Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមសេនីយ៍ឯក ស ថេត ដាក់បទបញ្ជា​ឲ្យ​ម្ចាស់​រថយន្ត Land Cruiser ជា​ថៅកែ​ហាង​សាច់​អាំង ហេង ហេង ដែល​បើកឡាន​ដេញ​បុក​រថយន្ត Prius ទាំង​កំរោល ឲ្យចូលខ្លួន​ដោះស្រាយ​

spot_img

​ភ្នំពេញ ៖ ករណី​ម្ចាស់​រថយន្ត Land Cruiser ជា​ថៅកែ​ហាង​សាច់​អាំង ហេង ហេង ដែល​បើកឡាន​ដេញ​បុក​រថយន្ត Prius ទាំង​កំរោល​នោះ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ករណី​រថយន្ដ Land Cruiser បើក​បុក​រថយន្ត Prius សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ចាត់ការ​ហើយ​។​

ឧត្ដមសេនីយ៍ឯក ស ថេត បាន​បញ្ជាក់ថា បើ​ម្ចាស់​រថយន្ត Land Cruiser មិន​ចូលខ្លួន​ដោះស្រាយ​ទេ សមត្ថកិច្ច​នឹង​ស្នើសុំ​តុលា​ការចេញ​ដីកា​តាម​ចាប់ខ្លួន​តែម្ដង ។ សង្ឃឹមថា សមត្ថកិច្ច​នឹង​នាំខ្លួន ញ៉ សុខ​ហេង មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ឆាប់ៗ​ជាក់​ជាពុំខាន ។​

​ម្ចាស់​រថយន្ត Land Cruiser ដែល​បើកឡាន​ដេញ​បុក​រថយន្ត Prius ទាំង​កំរោល​ដោយ​មិនដឹង​មូលហេតុ​នោះ គាត់​មានឈ្មោះ ញ៉ សុខ​ហេង និង​ជា​ថៅកែ​ហាង​សាច់​អាំង ហេង ហេង នៅ​ផ្លូវ ៥៩០ សង្កាត់​បឹងកក់ ២ ខណ្ឌ ទួលគោក ។

​ឡាន​ដែល​គាត់​បើក​បុក​គេ​នោះ​ជា​ឡាន​បង់​រលោះ របស់​ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី ។​

​សូមបញ្ជាក់ថា មាន​ករណី រថយន្ដ Land Cruiser ពណ៌​ស តាមរយៈ​កាមេរ៉ា​វីដេអូ​សុវត្ថិភាព ឃើញថា បាន​បើករថយន្ត​របស់ខ្លួន​បុក​ជាមួយ​រថយន្ត Prius មិនដឹង​មូលហេតុ ដោយ​បើក​បុក​ពីមុខ​មិន​អស់ ចិត្ត​ហើយ​នៅ​បត់​ឡាន​តាម​ដេញ​បុក​ពីក្រោយ​ថែមទៀត ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខណ្ឌទួលគោក ។

​តាមរយៈ​ផ្លាកលេខ​រថយន្ត Land Cruiser ដែល​បាន​បន្សល់ទុក​នៅ​កន្លែងកើតហេតុ 2AW-2099 ភ្នំពេញ ជា​របស់​ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី ផ្ទះ​លេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​ម្ចាស់​រថយន្ដ Prius ជា​អ្នករត់​តាក់ស៊ី​ពេល​រាត្រី ដែល​ត្រូវ​រថយន្ដ Land Cruiser ពាក់​ផ្លាកលេខ​ភ្នំពេញ 2AW-2099 ដេញ​បុក​ទាំង​កម្រោល​យ៉ាង​រន្ធត់​នោះ បានសម្រេច​ដាក់ពាក្យ បណ្ដឹង​ជា​ផ្លូវការ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ប្ដឹង​ពីបទ ប៉ុនប៉ង​ឃាតកម្ម និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ ជនរងគ្រោះ​ឈ្មោះ ផន សុភ័ក្ដ្រ បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​ឈ្មោះ ញ៉ សុខ​ហេង មាន​ទីលំនៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៥៩០ ភូមិ​១០ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយ​បើករថយន្ដ​ដេញ​បុក​របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្នុង​ពាក្យបណ្ដឹង​ក្រៅពី​សុំ​ឲ្យ​សមត្ថកិច្ច​អនុវត្តតាម​ផ្លូវច្បាប់​ហើយ​នោះ ជនរងគ្រោះ ផន សុភ័ក្ដ្រ បាន​សំណូមពរ​ទាមទារ​សំណង​ខូចខាត​រថយន្ដ ចំនួន​១២.០០០​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត ចំនួន​៣០.០០០​ដុល្លារ​។​

​បុរស​អ្នករត់​តាក់ស៊ី​ម្នាក់ បាន​បញ្ចេញ​វីដេអូ​បើករថយន្ដ​ដេញ​បុក​ទាំង​កំរោល ពី​សំណាក់​បុរស​ម្នាក់​នៅ​ខណ្ឌទួលគោក បណ្ដាល​ឲ្យ​រថយន្ដ​របស់ខ្លួន រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​កាលពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ អស់​រយៈពេល​ជាង​១០​ថ្ងៃ​មកហើយ ជនបង្ក​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ ទទួលខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​នោះទេ​។​

​លោក ផន សុភ័ក្ត្រ ដែល​ជនរងគ្រោះ​បាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​នេះ​ថា កាលពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​រំលងអធ្រាត្រ លោក​ត្រូវបាន​នារី​ម្នាក់​ហៅ​ទៅ​ដឹក​នៅក្បែរ​ហាង​សាច់គោ​អាំង ហេង​ហេង​។ ពេល​លោក​បើក​ទៅដល់​ក្បែរ​ហាង​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ដើម្បី​រង់ចាំ​ពី​នារី​ម្នាក់​នោះ ក៏ត្រូវ​បាន​នាង​ប្រាប់ថា ចេញ​មិន​រួច​ដោយ​ត្រូវបាន​គេ​ចាក់សោ​ជាប់ ហើយ​លោក​ក៏​រៀបចំ​បើករថយន្ដ​ចេញ​។ ប៉ុន្ដែ​ភ្លាមៗ​នោះ​ស្រាប់តែ​អ្នកបើករថយន្ដ Land Cruiser មក​បុក​ចំ​ពីមុខ​លាន់​យ៉ាងខ្លាំង​។ ភ្លាមនោះ​លោក​បាន​បើករថយន្ដ​រត់ ប៉ុន្ដែ​ត្រូវ​ជនបង្ក​បើក​ដេញតាម​ទៅបុក​មួយតង់​ទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ រហូត​រថយន្ដ​បង្ក​ជ្រុះ​ផ្លាកលេខ​នៅ​កន្លែងកើតហេតុ​ទៀតផង​។​

​តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​ជនរងគ្រោះ​បង្ហាញ​ឃើញថា ខណៈដែល​ជនរងគ្រោះ​កំពុង​ឈប់​រថយន្ដ ស្រាប់តែ​រថយន្ដ Land Cruiser មក​បុក​ចំ​ពីមុខ​យ៉ាងខ្លាំង​អូស​ប៉ុន្មាន​ម៉ែត្រ រួច​អ្នកបើករថយន្ដ Prius បាន​បើក​គេច តែ​ត្រូវ​រថយន្ដ Land Cruiser បើក​ដេញតាម​ទៅបុក​នៅ​គោលដៅ​ទី​២ មុននឹង​បើក​គេចខ្លួន​តែម្ដង​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×