Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាង​នូវ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​នានា ឆ្ពោះទៅសម្រេចបាន​នូវ​ទស្សនៈវិស័យ​សហគម​ន៍​អាស៊ាន ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ​៖ អាស៊ាន​កំពុងតែ​ទាញយក​កាលានុវត្តភាព​នានា ដែល​កើតចេញ​បច្ចេកវិទ្យា​ឌីជីថល និង​ការ​កើន ឡើង​នៃ​ភាព​ត​ភ្ជាប់​តំបន់​។ យើងទាំងអស់គ្នា​បាន កសាង​នូវ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​នានា ឆ្ពោះទៅ សម្រេចបាន​នូវ​ទស្សនៈវិស័យ​សហគម​ន៍​អាស៊ាន ឆ្នាំ​២០២៥ ដែល​ប្រាថ្នា​ចង់ឱ្យ​អា ស៊ាន​ក្លាយជា​តំបន់​ដែល​ពោរពេញ ដោយ សន្តិភាព ស្ថិរភាព មាន​ភាព​ធន់ និង​ជា​តំបន់​ដែល​សម្លឹង​ឆ្ពោះទៅ​ខាងក្រៅ នៅក្នុង​សហគមន៍​ប្រជាជាតិ​សាកលលោក​។​

​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង សារ​អបអរសាទរ​ទិវា​អាស៊ាន​នៅ​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០២០ ខួប​លើក​ទី​៥៣​ឆ្នាំ នៃ​ការបង្កើត​អាស៊ាន ក្រោម​ស្រមោល​នៃ​វិបត្តិ សាកល​ផ្ទួនៗ ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវ​ដ​.១៩ និង​ការប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​រវាង ប្រទេស​មហាអំណាច​។​

​ឯកឧត្តម ប្រាក់ សុខុន បាន​ថ្លែងថា ថ្ងៃទី​៨ ខែសីហា យើង​ប្រារព្ធ​ខួប​លើក​ទី​៥៣​ឆ្នាំ នៃ​ការបង្កើត​អាស៊ាន ក្រោម​ស្រមោល​នៃ​វិបត្តិ សាកល​ផ្ទួនៗ ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវ​ដ​.១៩ និង​ការប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​រវាង ប្រទេស​មហាអំណាច ។ នៅពេលដែល​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៧ សង្គ្រាមត្រជាក់ បាន​ជះឥទ្ធិពល​ពាសពេញ​ពិភពលោក ហើយ​តំបន់​របស់​យើង​ក៏​ញាំ ញី​ទៅដោយ​សភាពការណ៍ តានតឹង​។ ចាប់តាំងពី​ការបង្កើត​នោះមក អាស៊ាន​បាន​វិ​វ​ឌ្ឍ​ឈាន​ទៅមុខ​ប្រកបដោយ​ជោគជ័យ ត្រចះត្រចង់ ហើយ​បាន​ពង្រីក​ទាំង​ទំហំ និង​វិសាលភាព​គ្របដណ្តប់​របស់ខ្លួន​។ ផ្តើមចេញពី​បំណង ប្រាថ្នា​ការពារ និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ សន្តិភាព​ក្នុង​តំបន់ អាស៊ាន​បានទទួល ជោគជ័យ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឡើង​កម្ដៅ​ពី​ការប្រឈមមុខ​ដាក់គ្នា និង​ការបង្ការ​ជម្លោះ​នានា មិនឱ្យ​រីក​រាលដាល​ក្លាយទៅជា​សង្គ្រាម តាមរយៈ​មធ្យោបាយ​សន្តិ​ភាព និង​ការទូត​។​

ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, កម្ពុជា បានបញ្ចប់​សង្គ្រាមស៊ីវិល​របស់ខ្លួន​ទាំងស្រុង​ក្នុង​ឆ្នាំ​១៩៩៨ និង​បាន​ក្លាយជា​សមាជិក​ចុងក្រោយ របស់​គ្រួសារ​អាស៊ាន ក្នុង​ឆ្នាំ​១៩៩៩​។ ធម្មនុញ្ញ​អាស៊ាន ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០០៨ បានផ្តល់​ឱ្យ​អាស៊ាន​នូវ​មូលដ្ឋានគ្រឹះ​ថ្មី​មួយទៀត សម្រាប់​ការបោះ​ជំហាន​ប្រកប ដោយ​ស្ថិរភាព ឆ្ពោះទៅកាន់​ការបង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​។​

ជាមួយនឹង​ការដាក់បញ្ចូល​កម្ពុជា ជា​សមាជិក​របស់ខ្លួន អាស៊ាន​មាន​វិសាលភាព​គ្រប់​ដណ្តប់​លើ ប្រទេស​ទាំង​១០ ដែលមាន​ច​រិ​ក​លក្ខណៈពិសេស​ដោយឡែក​របស់ខ្លួន និង​ពោរពេញ​ដោយ​ភាព ចម្រុះ ទាំង​ផ្នែក​រចនា សម្ព័ន្ធ​សង្គម សេដ្ឋកិច្ច និង​ន​យោ បាយ ហើយ នេះ​ជា​អ្វីដែល​យើង​គ្រប់គ្នា លើកឡើងថា​ជា «​ឯកភាព​ក្នុង​ភាព​ចម្រុះ ដែល​នេះ​ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​ដល់​ភាព​ធន់​របស់ អាស៊ាន និង​ស្មារតី​រួបរួមគ្នា​ដ៏​ជ្រាលជ្រៅ​។

លក្ខណៈសម្បត្តិ ដ៏​ពិសេស​មួយ​របស់​អាស៊ាន នោះ​គឺ អភិក្រម​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស ដែល​ធានាបាន​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ មាន​សម្លេង​មួយ ស្មើ ៗ គ្នា មិន​ថា​ប្រទេស នោះ​ធំ​ឬ​តូច ឬ​មាន​សេដ្ឋកិច្ច​ខ្លាំង​ឬ​ខ្សោយ នោះទេ​។ អាស៊ាន​បាន​ខិតខំ​ប្រឹងប្រែង​គ្មាន​សំចៃ ក្នុងការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ាន តាមរយៈ​កម្មវិធី​មួយចំនួន​ដូចជា គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​(IAI)​។ កម្ពុជា​ក៏បាន រួមចំណែក​យ៉ាង​ធំធេង​ដល់​ដំណើរការ​នៃ​ការកសាង​សហគមន៍​អាស៊ាន ដោយ​អនុលោម​ទៅតាម គោលនយោបាយ​ការបរទេស​របស់ខ្លួន ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​តំបន់​និយម​មួយ ដោយ​ផ្អែកលើ​វិធាន​ច្បាប់ ប្រកបដោយ​បរិ​យា​ប័​ន្ទ និង​បើកចំហ​។​

អាស៊ាន បាន​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​បញ្ហា នានា​របស់​តំបន់ និង​សាកលលោក ហើយ​តែងតែ​បញ្ជាក់​ឱ្យឃើញថា ខ្លួន​នៅតែ​ដើរតួនាទី​សំខាន់ និង​ប្រកបដោយ​លក្ខណៈ​ស្ថាបនា នៅលើ​ឆាក​អន្តរជាតិ​។ អាស៊ាន​បាន​ផ្តល់ឱ្យ​ប្រទេស​មា​ជិ​ក​របស់ខ្លួន​នូវ​ខែល សន្តិសុខ និង​គម្លាត ជា​យុទ្ធសាស្ត្រ សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ខ្លឹមសារ​ជាមួយនឹង​ដៃគូ​នានា​ដែល​ប្រកួត ប្រជែង​គ្នា ហើយ មាន​គោលបំណង​ស្វែងរក ផល ប្រយោជន៍​ទៅវិញទៅមក​ជា មួយ អាស៊ាន ដោយ​ឈរលើ​គោលការណ៍ គោរព​គ្នា​ទៅវិញទៅមក និង​ការទទួល ស្គាល់ ម​ជ្ឈ​ភាព​អា ស៊ាន​។ អាស៊ាន​នឹង​បន្ត​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​មានអំណាច​នានា ទាំង​ក្នុង​កម្រិត​តំបន់ និង​ក្រៅ​តំបន់​។ ដោយ​មានការ​ងើបឡើង​នូវ​និន្នាការ​ប្រជា​កល​និយម គាំពារ និយម និង​ជាតិនិយម ខណៈពេលដែល​ប្រទេស​មានអំណាច​សំខាន់ៗ កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ឧ​ត្ត​មា​នុ​ភាព អាស៊ាន​បាន​ក្លាយជា​ចំណុច​ប្រមូលផ្ដុំ​ថ្មី សម្រាប់​ការប្រឈមមុខ​ខាង​ផ្នែក ភូមិសាស្ត្រ​នយោបាយ ហើយ​ជាការ​ពិតណាស់ ឯកភាព​របស់​អាស៊ាន ក៏​កំពុងតែ​ទទួលរង​នូវ​សម្ពាធ ពី​ខាងក្រៅ​។ អាស៊ាន​មិនគួរ​រារែក​ក្នុង​ការរក្សា និង​ជំរុញ​ម​ជ្ឈ​ភាព​របស់ខ្លួន តាមរយៈ​ការដើរ​តួនាទី អព្យាក្រឹត ប្រកបដោយ លក្ខណៈ​ស្ថាបនា នៅក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុងតែ​វិ​វ​ឌ្ឍ​នោះទេ​។ អាស៊ាន ពុំមាន​លក្ខណៈ​គំរាមកំហែង​ណាមួយ​ឡើយ ហើយ​អា ស៊ាន​ក៏​កំពុង​តែមាន​ទំនាក់ទំនង យ៉ាង​ល្អប្រសើរ​ជាមួយនឹង​ប្រទេស មានអំណាច​សំខាន់ៗ និង​ប្រទេស​មានអំណាច​ធុន​កណ្តាល ទាំងអស់​ផងដែរ​។​

​ក្រោម​មូលបទ​របស់​អាស៊ាន​ឆ្នាំនេះ – ភាពស្អិតល្មួត និង​ការឆ្លើយតប ” អាស៊ាន​បាន​រួបរួមសាមគ្គី​គ្នា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​នានា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​។ អាស៊ាន​បាន ដាក់ចេញ នូវ​វិធាន​ការ​ជាក់លាក់​ក្នុងការ​សម្របសម្រួល​វិធានការ​ឆ្លើយ តប​បន្ទាន់ ទៅ នឹង​ជំងឺ រាតត្បាត​កូ​វីដ​-១៩ ក្នុង​គោលបំណង​ដើម្បី​ជួយសង្គ្រោះ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ យន្តការ​ពហុ​វិស័យ និង​ពហុ​កម្រិត ដែល មាន​អាយុកាល​រាប់​ទសវត្សរ៍​របស់​អា​ស៊ាន បានផ្តល់ លទ្ធភាព​ឱ្យ​អាស៊ាន​ធ្វើការ​គ្រប់គ្រង និង​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោលនយោបាយ ឆ្លើយតប​ថ្នាក់​តំបន់​ចំពោះ​បញ្ហា​នេះ​។ មូលនិធិ​អាស៊ាន​សម្រាប់​ការឆ្លើយតប​នឹង​វីរុស​កូ​វីដ​-១៩ មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណ​: និង​ជំងឺ​ដែល កំពុង​លេចឡើង​និង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ គឺជា​ឧទាហរណ៍​ដ៏​ប្រសើរ​នៃ​គោលនយោបាយ ទាំងនេះ​។​

ជាពិសេស​វិស័យសេដ្ឋកិច្ច​វិញ អាស៊ាន​បាន​បោះជំហាន​កាន់តែ​ជិត​ឆ្ពោះទៅកាន់​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅក្នុង​ឆ្នាំនេះ ហើយក៏​កំពុង​បន្ត ធ្វើ​ការងារ ដើម្បី​ជំរុញ​ការចរចា​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អឺរ៉ុប ដែល​ទើបនឹង ប្រកាស​នាពេល​ថ្មីៗ​នេះ​។ អាស៊ាន​កំពុងតែ​ពង្រឹង​នូវ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​របស់ខ្លួន​ជាមួយនឹង​អង្គការ សហប្រជាជាតិ ដើម្បី​ជំរុញ​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ អាស៊ាន​ក៏​កំពុងតែ​ទាញយក​កាលានុវត្តភាព​នានា ដែល​កើតចេញ​បច្ចេកវិទ្យា​ឌីជីថល និង​ការ​កើន ឡើង​នៃ​ភាព​ត​ភ្ជាប់​តំបន់​។​

​ក្នុងឱកាស ដ៏​វិសេសវិសាល​នេះ ខណៈពេលដែល​យើងទាំងអស់គ្នា បង្ហូតទង់​អាស៊ាន​ខ្ពស់​ឡើង ដើម្បី​អបអរសាទរ​សមិទ្ធផល នានា ដែល​យើង សម្រេចបាន​កន្លងមក យើង​ដឹង​យ៉ាងច្បាស់ ថា ការងារ​របស់​យើង​ពុំទាន់​បានបញ្ចប់​ទាំងស្រុង​នៅឡើយ​ទេ​។ យើង​បាន​កសាង​សហគមន៍​មួយ​ដែល មាន​ភាព​ចម្រុះ​គ្នា ប៉ុន្តែ​ពោរពេញ​ដោយ​ស្ថិរភាព យើង​រីកចម្រើន​ទាំងអស់គ្នា ក្នុងនាម​ជា​តំបន់​មួយ ដ៏​ខ្លាំងក្លា ដែល​បាន​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ពិភពលោក​ខាងក្រៅ និង​បាន​ចូលរួមចំណែក​ដល់​ការ រៀបចំ​សណ្តាប់ធ្នាប់​តំបន់ និង សា ក ល លោក យើង​បាន​ពង្រឹង​អង្គការ​អន្តរ​រដ្ឋា ភិ​បាល មួយ ប្រកបដោយ​ភាពជឿជាក់ និង​ប្រសិទ្ធភាព ដែល​ទទួលបាន​ការគោរព និង​ទំនុកចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍ នានា ។ យើង​បានធ្វើ​ដំណើរ​លើ ផ្លូវ​ដ៏​វែងឆ្ងាយ​ដើម្បី​កំណត់​ទីតាំង និង​តួនាទី​របស់​យើង​នៅក្នុង ពិភពលោក និង​ដើម្បី​ធានា​នូវ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ប្រជាជន​យើង​។ យើងទាំងអស់គ្នា​បាន កសាង​នូវ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​នានា ឆ្ពោះទៅ សម្រេចបាន​នូវ​ទស្សនៈវិស័យ​សហគម​ន៍​អាស៊ាន ឆ្នាំ​២០២៥ ដែល​ប្រាថ្នា​ចង់ឱ្យ​អា ស៊ាន​ក្លាយជា​តំបន់​ដែល​ពោរពេញ ដោយ សន្តិភាព ស្ថិរភាព មាន​ភាព​ធន់ និង​ជា​តំបន់​ដែល​សម្លឹង​ឆ្ពោះទៅ​ខាងក្រៅ នៅក្នុង​សហគមន៍​ប្រជាជាតិ​សាកលលោក​៕ ដោយ​៖​កូ​ឡាប​

spot_img
×