Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​ហុងកុង Carrie Lam និង​មន្ត្រី ១០​នាក់​ទៀត​

spot_img

​រដ្ឋាភិបាល​អា​មេ​រិច បានធ្វើការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មេដឹកនាំ​ហុងកុង គឺ​អ្នកស្រី Carrie Lam និង​មន្ត្រីជាន់ខ្ពស់​ហុងកុង និង​ចិន​ចំនួន ១០​នាក់​ផ្សេងទៀត ដែល​ទណ្ឌ​កម្មនេះ​ជាការ​ឆ្លើយតប​ទៅនឹង​ការបង្ក្រាប​លើ​សេរីភាព​ក្នុងការ​និយាយស្តី និង​នយោបាយ​នៅក្នុង​ទីក្រុង​។ នេះ​បើតាម​ក្រសួង​រតនាគារ​អា​មេ​រិច​។​

​ក្រៅពី​ដាក់ទណ្ឌកម្ម​លើ​អ្នកស្រី Carrie Lam វិធានការ​នោះ​ក៏បាន​ចាត់ការ​លើ​មេបញ្ជាការ​ប៉ូល​សិស​ហុងកុង​ឈ្មោះ Chris Tang និង​អតីត​មេប៉ូលីស Stephen Lo ព្រមទាំង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ Stephen Lo និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Teresa Cheng​។​

​មន្ត្រីជាន់ខ្ពស់​ផ្សេងៗ​ទៀត​ដែល​រង​ទណ្ឌកម្ម មានដូចជា មន្ត្រីជាន់ខ្ពស់​ចិន​ប្រចាំ​ទីក្រុង​ហុងកុង Luo Huining និង Xia Baolong ប្រធានការិយាល័យ​កិច្ចការ​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​។​

​ក្រសួង​រតនាគារ​អា​មេ​រិច​និយាយថា ការដាក់​ច្បាប់​សន្តិសុខ​របស់​ក្រុង​ប៉េកាំង បាន​បំផ្លាញ​ដល់​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។​

​ក្រសួង​នេះ​និយាយថា “Carrie Lam គឺជា​ប្រធាន​ប្រតិបត្តិ​ដែលមាន​ទំនួល​ខុសត្រូវ ដោយផ្ទាល់​ក្នុងការ​អនុវត្ត​គោលនយោបាយ បង្ក្រាប​សេរីភាព និង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​”​។​

​ទណ្ឌកម្ម​នោះ នឹងធ្វើ​ការបង្ក​ករាល់​ទ្រព្យសម្បតិ្ត​ទាំងអស់ របស់​ពួកគេ​នៅ​អា​មេ​រិច និង​ហាមប្រាម​ជនជាតិ​អា​មេ​រិច​ទាំងអស់ ពី​ការធ្វើ​ជំនួញ​ជាមួយ​ពួកគេ​។​

​នៅក្នុង​សេចក្តីប្រកាស​ដាច់ដោយឡែក រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​និយាយថា “​វិធានការ​នោះបាន​ផ្ញើ​សារ​យ៉ាងច្បាស់​ថា សកម្មភាព​របស់​អាជ្ញា​ធរ​ហុងកុង​មិនអាច​ទទួលយក​បានឡើយ និង​រំលោភ​ទៅលើ​ការប្តេជ្ញាចិត្ត​អនុវត្ត ប្រទេសមួយ ប្រព័ន្ធ​ពីរ​របស់​ចិន​”​។​

​លោក​ថ្លែង​ទៀត​ក្នុង Twitter ដូច្នេះ​ថា “​ពួកយើង​នឹងមិន​ឈរ​នៅ​ស្ងៀម​ទេ ខណៈដែល​ប្រជាជន​ហុងកុង រង​ការគាបសង្កត់​ដោយ​កណ្តាប់ដៃ បក្សកុម្មុយនិស្ត​ចិន ឬក៏​អ្នកមាន​ឥទ្ធិពល​”​។​

​សូម​រលឹក​ថា ចិន​បាន​ដាក់ចេញ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង​កាលពី​ខែមិថុនា បន្ទាប់ពី​មាន​បាតុកម្ម​ទ្រ​ង​ទ្រាយ​ធំ​កាលពី​ឆ្នាំមុន​។​

​ច្បាប់​នោះ ត្រូវបាន​គេ​មើលឃើញថា វា​នឹង​បំផ្លាញ​ដល់​សិទ្ធិសេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×