Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​អនុញ្ញាត​ជាគោលការណ៍ បើក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ជា​គោល​កាណ៍​ឲ្យ​បើក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​ឡើងវិញ​ហើយ ប៉ុន្តែ​ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​មួយចំនួន​របស់​ក្រសួងសុខាភិបាល​។
​បើតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ជាការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ​១៩ និង​យោងតាម​លិខិត លេខ​០៤៣​សខល ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល បណ្តា​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​អនុវត្ត​យ៉ាង​ពេញលេញ​តាម​ការណែនាំ ដោយបាន​បញ្ឈប់​សកម្ម​ភាព​ចាក់​បញ្ចាំងភាពយន្ត និង​សកម្មភាព​សម្តែង​សិល្បៈ​នានា ចាប់ពីពេលនោះ​មក​។

​ក្រសួង​វប្បធម៌ បាន​បញ្ជាក់ថា​ដើម្បី​ជួយ​សម្រាល​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់សិ​ល្បករ សិល្បការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ក្នុង​បុព្វហេតុ​អភិរក្ស និង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍ ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ដោយ​តម្រូវឱ្យ​គោរព​តាម​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ (SOP) ដែល​រៀបចំឡើង ដោយ​ក្រសួងសុខាភិបាល និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​នានា រួមមាន​៖

១) រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ដែលមាន​បំណង​បើក​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ឡើងវិញ ត្រូវដាក់​ពាក្យស្នើសុំ និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ធានា​ការអនុវត្ត​នូវ​គោលការណ៍​ស្តង់ដារ ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​។​

២) ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​ឡើងវិញ បន្ទាប់ពី​រោងភាពយន្ត ឬ​រោង​សម្ដែង​សិល្បៈ​ទាំង​នោះបាន​ត្រៀម​រៀបចំខ្លួន​រួចរាល់ និង​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្តតាម​ល​ក្ខ​ខណ្ឌ​តម្រូវ សុវត្ថិភាព ដូច​មានចែង​ក្នុង​គោលការណ៍​ស្តង់ដារ ប្រតិបត្តិ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩​។​

៣) ការបើក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​ឡើងវិញ គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​ចូលរួម​សហការ​ពេញលេញ​ជាមួយ​ក្រុមការងា​រ​ចម្រុះ​របស់​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ និង​ក្រសួងសុខាភិបាល ដែលមាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ និង​សេចក្ដីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល​។​

​អាស្រ័យ​ដូច​បាន​ជម្រាប់ជូន​ខាងលើ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​សិល្បករ សិល្បការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ដែលមាន​បំណង​បើក​ដំណើរការ​រោង ភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​ឡើងវិញ ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕​

ដោយ៖កូឡាប

spot_img
×