Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចុះ​អនុស្សរណៈ​ជាមួយ​ស្វី​ស​គាំទ្រ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​ភូមិភាគ​ ​ឦ​សាន្ត សម្រាប់​ឆ្នាំ​២០២០-២០២៤

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​អង្គការ​ស្វី​ស​ខន់​ថាក់ លើ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) ដំណាក់កាល​ទី​២ ឆ្នាំ​២០២០-២០២៤ ដែល​គម្រោង​ផ្តោតលើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ក្នុងការ​ជំរុញ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​បណ្តុះបណ្តាល​ដ​ល់​យុវជន សិស្ស និស្សិត និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច​។​

​ការអនុវត្ត​គម្រោង​នេះ នឹងត្រូវ​ធ្វើឡើង​នៅតាម​ខេត្ត​គោលដៅ​ចំនួន ៥ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី និង​ខេត្តព្រះវិហារ​។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បានធ្វើ​ឡើង​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី Naddia Ottiger នាយិកា​រង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ (SDC)​។​

​ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​ជំនាញ​ដំណាក់កាល​ទី​២ ឆ្នាំ​២០២០-២០២៤ ធ្វើឡើង​ចំពេល​វេលា និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ជាពិសេស​លើ​ការជំរុញ​បណ្តុះបណ្តាល​ជំនាញ​ថ្មី និង​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ការធ្វើដំណើរ​ដល់​យុវជន សិស្ស និស្សិត និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​គោលដៅ​ទេសចរណ៍​ទាំង​៥ ដើម្បី​ទទួលបាន​ចំណេះដឹង និង​ជំនាញ និង​ដើម្បី​ជា​ច្រក​សម្រាប់​បន្ត​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បន្ថែម និង​ពេញ​មួយជីវិត​។​

​គម្រោង​នេះ ក៏​នឹងចូលរួម​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដែល​បង្កើតបាន​មូលធន​មនុស្ស​សម្រាប់​វិស័យ​ទេសចរណ៍ លើ​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ក្នុង​បរិបទ​ខេត្ត​គោលដៅ​ទេសចរណ៍ និង​ចូលរួម​បង្កើត​ធនធាន​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ផងដែរ​។​

​ឯកឧត្ដម ប៉ាក់ សុខុម បានឱ្យដឹង​ទៀតថា ដើម្បី​ជំរុញ​ការអនុវត្ត​ជំហាន​ទី​២ នៃ​កម្មវិធី​អភិវឌ្ឍ​ជំនាញ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ក្រសួងទេសចរណ៍​បាន​ចាត់​ឱ្យ​មន្ត្រី​សួង​ចូល​ជា​សហ​អនុប្រធាន​គណៈកម្មការ​អនុវត្ត​គម្រោង​ជាមួយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ ដែល​ក្នុងនោះ​តំណាង SDC (​ម្ចាស់ជំនួយ​) ជា​ប្រធាន និង​តំណាង​ក្រសួង​ការងារ​ជា​សហ​អនុប្រធាន​ផងដែរ​។​
​ឯកឧត្ដម​បានបញ្ជាក់​ទៀតថា សម្រាប់​គម្រោង​ជំហាន​ទី​២ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ជំនាញ (Re-Skilling and Up-Skilling) ជំរុញ​ទីផ្សារការងារ ពង្រឹង​សហគ្រិនភាព​ក្នុង​វិស័យ​ទេសចរណ៍ និង​ការអនុវត្ត​បច្ចេកវិទ្យា​ក្នុងការ​អប់រំ និង​បណ្តុះបណ្តាល ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​។​

​សូម​រំលឹកថា កន្លងមក​តាមរយៈ​គ​ម្រោ​ង​អភិវឌ្ឍន៍​ជំនាញ​ជំហាន​ទី​១ ក្រសួងទេសចរណ៍​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ (SDC) អង្គការ​ស្វី​ស​ខន់​ថាក់ និង​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ដោយបាន​បណ្តុះបណ្តាល​យុវជន យុវនារី លើ​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ក្នុង​កម្មវិធីសិក្សា​ពេញ​ម៉ោង​ចំនួន ១៦០​រូប (​ស្រី ៦០​រូប​) កម្មវិធី​បណ្តុះបណ្តាល​ខាងក្នុង​ចំនួន ៣៨៩​រូប (​ស្រី ២០០​រូប​) ប្រជា​សហគមន៍​ទេសចរណ៍​ចំនួន ៤៨០​រូប (​ស្រី ៣៤០​រូប​) បណ្តុះបណ្តាល​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ចំនួន ៩១​រូប និង​បាន​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍ តាមរយៈ​យន្តការ​វាយតម្លៃ​ការសិក្សា​ពីមុន (RPL) ចំនួន ១,១៦៧​រូប (​ស្រី ៥៦១​រូប​)៕
​ដោយ​៖CEN

 

spot_img
×