Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ​១០០០​ថ្ងៃ ឆ្ពោះទៅស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣

spot_img

CAMSOC-​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ប្រារព្ធ​ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី​ស្លាក​សញ្ញា និមិត​សញ្ញា​រូប​សត្វ​តំណាង និង​ការរាប់​ថយក្រោយ​១០០០​ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ពិធី​ដ៏​ឱឡារិក​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ល្ងាច​ម៉ោង​៥ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ថ្លែងថា ស្លាក​សញ្ញា និមិត្តសញ្ញា​រូប​សត្វ​តំណាង និង​បាវចនា (​ឬ​ពាក្យស្លោក​) បាន​ឆ្លងកាត់​ការពិភាក្សា​ជាច្រើនលើក​របស់​គណៈអចិន្ត្រៃយ៍ CAMSOC ហើយ​សម្រេចបាន​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​កិច្ចប្រជុំ​ធំ​ប្រចាំឆមាស​ទី​១​នូវ​ជ័យលាភី​ស្នាដៃ ដែល​ម្ចាស់​ជ័យលាភី​ទាំង​ពីររូប​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ក្នុង​ម្នាក់ៗ ២០​លាន​រៀល នាពេលនេះ​។ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ពន្យល់​អំពី​បាវចនា ឬ​ពាក្យស្លោក នៃ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គឺ «​កីឡា​រស់ក្នុង​សន្តិភាព​-SPORT LIVE IN PEACE» ដែលមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ​គុណ​តម្លៃ​ដ៏​ធំធេង​នៃ​សន្តិភាព ហើយ​ខ្លឹមសារ​នៃ​ស្លាក​សញ្ញា និមិត្តសញ្ញា បាន​បង្កប់​នូវ​អត្ថន័យ អត្ថរូប​ចំពោះ​ថាមពល​នៃ​វប្បធម៌ អរិយធម៌ អត្តសញ្ញាណ​ជាតិ​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ​គ្រប់​ជំនាន់​។​

​នៅក្នុង​រូប​នាគព័ន្ធ​បានបង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍ ដែលជា សមាជិក​ស៊ី​ហ្គេម​។ រីឯ​រូបតំណាង (Mascot) ជា​សុភា​ទន្សាយ​ញី​ឈ្មោល ដែលមាន​ឈ្មោះថា បុរី និង​រំដួល ដែល​តួអង្គ​តំណាង​ទាំងពីរ​បង្ហាញ​នូវ​ស្នាមញញឹម​រួសរាយ​រាក់ទាក់ ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​ជា​ភ្ញៀវ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ សម្លៀកបំពាក់​នៃ​រូប​និមិត្តសញ្ញា គឺជា​កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ ដែលជា​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ ដោយ​កំពុង​ស្នើសុំ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ថ្ងៃនេះ​គឺជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល CAMSOC បានរៀបចំ​ពិធី​រាប់​ថយក្រោយ ១០០០​ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ យើង​នៅសល់តែ​១០០០​ថ្ងៃ​តែ ប៉ុណ្ណោះ ដែល​កម្ពុជា​កំពុង​រៀបចំ​នូវ​ដំណើរការ​ជា​បន្តបន្ទាប់​ឆ្ពោះទៅ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ ១០០០​ថ្ងៃ គឺជា​ពេលវេលា​ដ៏​មានតម្លៃ​បំផុត ក្នុងការ​ត្រៀមខ្លួន​រប​ស់​គណៈកម្មការ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​។ CAMSOC កំពុងធ្វើដំណើរ​ដោយ​ស្វាហាប់ ក្នុងការ​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ដើម្បី​ជំរុញ​ល្បឿន​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សម្តេច​បានស្នើ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ដែលជា​អនុប្រធាន CAMSOC ស្តីពី​ការចូលរួម​ការពារ​ក​ម្ម​សិទ្ធិ​បញ្ញា ស្លាក​សញ្ញា និមិត្តសញ្ញា​រូប​សត្វ​តំណាង ដែលជា​ទ្រព្យសម្បត្តិ​របស់ CAMSOC ដែល​មិនអាច​ឲ្យ​ជន​ណា ឬ​ក្រុម​ណាមួយ​អាច​យកទៅ​ប្រើប្រាស់ ដោយ​គ្មាន​ការអនុញ្ញាត​នោះឡើយ​។ សម្តេច​ប្រធាន CAMSOC ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​ឯកឧត្តម លោកជំទាវ ដែលជា​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដែលជា​អនុប្រធាន CAMSOC ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​ស្លាក​សញ្ញា និមិត្តសញ្ញា​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​ការរៀបចំ​ស៊ី​ហ្គេម​របស់​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដោយ​ភ្ជាប់​ជាមួយនឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ កម្ពុជា​ស្អាត និង​បដិសណ្ឋាកិច្ច​ល្អ កាត់បន្ថយ​គ្រឿងញៀន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​។​

​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធាន CAMSOC រួមមាន​៖ ទី​១ ចូលរួម​ថែរក្សា​ការពារ​កម្មសិទ្ធិបញ្ញា​ស្លាក​សញ្ញា និមិត្តសញ្ញា​។ ទី​២ សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន យក​ស្លាក​សញ្ញា និមិត្តសញ្ញា​ទៅ​រៀបចំ​បោះពុម្ពផ្សាយ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នូវ​ខ្លឹមសារ​នៃ​បាវចនា កីឡា​រស់ក្នុង​សន្តិភាព និង​ខ្លឹមសារ «​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ កម្ពុជា​ស្អាត និង​បដិសណ្ឋាកិច្ច​ល្អ កាត់បន្ថយ​គ្រឿងញៀន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​»​។ ទី​៣-​អាជ្ញាធរ​រាជធានី​-​ខេត្ត រៀបចំ​ធ្វើ​ស្លាក​ប៉ាណូ​ធំៗ​នូវ​ស្លាក​សញ្ញា និមិត្តសញ្ញា នៅតាម​សួន​សាធារណៈ​យ៉ាងហោចណាស់​ឲ្យ​បាន​មួយ ចាប់ពីពេលនេះ​តទៅ​។ ជាមួយគ្នា​នោះ សម្តេច​ប្រធាន​ក៏បាន​ឲ្យ​បោះពុម្ព​នូវ​ស្លាក​សញ្ញា​នៅ​កន្លែង​ហ្វឹកហាត់​នៃ​ក្រុម​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា ដើម្បី​ជំរុញ​ចិត្តសាស្ត្រ​កីឡា​របស់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​ឆ្ពោះទៅ​ដណ្តើម​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣​។​

​សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពីថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ តទៅ​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ មាន​ចំនួន​១០០០​ថ្ងៃ​គត់​។ រីឯ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ នឹង​រៀបចំ​ធ្វើ​បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣២ ប្រមាណ​២​សប្តាហ៍ ដែលមាន​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​
១០ ខែមិថុនា ឆ្នាំ​២០២៣៕ ​ដោយ​៖​កូ​ឡាប​

spot_img
×