុងនោះ ៩៨ លាន​ដុល្លារ សម្រាប់​ការអភិរក្ស​ជីវចម្រុះ បាន​បង្កើត​នូវ​ច្រករបៀង​ជីវចម្រុះ​លើ​ផ្ទៃដី​ទំហំ ២,៦ លាន​ហិច​តា ក្នុង​តំបន់​ទេសភាព​ឆ្លងដែន​ចំនួន ៧ និង​បាន​បណ្តុះបណ្តាល​ដល់​អ្នក​ពាក់ព័ន្ធ​ជាង ១៩.០០០ នាក់ ក្នុង​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​ចំណេះដឹង​ជាង ៥០០ លើក​។​

​លោក Ramesh Subramaniam អគ្គនាយក នៃ​នាយកដ្ឋាន​អាស៊ី​អា​គ្នេ​ហ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា “​ចាប់តាំងពី​ឆ្នាំ​២០០៦ មក កម្មវិធី CEP បាន​ពង្រឹង​ខ្លួន​ជា​គំនិត​ផ្តួចផ្តើម​ផ្នែក​បរិស្ថាន​ដ៏​សំខាន់​ជាងគេ​មួយ នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​នេះ​។ យើង​នឹង​បន្ត​អនុវត្ត​សកម្មភាព​សំខាន់ៗ ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ជួយ​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកប​បរិ​យា​ប័ន្ន និង​ចីរភាព នៅក្នុង​មហា​អនុតំបន់​ទន្លេ​
​មេគង្គ​។​”

​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ការរៀបចំ​វេទិកា​រយៈពេល ២ ថ្ងៃ ស្តីពី​កំណើន​បៃតង ក្រោម​ប្រធានបទ កំណើន​បៃតង​ប្រកបដោយ​បរិ​យា​ប័ន្ន​៖ ការវិនិយោគ​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព ផ្តោតលើ​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ និង​ព្រឹត្តិការណ៍​ស្តីពី​បច្ចេកវិទ្យា​បៃតង ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ភាព​ធន់​ទ្រាំ​ទៅនឹង​អាកាសធាតុ និង​ការវិនិយោគ​លើ​ធនធានធម្មជាតិ​។​

​កិច្ចប្រជុំ​លើក​ទី​៥ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន មហា​អនុតំបន់​មេគង្គ ​ដែល​ធ្វើឡើង​ឈៀង​ម៉ៃ​-​ប្រទេស​ថៃ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន មហា​អនុតំបន់​មេគង្គ នៅ​ទីក្រុង​ឈៀង​ម៉ៃ​នៃ​ព្រះរាជាណាចក្រ​ថៃ ដែលមាន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ​និង​ដៃគូ​អភិវឌ្ឍន៍ ប្រមាណ ២៥០​នាក់ រៀបចំ​រួមគ្នា​រវាង​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ម​ជ្ឈ​ម​ឈ្ឌ​ល​ប្រតិបត្តិការ​បរិស្ថាន​នៃ​កម្មវិធី​បរិស្ថាន​ស្នូល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។

​ជា​លទ្ធផល កិច្ចប្រជុំ​នេះ​បានអនុម័ត​លើ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​ប្រទេស​មហា​អនុតំបន់​មេគង ទៅ​ការងារ​ដែល​ប្រទេស​ទាំងអស់​នៃ​មហា​អនុតំបន់​សម្រេចបាន​តា​មរយៈ​ការអនុវត្ត​កម្មវិធី​បរិស្ថាន​ស្នូល និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ឆ្នាំ​២០១៨-២០២២​ដែលមាន​គម្រោង ៦​សំខាន់ៗ សម្រាប់​អនុវត្តន៍​នៅ​ដំណាក់កាល​ទី ៣​នៃ​កម្មវិធី​បរិស្ថាន​ស្នូល​។ អង្គ​ប្រជុំបាន​សង្កត់ធ្ងន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​មហា​អនុតំបន់​មេគង្គ និង​ភា​គឹ​ពាក់ព័ន្ធ លើ ១) ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ២) ការគ្រប់គ្រង និង​ធនធានធម្មជាតិ និង ៣) ការពង្រឹង​សមត្ថភាព​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​
​ប្រទេស​ដែលជា​សមាជិក​មហា​អនុតំបន់​ទន្លេមេគង្គ​រួមមាន កម្ពុជា សាធារណរដ្ឋ​ប្រជាមានិត​ចិន (​ជាពិសេស ខេត្ត​យូ​ណាន និង​តំបន់ស្វ័យយ័ត​គ័ង​ស៊ី​ជ័​ង​) សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×